នាំចេញចេក

ក្រសួងកសិកម្មស្វាគមន៍ ក្រុមហ៊ុនវៀតណាមដាំចេក ៥ពាន់ហិកតានៅកម្ពុជា មកដាក់ពាក្យស្នើសុំ ដើម្បីនាំចេញទៅចិន


ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នា លើពិធីសារនាំចេញចេកពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កាលពីដើមខែសីហាកន្លងទៅនេះ នៅថ្មីៗនេះដែរ មានក្រុមហ៊ុនវៀតណាមធំមួយបានប្រកាសពីផែនការរបស់ខ្លួនថា នឹងពង្រីកការដាំដុះចេកនៅកម្ពុជាឲ្យបានដល់ ៥ពាន់ហិកតា ដើម្បីនាំចេញទៅកាន់ប្រទេសចិនដែរ។ ក្រសួងកសិកម្មបានស្វាគមន៍ចំពោះផែនការនេះ និងលើកទឹកចិត្តឲ្យក្រុមហ៊ុននេះ មកដាក់ពាក្យស្នើសុំដើម្បីចុះបញ្ជី ដើម្បីនាំចេកចេញទៅកាន់ទីផ្សារប្រទេសចិន។
កសិផលចេកដឹកទៅកាន់ទីផ្សារ (រូបតំណាង)
ដោយ

ក្រុមហ៊ុន​វៀតណាម Hoang Anhgia Lai នេះ បច្ចុប្បន្ន​​​មាន​ដីសម្បទាន ដាំដុះ​កៅស៊ូ​នៅ​ខេត្ត​រតនគីរី និងបានដាំដុះ​​ចេក​ប្រមាណជាង ១០០ ហិកតា​នៅកម្ពុជា​ផងដែរ ដើម្បីនាំទៅ​វៀតណាម និងបន្តនាំចេញ​ទៅប្រទេស​ចិន។

​ក្រុមហ៊ុន​វៀតណាម​ធំមួយនេះ បានបង្ហាញ​ពីគម្រោង​ពង្រីកការដាំដុះចេក​នៅកម្ពុជាឲ្យ​បានដល់ ៥ពាន់ហិកតា ដោយ​ចំណាយ​ដើមទុន​ ៤២លាន​ដុល្លារ​អាមេរិក ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេសចិន ខណៈដែលក្នុង​មួយឆ្នាំៗ ចិន​មាន​តម្រូវការ​នាំចូល​ចេក​ប្រមាណ ១៥លានតោន។

លោកឧកញ៉ា ហ៊ុន ឡាក់ នាយក​​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែល​ទើបតែ​បានចាប់​ដៃគ្នា​ជាមួយ​ក្រុមហ៊ុន​ចិន វិនិយោគ ដាំចេក​ ១ពាន់ហិកតា​​នៅខេត្ត​កំពត បានឲ្យ​ដឹង​ដែរថា លោកក៏ធ្លាប់​បានដឹង​ខ្លះៗ​ដែរ ពីក្រុមហ៊ុន​វៀតណាម Hoang Anhgia Lai នេះ ដែល​ដើម​ឡើយ មានដីសម្បទាន​ដាំដុះកៅស៊ូ តែក្រោយមក​ក្រុមហ៊ុន​នេះ ក៏បាន​ដាំចេក​ជាង ១០០ ហិកតា​ នៅខេត្ត​រតនគីរី ដើម្បី​នាំយក​ទៅវៀត​ណាម សម្រាប់​នាំចេញបន្ត​​ទៅកាន់​ប្រទេសចិន។ 

លោកឧកញ៉ា យល់ឃើញ​ថា ជាធម្មតាទេ ក្រុមហ៊ុន​​វៀតណាម Hoang Anhgia Lai នេះ មាន​ដីសម្ប​ទាន​នៅកម្ពុជា​ស្រាប់ ដុច្នេះ ពេលមាន​តម្រូវការ​ចេកនាំ​ចេញ​ទៅចិន​កំពុង​មាន​សក្ដានុពល គេអាច​នឹងបង្វែរ​ពីការ​ដាំកៅ​ស៊ូ មកពង្រីកការ​ដាំចេក​​វិញ។ ទោះយ៉ាងណា លោកឧកញ៉ា ហ៊ុន ឡាក់ ជឿជាក់​ថា ខាង​ក្រសួង​​នឹងបន្ត​តាម​ដាន​ និងចុះត្រួត​ពិនិត្យ​ជាក់ស្ដែង​​បន្ថែម​ទៀត អំពី​ដំណើរ​ការ​នានា​ របស់​ក្រុមហ៊ុនវៀតណាម​នេះ ដើម្បីឲ្យ​​ច្បាស់ថា មានការ​ដាំដុះ​​បានត្រឹមត្រូវ​តាមលក្ខណៈ​បច្ចេកទេស​។

ជុំវិញ​នឹងរឿង​នេះដែរ ឯកឧត្តម ហ៊ាន វណ្ណហន​ បានឲ្យ​ដឹងថា តាមពិតទៅ ក្រុមហ៊ុន​វៀតណាម​​ដែលប្រកាស​ខ្លួនថា នឹង​ពង្រីក​ការដាំដុះ​ចេក​នៅកម្ពុជា ៥ពាន់​ហិកតា​នេះ មិនមែន​មាន​ជាក្រុមហ៊ុន​ថ្មីនោះទេ​ ពោលគឺ​ក្រុមហ៊ុន​នេះ បានដាំដុះ​ចេក​ជាច្រើន​ហិកតារួចហើយ​ នៅខេត្ត​រតនគីរី ហើយក៏ជា​ក្រុមហ៊ុន​ទីមួយ​នៅកម្ពុជា ដែលដាំចេក ដើម្បីនាំ​យក​ទៅ​វៀតណាម និងនាំ​ទៅលក់​បន្តនៅ​ប្រទេស​ចិន។ ឯកឧត្តម​បន្ថែមថា នៅក្នុង​ដីសម្បទាន​​ដែល​ក្រុមហ៊ុន​វៀតណាម​នោះ​ទទួលបាន ក្រៅពីដំណាំចេក ក៏មាន​ដាំស្រកា​នាគផងដែរ ដែលបាន​ដឹកតាម​កុងតឺន័រ​នាំចេញ​ទៅវៀត​ណាម​ស្ទើរ​តែរៀង​រាល់ថ្ងៃ។

យ៉ាងណា​ក៏ដោយចុះ ឯកឧត្តម ហ៊ាន វណ្ណហន បានបញ្ជាក់ថា មកទល់​ពេលនេះ ក្រុមហ៊ុននេះ មិនទាន់បានដាក់​ពាក្យស្នើ​សុំមក​ក្រសួង​កសិកម្ម​ ដើម្បី​នាំចេក​ទៅកាន់​ប្រទេស​ចិននៅ​ឡើយទេ។ តែយ៉ាងណា ឯកឧត្តម បានគូស​បញ្ជាក់ថា ក្រសួងស្វាគមន៍​ចំពោះ​វិនិយោគ​របស់ក្រុមហ៊ុននេះ ហើយ​ប្រសិន​បើក្រុម​ហ៊ុនវៀតណាម​នេះ ចង់នាំចេក​ទៅកាន់​ប្រទេស​ចិន​ដែរ ទាមទារ​ឲ្យមាន​គោរព​ទៅតាម​លក្ខខណ្ឌ​អនាម័យ និងភូត​គាម​អនាម័យ ដូច​ដែលភាគី​ចិន​បាន​កំណត់។

បច្ចុប្បន្ន ក្រុមហ៊ុន Hoang Anhgia Lai របស់​វៀតណាម​មួយនេះ កំពុង​ដាំដុះ​ចេក​ប្រមាណ​ជាង ១,៣ ម៉ឺនហិកតា នៅក្នុង​ប្រទេស​ចំនួន​បី គឺវៀតណាម ឡាវ និង​កម្ពុជា។ នៅឆ្នាំនេះ ក្រុមហ៊ុន​វៀតណាម មួយនេះ រំពឹងថា នឹង​ប្រមូល​ទិន្នផល​ចេក​​បាន​លើស ១០ម៉ឺនតោន ជាមួយនឹង​ចំណូល​ក្នុង​រង្វង់ ​៧៣លាន​ដុល្លារ​អាមេរិក និងប្រាក់​ចំណេញ ៤២​លាន​ដុល្លារ។ មិនតែប៉ុណ្ណោះ ក្រៅពី​នាំចេក​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ក្រុមហ៊ុន Hoang Anh Gai Lai ក៏​សង្ឃឹមដែរ​ថា នឹងអាច​នាំចេញចេក​ប្រមាណ ២០% ផ្សេងទៀត ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េ​ខាងត្បូង និងជប៉ុន​ផងដែរ។ 

សូមជម្រាបថា ប្រទេសកម្ពុជា​ និង ចិន ថ្មីៗនេះ ក៏បាន​សម្រេច​ចិត្ត​បោះទុន វិនិយោគ​រួមគ្នា ក្នុងទឹកប្រាក់ ​ប្រមាណ ជាង ៣២លាន​​ដុល្លារ​​​អាមេរិក សម្រាប់​ការ​វិនិយោគ​ទៅលើ​​ដំណំា​ចេកអំបូង​​លឿង ​ដើម្បី​ធ្វើការ​នាំចេញ​​ទៅកាន់​​ទីផ្សារ​អន្តរជាតិ​ពិសេស​ទីផ្សារ​​ប្រទេស​ចិន ដោយក្នុង​​ដំណាក់​​កាល​​ដំបូង ដាំដុះ​លើផ្ទៃដី​ប្រមាណ​ជាង ១ពាន់​ហិកតា ដែល​ស្ថិត​​នៅក្នុង​​​ស្រុក​ឈូក ខេត្តកំពត​។

សព្វថ្ងៃ​ប្រភេទ​ចេកអំបូង​លឿងនេះ ​កំពុងតែ​មានតម្រូវការ​ទីផ្សារ​ខ្ពស់ ​ខណៈប្រទេស​ចិនជា​ប្រទេស​ដែលមាន​វិនិយោគ​លើដំណាំចេក​នាំចេញ​ច្រើន​ជាងគេ​មួយ បន្ទាប់ពី​ប្រទេស​ហ្វីលីពីន​កំពុងតែជួប​ប្រទះ​នៅឧសប​សគ្គហានិភ័យ​ផ្សេងៗ​ដូចជា ជំងឺស្លឹក​លឿង និង ការបម្រែ​បម្រួល​អាធាតុ​ត្រជាក់​ខ្លាំង បានធ្វើឲ្យ​ផ្ទៃដីដាំ​ដុះ និង ទិន្នផល​មានការ​ថយ​ចុះ​យ៉ាងខ្លាំង​នៅពេល​បច្ចុប្បន្ន​។

ការវិនិយោគ​ចេករាប់​ពាន់​ហិកតា​នេះ អាចរាប់​ចាត់​ទុកថា ជាការ​វិនិយោគ​ដ៏ធំជាង​គេមួយ​​មិនធ្លាប់​មានក្នុង​​ប្រវតិ្ត​សាស្រ្ត​​​របស់​ប្រទេស​កម្ពុជា​ ក្នុងការ​វិនិយោគ​ទៅលើការ​​ដាំចេក​អំបូង​លឿង​ ពិសេស​ដែល​​ជា​ពូជ​​ចុង​ក្រោយ ដែលទើប​តែសម្រេច​បានមក​ពីការ​ស្រាវជ្រាវ​នឹង​ពិសោធន៍ ថាមាន​គុណភាព​ខ្ពស់។

តាមទិន្នន័យពី​​​អគ្គនាយក​ដ្ឋាន​​កសិកម្ម​​បាន​​បង្ហាញ​ថា បច្ចុប្បន្ន​​នៅ​កម្ពុជា​​មាន​​កសិដ្ឋាន​​ធំៗ​​ចំនួន​ ៣ កំពុង​​ដាំ​ចេក​​សម្រាប់​​នាំចេញ​​មាន​​ក្នុង​​ខេត្ត​​រតនគិរី ក្រចេះ និង​ខេត្ត​​កំពត​​ដែល​មាន​​ផ្ទៃដី​​សរុប​ជិត​ ៥ពាន់​ហិកតា​៕

None



អត្ថបទបន្ទាប់


លោកបណ្ឌិត អ៊ិន ចាន់នី ពន្យល់ពីមូលហេតុនៃបំណុលវ័ណ្ឌកនៅកម្ពុជា

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានពន្យល់ពីមូលហេតុដែលសហគ្រាសឬពលរដ្ឋមួយចំនួន មានបំណុលវ័ណ្ឌក ពោល គឺគ្មានប្រាក់…

ហូបជ្រូកឬមាន់ស្រែ មិនមែនសុទ្ធតែល្អនោះទេ! ហេតុអ្វី?

កន្លងមក ពលរដ្ឋខ្មែរ តែងតែកោតសរសើរសាច់មាន់ឬសាច់ជ្រូក ដែលចិញ្ចឹមជាលក្ខណៈគ្រួសារ ឬគេហៅថា «មាន់ស្រែ ឬជ្រូកធម្មជាតិ»។ ប៉ុន្ដែ សម្រាប់ អ្នកស្រី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ