ឥឡូវនេះ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមួយរូបទៀតហើយ ដែលត្រូវបណ្ដេញចេញពីតំណែង ខណៈរង់ចាំការស៊ើបអង្កេតករណីពុករលួយនៅក្នុងអតីតក្រុមហ៊ុនរដ្ឋមួយ។
នេះបើយោងតាមការចុះផ្សាយរបស់ VN Express។
លោកស្រី ហូ ធី គីមថូ (Ho Thi Kim Thoa) បានស្ថិតក្រោមការស៊ើបអង្កេតពីបទប្រព្រឹត្តកំហុសផ្នែកហិរញ្ញវត្ថុ នៅក្រុមហ៊ុនអគ្គិសនី ដៀន កាងឡាំ និងការតែងតាំងអតីតប្រធានក្រុមហ៊ុនប្រេងដែលរត់ចោលស្រុក និងបានប្រគល់ខ្លួនឲ្យរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។
សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលមិនបានប្រាប់លម្អិតពីជុំវិញការដកមុខតំណែងអនុរដ្ឋមន្ត្រីពាណិជ្ជកម្មនេះទេ គ្រាន់តែបញ្ជាក់ខ្លីថា លោកស្រីនឹងត្រូវតែងតាំងមុខតំណែងថ្មី។
លោកស្រី ថូ គឺជាអនុម័តការតែងតាំងអតីតប្រធានក្រុមហ៊ុនប្រេង PetroVietnam Construction Joint Stock Corp ឈ្មោះ ទ្រិញ សួន ថាញ់ ហើយឈ្មោះ ថាញ់ នេះ ត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យក្រុមហ៊ុនខាតប្រាក់ ១៤៧លានដុល្លារ។
ចំណែករូបលោកស្រីអនុរដ្ឋមន្ត្រីពាណិជ្ជកម្មផ្ទាល់ ត្រូវបានចោទប្រកាន់ពីបទថាមានកាន់កាប់ហ៊ុនតម្លៃរាប់លានដុល្លារនៅក្នុងក្រុមហ៊ុនរដ្ឋមួយ នៅមុនពេលក្រុមហ៊ុននោះលក់ឲ្យឯកជនកាលពីឆ្នាំ២០០៥។
ថ្មីៗនេះដែរ បក្សកុម្មុយនីស្តវៀតណាមបានចេញបទបញ្ជាដាស់តឿនមន្ត្រីរដ្ឋាភិបាលឲ្យជៀសវាងការប្រព្រឹត្តអំពើពុករលួយ និងត្រូវរស់នៅកុំហ៊ឺហាពេក ត្រូវស្មោះត្រង់ និងមានតម្លាភាព ជាដើម។
គួររំឭកថា ប្រទេសវៀតណាមត្រូវបានអង្គការ តម្លាភាពអន្តរជាតិ ឲ្យចំណាត់ថ្នាក់លេខ២ ជាប្រទេសពុករលួយបំផុតនៅអាស៊ី បន្ទាប់ពីឥណ្ឌា ក្នុងន័យជាការស៊ីសំណូកសូកប៉ាន់៕