នាយកដ្ឋានការងារនៅបរទេសរបស់វៀតណាម បានគូសបញ្ជាក់ថា អំឡុងពេល ៩ខែដើមឆ្នាំ ២០២០នេះ ចំនួនពលករវៀតណាម ដែលធ្វើចំណាកស្រុកទៅធ្វើការនៅបរទេសនោះ បានធ្លាក់ចុះប្រមាណ ៥៩% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺមានប្រមាណជាង ៤ម៉ឺននាក់ប៉ុណ្ណោះ។
ប្រទេសជប៉ុន ដែលជាទីផ្សារបរទេសធំជាងគេបំផុត សម្រាប់ពលករវៀតណាម ក៏បានរកឃើញដូចគ្នាដែរថា កម្លាំងពលកម្មថ្មីៗ បានធ្លាក់ចុះប្រមាណ ៤៩% ដែរ។
តួលេខនៃការធ្លាក់ចុះនេះ ពិតជាបានបង្ហាញពី ភាពលំបាកសម្រាប់ក្រុមហ៊ុនវៀតណាម ដែលនាំចេញកម្លាំងពលកម្មទៅក្រៅប្រទេសក្នុងឆ្នាំនេះ។
បើតាមប្រធានក្រុមហ៊ុន វៀត ថាង ខប នាំចេញពលករទៅធ្វើការនៅក្រៅប្រទេស បានលើកឡើងថា កាលពីខែកញ្ញា ក្រុមហ៊ុនរបស់លោក នាំចេញពលករទៅកាន់ប្រទេសជប៉ុនបានមិនដល់ ១០០នាក់នោះទេ ធ្លាក់ចុះដល់ទៅ ៩០% ធៀបនឹងខែកញ្ញា ឆ្នាំមុន ជាក់ស្តែងពួកគេ គួរតែត្រូវបានចាកចេញពីវៀតណាម ជាយូរមកហើយ ប៉ុន្តែដោយសារតែវិបត្តិកូវីដ-១៩ បានធ្វើឲ្យស្ថានការណ៍សេដ្ឋកិច្ចក្នុងប្រទេសជាច្រើនកាន់តែលំបាក និងទីផ្សារការងារត្រូវបានកាត់បន្ថយ។
ទោះបីជា ប្រទេសជប៉ុន នៅតែមានតម្រូវការនាំចូលកម្លាំងពលកម្មខ្ពស់ក៏ដោយ ដំណើរការនៃការត្រួតពិនិត្យសុខភាព ដើម្បីទទួលបានលិខិតបញ្ជាក់សុខភាព គឺចំណាយពេលច្រើន ហើយសំបុត្រយន្តហោះ ក៏មានតម្លៃថ្លៃជាងមុន ដែលជាឧបសគ្គនៃការទាញយកកម្លាំងពលកម្មពីក្រៅប្រទេស។
សូមជម្រាបដែរថា កាលពីឆ្នាំ ២០១៩កន្លងទៅ ពលករវៀតណាមជាង ១៤ម៉ឺននាក់ បានចាកចេញទៅធ្វើការនៅក្រៅប្រទេស កើនឡើងជាង ៣% ធៀបនឹងឆ្នាំ ២០១៨៕