ទូរស័ព្ទស្មាតហ្វូន ម៉ូដែល Vsmart នឹងត្រូវចែកចាយនៅក្នុងប្រទេសរុស្ស៊ីដោយក្រុមហ៊ុន TFN Trading ដែលជាអ្នកចែកចាយលក់ដុំឧបករណ៍ចល័តនៅអឺរ៉ុបកណ្តាលនិងខាងកើត ដែលមានទីស្នាក់ការនៅប្រទេសឡាត់វី។
ម៉ូដែលទូរស័ព្ទទាំងនោះ គឺ Vsmart Bee, Vsmart Star, Vsmart Joy2 + និង Vsmart Live ដែលសុទ្ធសឹងតែប្រើប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ថ្មី។
លោក Sergey Sadkov ប្រធានផ្នែកលក់នៅក្រុមហ៊ុន VinSmart ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup មានប្រសាសន៍ថា ៖ “ការដាក់លក់ទូរស័ព្ទ Vsmart ថ្មីនេះ គ្រាន់តែជាការចាប់ផ្តើមនៃផែនការរបស់ក្រុមហ៊ុនដើម្បីនាំចេញឧបករណ៍បច្ចេកវិទ្យាទំនើបនិងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត ទៅលក់និងចែកចាយនៅក្នុងទីផ្សាររុស្ស៊ី"។
លោក Yulia Klebanova អនុប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Qualcomm ប្រចាំអឺរ៉ុប បានមានប្រសាសន៍ថា ក្រុមហ៊ុន VinSmart ក៏គ្រោងនឹងដាក់ចេញនូវឧបករណ៍ជាច្រើនដែលគាំទ្របណ្ដាញ 5G ដែលត្រូវបានកំណត់ដោយនិយ័តកររុស្ស៊ី នាពេលអនាគត ផងដែរ។
ក្រុមហ៊ុន Qualcomm អឺរ៉ុប គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងតំបន់របស់ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ពហុជាតិរបស់អាមេរិក គឺក្រុមហ៊ុន Qualcomm Incorporated ហើយកំពុងធ្វើការជាមួយ VinSmart ដើម្បីអភិវឌ្ឍស្មាតហ្វូន ដែលប្រើជាមួយបណ្ដាញ 5G។
ប្រទេសរុស្ស៊ី គឺជាប្រទេសទីបីបន្ទាប់ពីប្រទេសអេស្ប៉ាញ និងមីយ៉ាន់ម៉ា ដែលទូរស័ព្ទ VinSmart ត្រូវបាននាំចេញទៅលក់។ ក្រុមហ៊ុនបានប្រកាសកាលពីខែឧសភា ថា ខ្លួនមានផែនការនាំចេញទូរស័ព្ទស្មាតហ្វូត ទៅលក់ដល់ប្រទេសឥណ្ឌា ថៃ ឡាវ និងកម្ពុជា នៅឆ្នាំនេះ។
VinSmart ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Vingroup កាលពីខែមិថុនា ហើយបានផលិតស្មាតហ្វូនដំបូងរបស់ខ្លួនត្រឹមតែ៦ខែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុននេះបានផលិតទូរស័ព្ទស្មាតហ្វូន បានចំនួន ៨ ម៉ូដែលហើយ៕