ចំណូលនៃទីផ្សារលក់រាយរបស់វៀតណាមបានកើនឡើងដល់ប្រមាណជិត២២០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ ហើយវានឹងមានការបំបែកនូវអត្រាកំណើន ៩ ទៅ ៩,៥ ភាគរយ នៅក្នុងឆ្នាំ២០២១-២០២៥។ នេះបើតាមការវិភាគមួយ របស់ក្រុមអ្នកវិភាគឈ្មួញជើងសារភាគហ៊ុន VNDirect ដែលបានបង្ហាញនៅក្នុងរបាយការណ៍មួយ ដោយបានបញ្ជាក់ថា ត្រូវបានព្យាករកំណើនដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។
របាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា រយៈពេលនៃការរក្សានូវគម្លាតសង្គម (Social Distancing) នៅទូទាំងប្រទេសវៀតណាម គឺមានរយៈពេលត្រឹមតែ២២ថ្ងៃប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថា គឺមានរយៈពេលខ្លីជាងបណ្ដាប្រទេសមួយចំនួនទៀត ហើយនេះ បានកាត់បន្ថយសម្ពាធលើកំណើននៃការប្រើប្រាស់នៅក្នុងស្រុក។
ទំនុកចិត្តអ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាមបានធ្លាក់ចុះត្រឹមតែប្រមាណ ៥%ប៉ុណ្ណោះ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបើធៀបនឹងប្រទេសដូចជា សិង្ហបុរីបានធ្លាក់ចុះ ២៦% និងឥណ្ឌូនេស៊ីធ្លាក់ចុះ ១៩%។ នេះបើតាមតួលេខបង្ហាញដោយ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Nielsen។
VNDirect ព្យាករថា នៅឆ្នាំ២០២១ កំណើនចំណូលនៃវិស័យលក់រាយ និងសេវាកម្មរបស់វៀតណាមនឹងកើនឡើង ៨,៥% ទៅ ៩% ធៀបនឹងឆ្នាំ២០២០ មានតែ២,៦% ប៉ុណ្ណោះ។
របាយការណ៍ បានឲ្យដឹងទៀតថា កំណើននេះ នឹងត្រូវបានសម្រេចបានដោយវិស័យមួយចំនួន ដោយក្នុងចំណោមនោះ មានការពង្រីកវិសាលភាពនៃអ្នកលក់រាយធំៗ ដូចជាអ្នកលក់គ្រឿងអេឡិចត្រូនិក ដូចជាហាង Mobile World និងហាងលក់គ្រឿងអលង្ការ Phu Nhuan Jewelry ជាដើម។
អាជីវកម្ម Mobile World បានបង្កើនចំណែកនៃការប្រើប្រាស់ គ្រឿងអេឡិចត្រូនិក ពី ៣៩% ទៅដល់៤២% នៅក្នុងរយៈពេល៦ខែដំបូងនៅឆ្នាំ២០២០។ រីឯ ក្រុមហ៊ុន Phu Nhuan Jewelry បានពង្រីកចំណែកទីផ្សាររបស់ខ្លួនពី ២៣% នៅក្នុងមាសទី១ ទៅដល់ជិត៣៦% នៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២០។
កំណើនវិស័យសំខាន់ៗផ្សេងទៀត គឺជាការពង្រីកខ្លួននៃការលក់រាយរបស់ហាងយីហោពីបរទេស។ តួយ៉ាង ហាងលក់រាយរបស់ជប៉ុន Muji នៅឆ្នាំ២០២០ បានបើកសាខាដំបូងនៅវៀតណាម ហើយក៏ជាសាខាធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ។
ក្រុមហ៊ុនជប៉ុនមួយទៀត ដែលមានលក់ផលិតផលឱសថ និងគ្រឿងសម្អាង Matsumoto Kiyoshi ក៏បានបើកសាខាដំបូងនៅក្នុងទីក្រុងហូជីមិញ ខណៈដែលហាងម៉ាកម៉ូដល្បី Uniqlo ក៏បានបើកសាខាថ្មីមួយចំនួននៅទីក្រុងហាណូយ និងហូជីមិញផងដែរ។
ការជួលបែបពាណិជ្ជកម្មនៅក្នុងទីក្រុងហាណូយ និងហូជីមិញ កំពុងស្ថិតនៅក្នុងតម្លៃជួលទាបជាងគេបំផុត នៅក្នុងទីក្រុងនៃបណ្ដាប្រទេសអាស៊ាន ហើយនេះមានន័យថា នៅពេលដែលកូវីដ-១៩ ត្រូវបានគ្រប់គ្រងបាន ប្រាក់ចំណូល និងចំណេញ នៃការលក់រាយក្រុមហ៊ុនអចលនទ្រព្យនឹងមានការស្ទុះងើបឡើងវិញ ដូចទៅនឹងកម្រិតមុនពេលមានកូវីដ-១៩ដែរ ហើយវាក៏នឹងបន្ដកំណើនរឹងមាំនៅពេលខាងមុខថែមទៀតផង៕