ទូរស័ព្ទស្មាតហ្វូនម៉ាក Xiaomi ផលិតនៅវៀតណាមនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន DBG Technology ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុន DBG Electronic Investment Limited ហើយរោងចក្រផលិតស្មាតហ្វូននេះ មានទីតាំងនៅក្នុងភាគខាងជើងនៃខេត្តតៃនិញប្រទេសវៀតណាម។
ក្រៅតែពីការផលិតដើម្បីផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក ផលិតផល Xiaomi ដែលផលិតនៅវៀតណាម ក៏នឹងត្រូវបាននាំចេញ ទៅកាន់ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ រួមមានម៉ាឡេស៊ី និងថៃជាដើម។ នេះបើតាមការអះអាងរបស់តំណាងក្រុមហ៊ុន Xiaomi Vietnam។
លោក ង្វៀន ដុចត្រុង តំណាងក្រុមហ៊ុន Digiworld ដែលជាអ្នកលក់ចែកចាយបន្ដផលិតផល Xiaomi នៅវៀតណាម បាននិយាយថា ការផលិតស្មាតហ្វូននៅក្នុងប្រទេសវៀតណាម នឹងជួយដោះស្រាយបញ្ហា ដែលបណ្ដាលមកពីការរំខាននៃកូវីដ១៩ លើខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។
Xiaomi គឺជាក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតទី២នៅប្រទេសវៀតណាម ដោយមានចំណែកទីផ្សារប្រហែលជាង២០% នៅក្នុងរយៈពេល៣ខែដំបូងក្នុងឆ្នាំនេះ។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនវិភាគទិន្នន័យ Counterpoint។
Xiaomi គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនតម្លៃទាបមួយដ៏ល្បីល្បាញមួយរបស់ពិភពលោក ដោយភាគច្រើនស្មាតហ្វូនរបស់ក្រុមហ៊ុនចិនមួយនេះ ត្រូវបានផលិតឡើងនៅក្នុងប្រទេសចិនផ្ទាល់ និងឥណ្ឌា ដោយក្រុមហ៊ុនដែលជាដៃគូផលិតរបស់ក្រុមហ៊ុននេះ រួមមានដូចជា Foxconn, DBG, BYD និង Flexជាដើម។
សូមបញ្ជាក់ថា ប្រទេសវៀតណាម បច្ចុប្បន្ន កំពុងក្លាយជាគោលដៅវិនិយោគសំខាន់មួយនៅក្នុងតំបន់ពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ ជាក់ស្ដែង ថ្មីៗនេះ ក្រុមហ៊ុនយក្ស Apple របស់អាមេរិក ក៏មានផែនការនឹងរើផលិតកម្ម iPad របស់ខ្លួនចេញពីប្រទេសចិន មកតាំងនៅប្រទេសវៀតណាមវិញផងដែរ។ ការត្រៀមខ្លួនរើផលិតកម្មពីប្រទេសចិននេះ គឺបន្ទាប់ពី Apple មើលឃើញពីវិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាលក្រុងប៉េកាំង រួមទាំងការបិទខ្ទប់ទីក្រុងស៊ាងហៃ ក្នុងការទប់ទល់នឹងការរាតត្បាតកូវីដ១៩ជាដើម ដែលវិធានការទាំងនេះ បាននិងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែចង្វាក់ការផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple រួមទាំងក្រុមហ៊ុនធំៗជាច្រើនទៀតផងដែរ៕