លោក វូ ហុង ថាញ់ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជាតិ បានបញ្ជាក់ថា អាកាសយានដ្ឋានមួយនេះ គឺជាគម្រោងដ៏ធំសម្បើម ដែលផ្សាភ្ជាប់ជាមួយ ផលប្រយោជន៍ជាតិ ការការពារ និងសន្តិសុខជាតិទាំងមូល ដូច្នេះហើយ វាពិតជាសំខាន់ណាស់ សម្រាប់រដ្ឋាភិបាលវៀតណាម ក្នុងការជ្រើសរើស ដៃគូអភិវឌ្ឍន៍ ឲ្យបានត្រឹមត្រូវ ហើយនឹងគោរពទៅតាមច្បាប់។
ទំហំទឹកប្រាក់វិនិយោគសរុបសម្រាប់ គម្រោងនេះ គឺមិនអាចលើសពី ១៦ពាន់លានដុល្លារអាមេរិក ដូចដែលបានសម្រេចកាលពីឆ្នាំ ២០១៥កន្លងទៅនោះទេ ហើយសម្រាប់ដំណាក់កាលទី១នេះ នឹងមានការសាងសង់ផ្លូវរត់ ស្ថានីយអ្នកដំណើរ និងជាច្រើនផ្នែកផ្សេងៗទៀត ដើម្បីបម្រើដល់ អតិថិជន ២៥លាននាក់ និងដឹកទំនិញ ១,២ លានតោន ជារៀងរាល់ឆ្នាំ ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២១ និងបញ្ចប់ក្នុងឆ្នាំ ២០២៥។
សេចក្តីសម្រេចអនុម័តនេះ មានន័យថា រដ្ឋាភិបាលវៀតណាម អាចជ្រើសរើស អ្នកវិនិយោគ សម្រាប់គម្រោងនេះ ក៏ប៉ុន្តែ រដ្ឋសភាជាតិវៀតណាម បានទាមទារឲ្យ អ្នកវិនិយោគនោះ ប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួន ហើយរដ្ឋាភិបាល មិនធានាថា នឹងផ្តល់ឥណទាន សម្រាប់គម្រោងនេះទេ។
គួរបញ្ជាក់ រដ្ឋាភិបាលវៀតណាម ធ្លាប់បានបង្ហាញពី ចំណាប់អារម្មណ៍ចំពោះ សាជីវកម្មអាកាសយានដ្ឋានវៀតណាម ហៅកាត់ថា ACV ដែលអាចនឹងមានលទ្ធភាពវិនិយោគទៅលើគម្រោងនេះ។
ទោះយ៉ាងណាមិញ សម្រាប់ដំណាក់កាលដំបូង នៃគម្រោងអាកាសយានដ្ឋាន ឡុង ថាញ់ នេះគឺ សាជីវកម្ម ACV អាចប្រមូលបានប្រមាណ ៤ពាន់ ៧រយលានដុល្លារអាមេរិកប៉ុណ្ណោះ នៅសល់ប្រមាណ ១១ពាន់លានដុល្លារអាមេរិកទៀត មិនទាន់ដឹងច្បាស់ថារកបានមកពីណា។
ជាការពិតណាស់ គម្រោងអាកាសយានដ្ឋានមួយនេះ ត្រូវបានរដ្ឋសភាជាតិវៀតណាម អនុម័តតាំងពី ៤ឆ្នាំមុន ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២០ខាងមុខ ហើយបញ្ហាទឹកប្រាក់វិនិយោគ នៅតែជាសំណួរ ដែលគេចោទសួរថា អាចទៅរួចដែរឬទេ៕