ថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម បានប្រាប់សភាជាតិថា ប្រទេសវៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយនៅអាស៊ី ប៉ុន្តែបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ហើយបានរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងប៉ះពាល់ដល់កម្មករដែលបម្រើការនៅក្នុងវិស័យឧស្សាហកម្មសំខាន់ៗផងដែរ។
ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានធ្លាក់ចុះជាង ៦% នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ ធៀបទៅនឹងឆ្នាំមុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតប្រចាំត្រីមាសក្នុងកំណត់ត្រាមិនធ្លាប់មាននោះឡើយ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីវៀតណាមបានរំពឹងថា ផលិតផលក្នុងស្រុកនឹងកើនឡើងពី ៦% ទៅ ៦,៥% នៅឆ្នាំក្រោយ ជាមួយនឹងគោលដៅធានាឲ្យបានកម្រិតអតិផរណាត្រឹម ៤%។
នាយករដ្ឋមន្ត្រីវៀតណាមអះអាងថា“ ការសម្រេចគោលដៅឆ្នាំ ២០២២ គឺជាកិច្ចការលំបាកមួយ ប៉ុន្តែរដ្ឋាភិបាលពិតជានឹងអាចធ្វើឱ្យសេដ្ឋកិច្ចរបស់វៀតណាមរស់ឡើងវិញ” ទោះបីជាជំងឺរាតត្បាតបានធ្វើឱ្យស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានហានិភ័យក៏ដោយចុះ។
ជំងឺកូវីដបានវាយលុកចូលប្រទេសវៀតណាមយ៉ាងឆាប់រហ័ស ជាពិសេសមេរោគបំប្លែងថ្មី ឌែលតា បានរីករាលដាលនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់របស់វៀតណាម គឺនៅទីក្រុងហូជីមិញ បាននាំឱ្យមានការដាក់ចេញវិធានការទប់ស្កាត់យ៉ាងតឹងរឹងលើសកម្មភាពនានា។
នៅក្នុងខែតុលានេះ រដ្ឋាភិបាលបានអះអាងថា ប្រទេសវៀតណាមអាចនឹងខកខានគោលដៅនាំចេញសម្លៀកបំពាក់របស់ខ្លួននៅឆ្នាំនេះក្នុងតម្លៃ ៥ ពាន់លានដុល្លារ នៅក្នុងករណីដែលស្ថានភាពអាក្រក់ខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលវៀតណាមរំពឹងថា នឹងនាំចេញទំនិញវាយនភណ្ឌក្នុងទំហំទឹកប្រាក់ ៣៤ ពាន់លានដុល្លារនៅចុងឆ្នាំនេះ ខណៈដែល វៀតណាមក៏កំពុងប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មនៅតាមរោងចក្រមានប្រមាណ ៣៥% ទៅ៣៧% គិតនៅត្រឹមចុងឆ្នាំនេះ។
គួរជម្រាបថា ទីក្រុងហូជីមិញ មានការរងផលប៉ះពាល់ខ្លាំងដោយសារតែ មានការបិទខ្ទប់ ហើយកម្មករបានចាកចេញពីទីក្រុងទៅស្រុកកំណើត និង រកការងារផ្សេងដែលមានហានិភ័យទាបនៃការឆ្លងកូវីដ១៩ ហើយកម្មករមានការបារម្ភថា នឹងអាចមានការបិទខ្ទប់ម្ដងទៀត ប្រសិនបើមានករណីផ្ទុះឆ្លងរាលដាលជាថ្មី៕
អត្ថបទ៖ ស៊ើង និមល់