វៀតណាមបានដាក់គោលដៅ នឹងកាត់បន្ថយកម្រិតបំណុលសាធារណៈរបស់ខ្លួនឲ្យបាន ៣,៤% នៅឆ្នាំ២០២២ខាងមុខ ពោលគឺនឹងរក្សាកម្រិតបំណុលសាធារណៈឲ្យមាននៅត្រឹម៥២,៧% ប៉ុណ្ណោះ នៃ ផលិតផលក្នុងស្រុកសរុបនៅរយៈពេល៣ឆ្នាំខាងមុខ។ នេះបើតាមការបញ្ជាក់ អះអាងពីក្រសួងហិរញ្ញវត្ថុវៀតណាម។
បច្ចុប្បន្ន កម្រិតបំណុលសាធារណៈរបស់វៀតណាម មាន៥៦,១% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំនេះ ហើយនៅឆ្នាំ២០២០ រដ្ឋាភិបាលប្រទេសនេះ គ្រោងនឹងកាត់បន្ថយកឲ្យមកនៅត្រឹម៥៤,៣% និងបន្ថយឲ្យនូវត្រឹម៥២,៧% នៅត្រឹមឆ្នាំ២០២២ខាងមុខ។
គោលដៅកាត់បន្ថយកម្រិតបំណុលសាធារណៈរបស់វៀតណាម ត្រូវបានកំណត់នៅក្នុងបរិការណ៍នៃកំណើនសេដ្ឋកិច្ច ត្រូវបានទ្រទ្រង់ក្នុងអត្រា ៦,៨% ក្នុងមួយឆ្នាំ នាអំឡុងពេលបីឆ្នាំគឺ ឆ្នាំ ២០២០ ដល់ឆ្នាំ២០២២។
រដ្ឋាភិបាលវៀតណាម ក៏រំពឹងទុកពីប្រាក់ចំណូលនៅក្នុងឆ្នាំ២០២០ -២០២២ ប្រមាណជាង ២១០ ពាន់លានដុល្លារអាមេរិក និងការចំណាយប្រមាណ២២៥ ពាន់លានដុល្លារ ជាមួយនឹងការបង្កើនការបែងចែកសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍។
សម្រាប់ឆ្នាំក្រោយប្រាក់ចំណូលវៀតណាមត្រូវបានកំណត់បង្កើន ខ្ពស់ជាង ឆ្នាំនេះ ៣,៨% ដោយឆ្នាំនេះ ចំណូលប៉ាន់ប្រមាណ មានជាង ៦៤ពាន់លានដុល្លារអាមេរិក។
ឱនភាពកញ្ចប់ថវិការបស់វៀតណាម នៅឆ្នាំក្រោយ រំពឹងថា មាន៣,៤៤% នៃផលិតផលក្នុងស្រុកសរុប ដែលមានតម្លៃជាទឹកប្រាក់ប្រមណ ១០ ពាន់លានដុល្លារអាមេរិក។
យ៉ាងណាក៏ដោយចុះ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាម ក៏បានចេញរបាយការណ៍មួយអំពីបំណុលនេះដែរ ដោយបានលើកឡើងថា ប្រទេសវៀតណាម មានគោលដៅ នឹងខ្ចីបំណុលប្រមាណ ជាង ២១ ពាន់លានដុល្លារអាមេរិក នៅឆ្នាំក្រោយ ដើម្បីធ្វើការសងបំណុលដែលកំពុងមានស្រាប់ និងដើម្បីគ្រប់គ្រងទៅលើឱនភាពកញ្ចប់ថវិកា ។
របាយការណ៍រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានពឹងផ្អែកខ្លាំងទៅលើប្រាក់កម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយមានអត្រាការប្រាក់អនុគ្រោះ ប៉ុន្ដែ អ្នកផ្ដល់កម្ចី កំពុងបង្កើនអត្រាការប្រាក់ខ្ពស់ ដែលវាកំពុងបង្កើននូវបន្ទុកបំណុលសម្រាប់រដ្ឋាភិបាលវៀតណាមផងដែរ។
សូមបញ្ជាក់ដែរថា បើមើលទៅលើរបាយការណ៍ បានឲ្យដឹងថាកម្រិតបំណុលសាធារណៈរបស់វៀតណាម បានចាប់ផ្ដើមធ្លាក់ចុះមកតិចជាងមុន ចាប់តាំងពីឆ្នាំ២០១៦មក ដោយក្នុងនោះ ឆ្នាំ២០១៦កម្រិតបំណុលសាធារណៈវៀតណាម មានរហូតដល់ ៦៣,៧% តែនៅឆ្នាំ២០១៩នេះ បានធ្លាក់មកនៅត្រឹម៥៦,១% ប៉ុណ្ណោះ៕