ប្រការនេះបានបង្ហាញថា រដ្ឋប្រហាររបស់មេដឹកនាំយោធា ទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី ស៊ូជីបានបង្កឲ្យមានភាពវឹកវរពេញប្រទេស និងមិនបានស្រាកស្រាន្តឡើយទោះអស់រយៈមួយឆ្នាំគត់ហើយក្តី។
មិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវលើការវាយប្រហារនះទេ ប៉ុន្តែយោធាបានដាក់ការសង្ស័យលើ ក្រុមទាហានទ័ពព្រៃនៅតាមព្រំដែន ដែលតែងមាននិន្នាការប្រឆាំងនឹងរបបសឹកកន្លងមក។
ដោយឡែក ក្នុងថ្ងៃគម្រប់មួយឆ្នាំគត់នៃការធ្វើរដ្ឋប្រហារ ពលរដ្ឋមីយ៉ាន់ម៉ាបានចូលរួមធ្វើកូដកម្ម ប្រឆាំងរបបសឹកតាមរយៈ ការស្ថិតនៅស្ងៀមស្ងាត់ មិនចេញពីផ្ទះ មិនទៅធ្វើការ មិនធ្វើអ្វីទាំងអស់ ហើយក៏មិនបើកហាងអាជីវកម្មលក់ដូរទំនិញដែរ។ គួរជម្រាបថា ការដែលពលរដ្ឋមិនចេញទៅណាដូចនេះ ត្រូវបាន របបសឹកចាត់ទុកជាបទឧក្រិដ្ឋក្បត់ជាតិ នឹងអាចធ្វើឲ្យអ្នកប្រព្រឹត្តប្រឈមនឹងការកាត់ទោសប្រហារជីវិត។
រដ្ឋប្រហារដែលធ្វើឡើងកាលពីថ្ងៃទី០១ខែកុម្ភៈឆ្នាំមុន បានក្តិចត្រួយលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់មីយ៉ាន់ម៉ា ក្រោយគណៈបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រី ស៊ូជី ឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី មិនទាន់បានមួយអាណត្តិផង។ ក្តីឈឺចាប់របស់ពលរដ្ឋភូមា ក្រោយឆន្ទៈរបស់ពួកគេត្រូវបានបំផ្លាញដោយយោធា បានប្រែក្លាយជាកំហឹងចេញតវ៉ា ធ្វើបាតុកម្មប្រឆាំង និងអំពើហិង្សារាប់មិនអស់ ក្នុងពេលមួយឆ្នាំមកនេះ។ ចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី ការបង្ក្រាប និងតាមប្រមាញ់សម្លាប់ដ៏ហិង្សា របស់កងទ័ព ទៅលើបាតុករ បានធ្វើឲ្យមានមនុស្សស្លាប់ជាង ១៥០០នាក់។
សហគមន៍អន្តរជាតិ និងជាពិសេសប្រទេសអាស៊ានទាំងអស់បានជ្រោមជ្រែងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងអស់ហាក់មិនបានធ្វើឲ្យស្ថានការណ៍ល្អប្រសើរទៅមុខសោះឡើយ ផ្ទុយទៅវិញបញ្ហាមួយនេះហាក់បាននិងកំពុងដើរថយក្រោយពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែង ដំណោះស្រាយ៥ចំណុចដែលអាស៊ានបានផ្តល់ឲ្យមីយ៉ាន់ម៉ា ក្រោយកិច្ចប្រជុំកាលពីខែមេសាឆ្នាំ២០២១ មិនត្រូវបានរបបសឹកយកមកអនុវត្តឡើយ។
សេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសសិង្ហបុរីចំខួបមួយឆ្នាំនៃរដ្ឋប្រហារ បាននិយាយថា សិង្ហបុរីខកចិត្តជាខ្លាំងដោយសារកង្វះខាតការអនុវត្ត ដំណោះស្រាយទាំងប្រាំចំណុចរបស់អាស៊ាន។
គេនៅចាំបានថា កាលពីជំនួបតាមវីដេអូជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រមុខរដ្ឋាភិបាលសិង្ហបុរីបានធ្លាប់បានអំពាវនាវថា ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន គួរជួបពិភាក្សាជាមួយគ្រប់ភាគីនយោបាយ ដែលក្នុងនោះក៏មានដែរ លោកស្រីអ៊ុងសាន ស៊ូជី។
គួររំឭកបន្តិចថា ដំណោះស្រាយទាំង៥ចំណុចដែលអាស៊ានបានផ្តល់ឲ្យនោះរួមមាន ទី១, ត្រូវបញ្ចប់អំពើហិង្សា, ទី២ ត្រូវមានការសន្ទនារកដំណោះស្រាយប្រកបដោយសន្តិវិធីរវាងភាគីទាំងអស់, ទី៣ អនុញ្ញាតវត្តមានប្រេសិតពិសេសអាស៊ានដើម្បីជួយសម្របសម្រួលការសន្ទនារកដំណោះស្រាយ, ទី៤ ការបើកផ្លូវឲ្យមានការផ្តល់ជំនួយ និង ទី៥ ត្រូវឲ្យមានដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសទៅកាន់ប្រទេសភូមា។ ប៉ុន្តែ មេដឹកនាំភូមា រហូតមកដល់ពេលនេះ នៅតែមិនព្រមអនុវត្ត ហើយនៅតែប្រឆាំងដាច់ខាត មិនឲ្យគេចូលជួប លោកស្រីអ៊ុងសាន ស៊ូជីឡើយ។
យ៉ាងណាមិញ កម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ បានបង្ហាញពីឆន្ទៈក្នុងការចូលរួមដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានេះដែរ ខណៈសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានជួប ពិភាក្សាជាមួយលោកមីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ាចំនួន២លើក ដែលជាលទ្ធផល មេដឹកនាំយោធា បានសន្យាអនុវត្តបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២៕