រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងថា ក្នុងអំឡុងពេល ៤ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនមេរបស់ Facebook បានបង់ពន្ធជិត ៧៤លានដុល្លារ, ក្រុមហ៊ុន Google បង់ពន្ធជាង ៧០លានដុល្លារ និង Microsoft បង់ពន្ធជាង ២៥លានដុល្លារ។
ជាមួយគ្នានេះ អាជ្ញាធរវៀតណាមបាននឹងកំពុងអំពាវនាវឱ្យមានការយកពន្ធឲ្យបានត្រឹមត្រូវបន្ថែមទៀត ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗដូចជា Facebook និង Googleជាដើម ដ្បិតថាក្រុមហ៊ុនទាំងនេះមានចំណែកប្រហែល ៧០% នៃទីផ្សារផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ប៉ុន្តែក្រុមហ៊ុនទាំងនេះក៏បានប្រើមធ្យោបាយផ្សេងគ្នា ដើម្បីគេចវេសពីការបង់ពន្ធផងដែរ។ ជាក់ស្ដែង អគ្គនាយកដ្ឋានពន្ធដារវៀតណាមបាននិយាយកាលពីពេលកន្លងទៅថា Facebook, Google, Netflix, YouTube មិនបានបំពេញកាតព្វកិច្ចពន្ធរបស់ពួកគេត្រឹមត្រូវនៅក្នុងប្រទេសវៀតណាមនោះទេ។
ក្រៅតែពីការយកពន្ធពីក្រុមហ៊ុនយក្សៗពីបរទេសហើយនោះ ប្រទេសវៀតណាមក៏កំពុងសម្លឹងមើលការយកពន្ធលើអ្នកលក់ទំនិញតាមអនឡាញផងដែរ ទាំងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម ដោយហេតុថា ការលក់តាមអេឡិចត្រូនិកបានកើនឡើងទ្វេដងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រទេសវៀតណាមក៏ត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល លូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ខណៈនៅឆ្នាំ ២០២៥ សេដ្ឋកិច្ចឌីជីថលទាំងមូលរបស់ប្រទេសនេះ ទំនងជានឹងឈានដល់តម្លៃ ៥៧ ពាន់លានដុល្លារជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ជិត៣០% ហើយនៅឆ្នាំ ២០៣០ សេដ្ឋកិច្ចអ៊ីនធឺណិតរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងជាប់ចំណាត់ថ្នាក់ទី ២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានតម្លៃជាង២២០ពាន់លានដុល្លារ៕
អត្ថបទ ស៊ើង និមល់