ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ របស់ធនាគារពិភពលោកនៅចុងក្រោយនេះ គឺហាក់មានទាបជាងឆ្ងាយ ពីការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីចុងខែមករា ដែលព្យាករមានក្នុងរង្វង់ ៦%។
របាយការណ៍របស់ធនាគារពិភពលោក បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានរងការប៉ះទង្គិច យ៉ាងដំណំពីការផ្ទុះវីរុសកូវីឌ-១៩ទូទាំងសាកលលោក។ ការផ្ទុះនេះ បានធ្វើឱ្យម៉ាស៊ីនកំណើនសេដ្ឋកិច្ចធំៗរបស់កម្ពុជា ធ្លាក់ល្បឿនយ៉ាងគំហុកនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២០ ដោយធ្វើឱ្យសកម្មភាពឧស្សាហកម្មទេសចរណ៍ និងសំណង់ ធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។
យោងតាមសេណារីយោបន្ទាត់គោលកំណើនក្នុងឆ្នាំ២០២០ ត្រូវបានព្យាករទុកថានឹងថយល្បឿន មកនៅត្រឹម ២,៥ភាគរយ។ ជាមួយគ្នានេះ ហានិភ័យនានា ដែលអាចកើតមានមកលើសេដ្ឋកិច្ចកម្ពុជានោះ រួមមាន ការផ្ទុះនៃការឆ្លងជំងឺកូវីឌ-១៩នៅក្នុងប្រទេស, ការអូសបន្លាយនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរ និងការកែសម្រួលស្ថានភាពឡើងវិញរបស់ទីផ្សារអចលនទ្រព្យ។
ជុំវិញ នឹងបញ្ហា Covid-19 ដែលកំពុងធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាដាំក្បាលចុះនេះដែរ ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានគូសបញ្ជាក់ថា កម្ពុជាត្រូវតែពង្រឹងសេដ្ឋកិច្ចនៅតាមទីជនបទ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចយើងមានភាពរឹងមាំ។ ក្នុងបរិកាណ៍នេះ ឯកឧត្តមគូសបញ្ជាក់ថា ផលិតផលសូត្រ អាចជាធាតុចូលមួយដ៏សំខាន់ ហើយរដ្ឋាភិបាលអាចស្វែងរក ការពង្រីកបន្ថែមទៀត ទៅលើគ្រប់ស្វាយចន្ទី និងបន្លែផ្លែឈើផ្សេងទៀត ដែលនេះគឺជាត្រៀមខ្លួនសម្រាប់រយៈពេលមធ្យម ឆ្ពោះទៅកាន់រយៈពេលវែង។ ហើយឥឡូវនេះទៀតសោត មានពលរដ្ឋជាច្រើនបានវិលត្រឡប់ពីការធ្វើការងារនៅក្រៅប្រទេសចូលមកកម្ពុជាវិញ ដែលនេះ គឺជាពេលវេលាសម្រាប់រដ្ឋាភិបាលគិតគូរប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
ទោះយ៉ាងណា ធនាគារពិភពលោក បានព្យាករទុកថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងត្រូវស្តារឡើងវិញមកនៅ ៥,៩ភាគរយ ក្នុងឆ្នាំ២០២១។ ការស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិន និងនៅទីផ្សារធំៗផ្សេងទៀតក្នុងឆ្នាំ២០២១ នឹងធ្វើឱ្យចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពប្រសើរឡើងវិញ នៅឆ្នាំក្រោយ។
បច្ចុប្បន្ន ឧស្សាហកម្មកាត់ដែរកម្ពុជា កំពុងប្រឈមនឹងវិបត្តិនៃការធ្លាក់ចុះតម្រូវការទូទាំងសាកលលោក ព្រមទាំងសម្ពាធបណ្តាលមកពីការដកចេញដោយអន្លើ នូវភាពអនុគ្រោះពាណិជ្ជកម្មក្រោមប្រព័ន្ធ «ទំនិញគ្រប់មុខលើកលែងតែអាវុធ» (EBA) របស់សហភាពអឺរ៉ុប។ ប្រសិនបើផលប៉ះទង្គិចនេះហៀរទៅដល់វិស័យសំណង់ និងអចលនទ្រព្យ ដែលជាផ្នែកសំខាន់ៗនាំមកនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងខណៈដែលទីផ្សារហិរញ្ញវត្ថុមានចលាចល នោះវាអាចនឹងជះឥទ្ធិពលអាក្រក់មែនទែន ដល់កំណើនរបស់កម្ពុជា។
ធនាគារពិភពលោកបន្តថា កាលពីឆ្នាំ ២០១៩ កំណើនរបស់ការនាំចេញសរុបនៃសម្លៀកបំពាក់ ស្បែកជើង និង ទំនិញសម្រាប់ការធ្វើដំណើរ បានថយចុះមកនៅ ១៣,៦ភាគរយ ប្រៀបធៀបទៅនឹង ១៧,៧ភាគរយ ក្នុងឆ្នាំ២០១៨។ ការស្រុតចុះនេះ បណ្តាលមកពីការនាំចេញសរុបនៃសម្លៀកបំពាក់ ស្បែកជើង និង ទំនិញសម្រាប់ការធ្វើដំណើរទៅកាន់ទីផ្សារសហភាពអឺរ៉ុប បានធ្លាក់ចុះ ០,៥ភាគរយ ដែលជាការធ្លាក់ចុះលើកដំបូង តាំងពីមានវិបត្តិហិរញ្ញវត្ថុសាកលលោក ឆ្នាំ២០០៨/២០០៩ មកម្ល៉េះ។ ប៉ុន្ដែ ការនាំចេញទំនិញរួចផុតពន្ធគយ និងមិនជាប់កូតា ទៅទីផ្សារអាមេរិក សម្រាប់ផលិតផលសម្រាប់ការធ្វើដំណើរ ត្រូវបានពង្រីកថែមទៀត កើនឡើងរហូតដល់ទៅ ជិត ១ពាន់៣០០ លានដុល្លារ មានកំណើន៩៦% ក្នុងឆ្នាំ២០១៩។
សម្រាប់ឆ្នាំ ២០១៩កន្លងទៅនេះដែរ កំណើននៃការមកដល់របស់ភ្ញៀវអន្តរជាតិ មានសភាពថមថយបន្តិច គឺកើនបានតែ ៦,៦ភាគរយទេ ប្រៀបធៀបទៅនឹង ១០,៧ភាគរយ ក្នុងឆ្នាំ២០១៨។ ចំនួនភ្ញៀវទេសចរទៅទស្សនារមណីយដ្ឋានប្រាសាទអង្គរ ដែលជាទីដៅទេសចរណ៍ដ៏សំខាន់ក្នុងប្រទេស បានថយចុះ ១៤,១ភាគរយ ក្នុងឆ្នាំ២០១៩ ដែល ជាថ្មីម្តងទៀត ជាការធ្លាក់ចុះលើកដំបូងហើយ តាំងពីមានវិបត្តិហិរញ្ញវត្ថុសាកលលោកឆ្នាំ២០០៨/២០០៩ ហើយវាបន្តធ្លាក់ ៣៧,២ភាគរយ នៅក្នុងរង្វង់ពីរខែដំបូងនៃឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៧,៥% និងឆ្នាំ២០១៩ សម្រេចបានកំណើន ៧,១% ហើយសម្រាប់ការព្យាករកំណើននៅឆ្នាំ២០២០ ដែលថា មាន២,៥% គឺជាកំណើនមួយទាបបំផុតមិនធ្លាប់មានឡើយតាំងពីមានវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨-២០០៩ មក៕