ការថ្លែងរបស់លោកឧកញ៉ាបែបនេះ ធ្វើឡើងគ្រាដែលលោកចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាមួយ ដែលមានមនុស្សចូលរួមប្រមាណជាង ១ពាន់នាក់ នារាជធានីភ្នំពេញ នៅដើមខែមេសា ឆ្នាំ២០១៩នេះ។
លោកឧកញ៉ា សៀ ឫទ្ធី បានបែងចែកអ្នកទិញអចលនទ្រព្យជាពីរក្រុម គឺក្រុមអ្នកទិញទុកលក់យកចំណេញ និងក្រុមអ្នកទិញសម្រាប់រស់នៅ ឬប្រកបអាជីវកម្ម ឬក៏ទុកជួលឱ្យគេ ឬទិញសម្រាប់ប្រកបអាជីវកម្មផ្សេងៗ។
លោកឧកញ៉ាមានប្រសាសន៍ថា ប្រជាពលរដ្ឋមួយចំនួនមានបញ្ហាលំហូរសាច់ប្រាក់បន្ទាប់ពីបង់រំលោះផ្ទះល្វែងនិងដីឡូតិ៍។ លោកឧកញ៉ាថា បើទិញផ្ទះ ឬទិញដីទុកជួល ឬយកប្រកបអាជីវកម្មគឺជាភាពវៃឆ្លាត តែបើទិញទុកលក់យកចំណេញជាប្រការគួរឱ្យយកចិត្តទុកដាក់។ លោកមានប្រសាសន៍ច្បាស់ៗថា ការទិញអចលនទ្រព្យមិនងាយខាតបង់ទេ បើសិនជាប្រជាពលរដ្ឋពិចារណាលើចំណុចគន្លឹះបីយ៉ាងសំខាន់ៗ។
កត្តាបីយ៉ាងនោះ រួមមាន៖ លទ្ធភាពផ្ទាល់ខ្លួនរបស់អ្នកទិញ ស្គាល់ម្ចាស់គម្រោងច្បាស់លាស់ និងមានព័ត៌មានច្រើនក្នុងដៃ។
លទ្ធភាពផ្ទាល់ខ្លួន
លោកឧកញ៉ា សៀ ឫទ្ធី បានផ្តល់អនុសាសន៍ឱ្យអ្នកមានចំណូលមធ្យមទាំងអស់ ដែលចង់បង់រំលោះអចលទ្រព្យ ឱ្យពិនិត្យហើយពិនិត្យទៀតថា ខ្លួនមានលទ្ធភាពបង់ប្រាក់នោះយូរប៉ុណ្ណោះ។
ខ្លួនមានប្រាក់ចំណូលប៉ុន្មាន? បង់ប៉ុន្មាន? ចុះបើសិនជាមានហានិភ័យកើតឡើង ដូចជា បាត់បង់ការងារ ឬធ្លាក់ខ្លួនឈឺ តើខ្លួនមានលទ្ធភាពបង់ប្រាក់ទៀតឬអត់? តើអចលនទ្រព្យនោះអាចលក់បង្វិលជាសាច់ប្រាក់បានវិញ ឬទេ?
បើបាន! បើគិតឃើញច្បាស់លាស់ហើយ អ្នកគួរសម្រេចចិត្តទិញចុះ តែគិតចុះឡើងនៅមិនច្បាស់ទេ គួរណាស់ព្យាយាមសន្សំប្រាក់ រកស៊ីរកចំណូលឲ្យបានគួរសមសិន អាចមានលទ្ធភាពនឹងនសិន ក៏មិនអីដែរ។
ម្យ៉ាងទៀត ពលរដ្ឋគួរចងចាំថា បើទិញដីឬផ្ទះអាចជួលបានលុយ គឺល្អជាងផ្ទះឬដីឡូតិ៍ ដែលទិញមកហើយទុកចោលចាំលក់យកចំណេញ។
ស្គាល់ម្ចាស់គម្រោងច្បាស់លាស់
ស្គាល់ម្ចាស់គម្រោង បានន័យថា យើងដឹងច្បាស់ថា គម្រោងនោះមានដី មានផ្ទះពិតប្រាកដ សង់លើដីស្របច្បាប់ ផ្ទះឬដីទាំងនោះគ្មានជាប់ជំពាក់នឹងជម្លោះក្តីក្ដាំ នៅតុលាការ ។ល។
កេរ្តិ៍ឈ្មោះម្ចាស់គម្រោងអចលនទ្រព្យជាប្រការសំខាន់បំផុត ដែលអ្នកទិញគួរចងចាំនិងដឹងឱ្យបានច្បាស់។ បើដឹងច្បាស់ថា ម្ចាស់គម្រោងធ្លាប់រកស៊ីលក់ដីខ្យល់ឱ្យគេ ធ្លាប់បោកប្រាស់គេនោះ យើងជាអ្នកទិញមិនស្គាល់ច្បាស់ សូមកុំប្រថុយទិញអី!។
លោកឧកញ៉ាក៏ថែមទាំងកត់សម្គាល់ថា សព្វថ្ងៃ មានអ្នកខ្លះយំមិនចេញ ព្រោះតែចាញ់បោកឈ្មួញលក់ដីខ្យល់។
ព័ត៌មានទីផ្សារអចលទ្រព្យ
លោកឧកញ៉ា សៀ ឫទ្ធី បានឱ្យតម្លៃខ្ពស់បំផុតចំពោះព័ត៌មាន។ លោកថា បើយើងដឹងព័ត៌មានច្រើន មានចំណេះដឹងច្រើន គឺងាយស្រួល មិនឆាប់ចាញ់បោកគេ។
លោកលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចេះតាមដានព័ត៌មាន ចេះអានសៀវភៅ មើលទូរទស្សន៍ ឬស្តាប់វិទ្យុ ដើម្បីទទួលបានព័ត៌មានថ្មីៗសម្រាប់គិតពិចារណា។ ជាធម្មតា សារព័ត៌មានទាំងអស់ តិច ឬច្រើន គេផ្សាយពីគម្រោងវិនិយោគនានារបស់រាជរដ្ឋាភិបាល រាប់តាំងពីគោលនយោបាយអភិវឌ្ឍន៍ ជាដើម។
លោកមានសុទិដ្ឋិនិយមថា អ្នកតាមដានព័ត៌មានជាប្រចាំ នឹងងាយចំណេញអចលនទ្រព្យជាងអ្នករកស៊ីជោរតាមគេតាមឯង៕