ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចទៅតាមផែនការដែលបានកំណត់ទុកនេះ នៅក្នុងត្រីមាសទី៣ វៀតណាមត្រូវតែធ្វើយ៉ាងណាសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច ៩% និងត្រីមាសទី៤ ត្រូវសម្រេចបានកំណើន ៦,៣% ទើបអាចសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ ៧% នៅឆ្នាំ២០២២នេះ។ នេះបើតាមការអះអាងរបស់លោក ង្វៀន ឈីដុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម។
លោក ឈីដុង បន្ថែមថា កញ្ចប់ថវិកាសម្រេចបានអតិរេក បានផ្ដល់វិសាលភាពសម្រាប់គោលនយោបាយសារពើពន្ធ ដើម្បីប្រើប្រាស់សម្រាប់គាំទ្រដល់អាជីវកម្ម និងជីវភាពប្រជាពលរដ្ឋ។ លោកបន្ថែមថា ស្ថាប័នផ្ដល់កម្ចី នាពេលខាងមុខនឹងត្រូវការកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ពួកគេ ដើម្បីកាត់បន្ថយសម្ពាធថ្លៃដើម សម្រាប់អាជីវកម្ម និងសេដ្ឋកិច្ចផងដែរ។
វៀតណាម គឺជាមជ្ឈមណ្ឌលសម្រាប់វិស័យកម្មន្ដសាលមួយនៅក្នុងតំបន់នោះ បានចាប់ផ្ដើមដកចេញនូវវិធានការបិទខ្ទប់ពាក់ព័ន្ធនឹងកូវីដ១៩ តាំងពីចុងឆ្នាំមុនមកម្ល៉េះ ហើយបានបើកឱកាសឲ្យរោងចក្រមានដំណើរការប្រតិបត្តិការពេញលេញឡើងវិញ។ សេដ្ឋកិច្ចវៀតណាម កាលពីឆ្នាំមុនសម្រេចបានកំណើនត្រឹមតែជាង ២,៥% ប៉ុណ្ណោះ ដែលជាកំណើនមួយទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
យ៉ាងណាមិញ នៅត្រីមាសទី២នៅឆ្នាំ២០២២ សេដ្ឋកិច្ចវៀតណាម សម្រេចបានកំណើនជាង៧,៧% ឯណោះជាកំណើនមួយខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ កំណើននៅត្រីមាសទី២នេះ ត្រូវបានជំរុញដោយកំណើនរឹងមាំនៃការនាំចេញ ប៉ុន្ដែ ក៏មានការព្រមានពាក់ព័ន្ធនឹងសម្ពាធអតិផរណាដែលអាចកើនឡើងនៅឆមាសទី២នៅឆ្នាំនេះផងដែរ គួបផ្សំដែលបច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈនៅវៀតណាមក៏កំពុងកើនកាន់តែខ្ពស់ជាបន្ដបន្ទាប់៕