ធនាគារជាច្រើនបានដំឡើងអត្រាការប្រាក់លើបញ្ញើសន្សំចន្លោះពី០,២% ទៅ០,៣% ក្នុងមួយឆ្នាំចាប់តាំងពីដើមខែឧសភានេះ ដើម្បីទាក់ទាញអ្នកដាក់ប្រាក់បញ្ញើ ស្របពេលដែលចំនួនប្រាក់សន្សំនៅក្នុងប្រព័ន្ធធនាគាររបស់វៀតណាម បានធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មាន បន្ទាប់ពីការកើនឡើង២៥ខែជាប់ៗគ្នា។
យោងតាមទិន្នន័យចុងក្រោយរបស់ធនាគារកណ្ដាលវៀតណាម គិតត្រឹមដំណាច់ខែមករា ដើមឆ្នាំ២០២៤ ប្រាក់បញ្ញើរបស់អតិថិជនជាបុគ្គលបានធ្លាក់ចុះ០,៥៣% បើធៀបនឹងដំណាច់ឆ្នាំ២០២៣ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនជាក្រុមហ៊ុនសាជីវកម្មក៏បានធ្លាក់ចុះ២,៤១%ផងដែរ។
ទិន្នន័យពីការិយាល័យស្ថិតិទូទៅក៏បង្ហាញដែរថា ប្រាក់បញ្ញើធនាគារនៅក្នុងប្រទេសវៀតណាម គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ បានថយចុះ០,៧៦% បើធៀបនឹងដើមឆ្នាំនេះ តែទំហំប្រាក់បញ្ញើធនាគារនេះ មានការកើនឡើងជិត១,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ង្វៀន ឌុក ដូ (Nguyen Duc Do) នាយករងវិទ្យាស្ថានសេដ្ឋកិច្ចហិរញ្ញវត្ថុនៃបណ្ឌិត្យសភាហិរញ្ញវត្ថុវៀតណាម បានលើកឡើងថា ការដំឡើងអត្រាការប្រាក់លើបញ្ញើសន្សំនេះអាចបណ្ដាលមកពីតម្រូវការឥណទានកើនឡើង។
ធនាគារកណ្ដាលវៀតណាម បានបែងចែកកូតាឥណទានទាំងអស់សម្រាប់បណ្ដាធនាគារពាណិជ្ជចាប់ពីដើមឆ្នាំមក ដូចនេះធនាគារនានាត្រូវតែដំឡើងអត្រាការប្រាក់លើបញ្ញើសន្សំបន្ថែមទៀត ដើម្បីបំពេញតម្រូវការដើមទុននៃអាជីវកម្ម ផលិតកម្ម និងការប្រើប្រាស់៕
ដោយ: តែម សុខុម