តម្លៃអង្ករនាំចេញរបស់ប្រទេសវៀតណាម បានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងពិភពលោក ជាពិសេសអង្ករបីកំណាត់របស់ប្រទេសនេះ ដែលបច្ចុប្បន្នត្រូវបានជួញដូរក្នុងតម្លៃ៥៧៥ដុល្លារអាម៉េរិកក្នុង១តោន ដែលខ្ពស់ជាង១៤ដុល្លារ ក្នុងមួយតោនបើធៀបនឹងអង្ករថៃ និងខ្ពស់ជាង៣៤ដុល្លារ ក្នុងមួយតោនបើធៀបនឹងអង្ករប៉ាគីស្ថាន។
ការហក់ឡើងថ្លៃខ្ពស់បំផុតនេះ បានបង្ហាញពីការងើបឡើងវិញជាដុំកំភួន និងលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញអង្កររបស់ប្រទេសវៀតណាម បើធៀបនឹងខែកក្កដា ដែលកាលនោះតម្លៃអង្ករនាំចេញរបស់វៀតណាម ទាបជាងអង្ករនាំចេញរបស់ប្រទេសថៃ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។
យោងតាមសមាគមស្បៀងអាហារវៀតណាម (VFA) ឱ្យដឹងថា ហេតុផលចម្បងនៅពីក្រោយការហក់ឡើងថ្លៃខ្លាំងបែបនេះ គឺដោយសារអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ខណៈដែលការផ្គត់ផ្គង់មិនអាចបំពេញបានតាមតម្រូវការទីផ្សារ។
បច្ចុប្បន្នតម្រូវការអង្ករទូទាំងពិភពលោកកំពុងហក់ឡើងខ្លាំង ខណៈដែលរដូវប្រមូលផលដ៏សំខាន់នៅក្នុងប្រទេសផលិតស្រូវអង្ករភាគច្រើនបានកន្លងផុតទៅហើយ។ ជាងនេះទៅទៀត ប្រទេសហ្វីលីពីន ដែលជាទីផ្សារនាំចូលអង្ករដ៏ធំបានកាត់បន្ថយពន្ធនាំចូលអង្កររបស់ខ្លួនពី៣៥% មកនៅត្រឹម១៥% ដែលជំរុញឱ្យបណ្ដាក្រុមហ៊ុនហ្វីលីពីន បង្កើនការនាំចូលអង្ករកាន់តែច្រើន៕
ដោយ: តែម សុខុម