នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក។
ក្នុងជំនួបនោះ លោកសាស្ត្រាចារ្យ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក Klaus Schwab បានលើកឡើងពីគោលបំណងចង់បង្កើតមជ្ឈមណ្ឌលមួយនៅកម្ពុជា ដោយតាមរយៈមជ្ឈមណ្ឌលនេះ នឹងអាចទាញផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើន។ ម្យ៉ាងវិញទៀតតាមរយៈការបង្កើតមជ្ឈមណ្ឌលនេះ នឹងអាចជួយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុត ដូចដែលបានអនុវត្តតាមបណ្ដាប្រទេសផ្សេងទៀត ដូចជាការអនុវត្តប្រើប្រាស់ត្រូន ដឹកជញ្ជូនថ្នាំពេទ្យជាបន្ទាន់ទៅទីតាំងដាច់ស្រយាល ត្រូនប្រើក្នុងវិស័យកសិកម្ម ជាដើម ។ ហើយក៏មានការងារមួយចំនួនទៀតដែលប្រើប្រាស់បច្ចេកវិទ្យាជាមួយនឹងប្រព័ន្ធធនាគារផងដែរ។
ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក Klaus Schwab រំពឹងថា វេទិកាសេដ្ឋកិច្ចពិភពលោក នឹងអាចធ្វើការជាមួយកម្ពុជា ហើយនឹងអាចចុះកិច្ចព្រមព្រៀងមួយគ្នានាពេលខាងមុខនេះ ជាពិសេសនៅពេលដែលលោកសាស្ត្រាចារ្យអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាតែម្ដង។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចនឹងចាត់ឲ្យមន្ត្រីទទួលបន្ទុក ធ្វើការងារនេះ ជាមួយនឹងខាងមន្ត្រីនៃវេទិកាសេដ្ឋកិច្ចពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន បានស្នើអញ្ជើញលោកសាស្ត្រាចារ្យ Klaus Schwab ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចសន្ទនា អាស៊ានពិភពលោកលើកទី២ ដែលគ្រោងធ្វើនៅកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខនេះ។ សម្តេចតេជោបានមានប្រសាសន៍ថាកាលពីឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះ កម្ពុជាក៏បានរៀបចំវេទិកាសន្ទនាអាស៊ានពិភពលោកទី១ដែរ ដែលកាលនោះ មានការចូលរួមពីប្រធានស្ថាប័ន មួយចំនួនដូចជា IMF ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។
យ៉ាងណាមិញ នៅលើកនេះកិច្ចសន្ទនាអាស៊ានពិភពលោក ដែលគ្រោងធ្វើនៅខែវិច្ឆិកាឆ្នាំ២០២២នោះ សម្ដេចតេជោសូមអញ្ជើញលោកសាស្ត្រាចារ្យ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនោះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារវេទិកាសេដ្ឋកិច្ចពីពិភពលោក គឺមានចំនុចជាច្រើនដែលធ្វើការងារប្រទាក់ក្រឡាគ្នាដែលបម្រើនូវផលប្រយោជន៍ដល់អាស៊ាន។
ជាការឆ្លើយតប លោកសាស្ត្រាចារ្យKlaus Schwab បានមានប្រសាសន៍ថា គាត់ពិតជាអរគុណសម្ដេចតេជោដែលបានអញ្ជើញលោក ពីព្រោះវេទិកាសេដ្ឋកិច្ចពិភពលោកចាត់ទុកអាស៊ានពិតជាមានសារសំខាន់ណាស់ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ហើយជាពិសេសលោកក៏បានគូសបញ្ជាក់ទៀតថា សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺនឹងដើរតួនាទីយ៉ាងសំខាន់ព្រោះសម្ដេចជាប្រធានអាស៊ាននៅឆ្នាំនេះ។ លោកសាស្ត្រាចារ្យបានបន្ថែមទៀតថាលោកក៏ត្រូវបានការអញ្ជើញពីក្រុមប្រទេសG20 ផងដែរ ដើម្បីចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ីផងដែរ ។ លោកបានបញ្ជាក់ថានេះគឺជាឱកាសដ៏ល្អ សម្រាប់លោកទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងការឃើញពីវឌ្ឍនភាព ភាពរីកចំរើនរបស់ប្រទេសកម្ពុជាផងដែរ៕