ការនាំចេញរបស់វៀតណាមទៅកាន់អង់គ្លេសរំពឹងថា នឹងហក់ឡើងខ្លាំងបន្ថែមទៀត ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរចូលជាធរមាន។ ជាក់ស្តែង នៅ២ខែដំបូងឆ្នាំ២០២១នេះ ពាណិជ្ជកម្មរវាងវៀតណាម និងអង់គ្លេសបានហក់ឡើងដល់ទៅជាង ១ពាន់លានដុល្លារ កើនជាង២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នឹងបន្ដកំណើន ថែមទៀត នៅចំពេលដែលស្ថានភាពនៅអង់គ្លេសបាននិងកំពុងបន្ដចាក់វ៉ាក់សាំងកូវីដ-១៩ និងមានទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមាន។
សូមបញ្ជាក់ដែរថា បន្ទាប់ពីវៀតណាម និង អង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងទីក្រុងឡុងដ៏ចុងឆ្នាំ២០២០ ភាគីទាំងពីរបានបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន និងបានចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងនោះ ជាបណ្ដោះអាសន្នតាំងពីថ្ងៃទី ០១ ខែមករា មកម្ល៉េះ ហើយ នៅខែឧសភាឆ្នាំ២០២១ ខាងមុខនេះ កិច្ចព្រមព្រៀងនេះនឹងត្រូវចូលជាធរមានផ្លូវការ ដែលវានឹងជំរុញឲ្យពាណិជ្ជកម្មរវាងអង់គ្លេស និងវៀតណាមកាន់តែបើកទូលាយខ្លាំងក្លាថែមទៀត៕