យោងតាមអាជ្ញាធរបានឱ្យដឹងថា ទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួច ដែលធ្វើដំណើរចូលទៅកាន់កោះភូកុក ឬកោះត្រល់ គឺមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ ប៉ុន្តែពួកគេតម្រូវឱ្យដើរកម្សាន្តលេងតែនៅក្នុងរមណីយដ្ឋានវីនភៀល (Vinpearl) លើកោះនេះតែប៉ុណ្ណោះ ហើយត្រូវធ្វើតេស្តពីរដងក្នុងអំឡុងពេលដំណើររបស់ពួកគេ។
លោក Nguyen Trung Khanh ប្រធានរដ្ឋបាលទេសចរណ៍វៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នេះគឺជាជំហានដំបូង និងសំខាន់ក្នុងការធ្វើឱ្យវិស័យទេសចរណ៍របស់វៀតណាមរស់ឡើងវិញ និង ដើម្បីរៀបចំសម្រាប់ការដំណើរការឡើងវិញពេញលេញនៅឆ្នាំក្រោយ ។
យ៉ាងណាមិញ អាជ្ញាធរកោះភូកុក ក៏រំពឹងដែរថា នឹងទទួលបានភ្ញៀវទេសចរជាតិ និង អន្តរជាតិ ៤០ ម៉ឺននាក់នៅចុងឆ្នាំនេះ ខណៈគោលដៅទេសចរណ៍របស់វៀតណាមផ្សេងទៀត ដូចជាតំបន់បេតិកភណ្ឌពិភពលោក ហូយ អាន (Hoi An) និងឆ្នេរ សមុទ្រដាណាង (Danang) ក៏កំពុងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិក្នុងការត្រឡប់មកវិញផងដែរ។
សូមរំឭកថា វៀតណាមបានដាក់ការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរឹង ចាប់តាំងពីមានការរាលដាលជំងឺកូវីដ១៩ ប៉ុន្តែវានៅតែបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសនេះយ៉ាងខ្លាំង ខណៈដែលចំណូលបានពីវិស័យទេសចរណ៍របស់វៀតណាមមានប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុប។
ទន្ទឹមនេះ ការមកដល់របស់ទេសចរបរទេសមកកាន់ប្រទេសវៀតណាមបានធ្លាក់ចុះពី ១៨ លាននាក់ក្នុងឆ្នាំ ២០១៩ ជាមួយប្រាក់ចំណូលជាង ៣០ ពាន់លានដុល្លារ មកនូវត្រឹមតែជិត ៤ លាននាក់ប៉ុណ្ណោះកាលពីឆ្នាំ២០២០៕
អត្ថបទ៖ ស៊ើង និមល់