វៀតណាមរំពឹងថានៅឆ្នាំនេះ នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០លានដូស ដោយក្នុងនោះរួមបញ្ចូលទាំង៣០លានដូសស្ថិតក្រោមយន្ដការកូវ៉ាក់របស់អង្គការសុខភាពពិភពលោកផងដែរ និងមានប្រមាណជាង២០ម៉ឺនដូស ដែលជាវ៉ាក់សាំង AstraZeneca ពីអង់គ្លេសនឹងដឹកមកដល់វៀតណាមនៅថ្ងៃទី ២៨ខែកុម្ភៈនេះ។
កាសែតក្នុងស្រុកវៀតណាមបានផ្សាយដែរថា ការចាក់វ៉ាក់សាំងដំបូងនឹងធ្វើឡើងសម្រាប់បុគ្គលិកផ្នែកសុខាភិបាលជួរមុខ និងក្រុមហ៊ុនដែលប្រឈមនឹងហានិភ័យឆ្លងខ្ពស់ ដែលនឹងចាប់ផ្ដើមចាក់ជូននៅក្នុងខែមីនា បន្ទាប់ពីវ៉ាក់សាំង AstraZeneca របស់អង់គ្លេសត្រូវបានត្រួតពិនិត្យគុណភាពរួចរាល់។
រដ្ឋាភិបាលវៀតណាមថ្មីៗនេះ បានលើកឡើងដែរថា ខ្លួនក៏កំពុងចរចាជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំង របស់ប្រទេសរុស្ស៊ី និងអាមេរិក អំពីកិច្ចព្រមព្រៀងផ្គត់ផ្គត់វ៉ាក់សាំងនេះដែរ ដែលរៀតណាមក៏រំពឹងថា វ៉ាក់សាំងដែលផលិតក្នុងស្រុករបស់ខ្លួនក៏អាចនឹងរួចរាល់សម្រាប់ចាក់នៅក្នុងខែឧសភាខាងមុខផងដែរ។
វៀតណាមបច្ចុប្បន្នមានប្រជាជនប្រមាណជិត ១០០លាននាក់ និងមានករណីឆ្លងកូវីដ-១៩ សរុបជាង២ពាន់នាក់ និងមានអ្នកជាសះស្បើយជាង១ពាន់៧រយនាក់ ខណៈអ្នកស្លាប់មាន៣៥នាក់៕