ការលូតលាស់សេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ ត្រូវបានគេមើលឃើញថា ដោយសារតែការនាំចេញរបស់វៀតណាមនៅតែមានសន្ទុះខ្លាំងក្លាគួបផ្សំនឹងវិសាលភាពនៃការវិនិយោគនៅក្នុងប្រទេសនេះនៅតែបន្ដកើនឡើងខ្លាំងផងដែរ។
កំណើននៃការវិនិយោគផ្ទាល់ពីក្រៅប្រទេសរបស់វៀតណាម ត្រូវបានគេមើលឃើញថា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដែលជំរុញឲ្យសេដ្ឋកិច្ចប្រទេសនេះ អាចនៅរក្សាកំណើនរបស់ខ្លួនជារៀងរាល់ឆ្នាំ ជាក់ស្ដែងនៅឆ្នាំ២០១៧-២០១៨នេះ គេរំពឹងថា កំណើនសេដ្ឋកិច្ចវៀតណាមអាចនឹងឈានដល់ ៦,៧%។
យ៉ាណាមិញ កាលពីឆ្នាំ២០១៦មុននេះ ការវិនិយោគផ្ទាល់ពីក្រៅប្រទេសរបស់វៀតណាម មានកំណើនជាង៩% ស្មើនឹងទំហំទឹកប្រាក់ ជាង២៤ពាន់លានដុល្លារ ហើយកំណើននេះត្រូវបានបញ្ជាក់ដោយការលូតលាស់ទីផ្សាររយៈពេលវែងរបស់វៀតណាម ខណៈដែលប្រទេសនេះ ត្រូវបានស្គាល់ថាជាប្រទេសមួយដែលមានប្រភពនៃថ្លៃដើមផលិតទាប សម្រាប់វិស័យវាយនភ័ណ្ឌ និងផលិតផលឧស្សាហកម្មដទៃទៀតនៅក្នុងតំបន់។
សូមបញ្ជាក់ដែរថា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៧នេះ ទីក្រុងហូជីមិញរបស់វៀតណាម បានទាក់ទាញការវិនិយោគប្រមាណជាង២ពាន់លានដុល្លារអាមេរិក ពោលគឺមានកំណើនទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕