ប្រទេសលោកខាងលិចរិះគន់ចិនខ្លាំងៗនៅ WTO

ក្រុមប្រទេសលោកខាងលិចរិះគន់ចិនខ្លាំងៗនៅ WTO ខណៈចិននៅរក្សាជំហរឹងមាំការពារគោលនយោយបាយពាណិជ្ជកម្មរបស់ខ្លួន


ក្នុងកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកដែលធ្វើឡើងនៅទីក្រុងសឺណេវ កាលពីថ្ងៃទី ២០ខែតុលានេះ ប្រទេសចិនត្រូវបានរងការចោទប្រកាន់ថា បានលាងឈ្មោះពីបទឧក្រិដពាណិជ្ជកម្ម និងគំរាមកំហែងផ្នែកសេដ្ឋកិច្ច ខណៈដែលប្រទេសលោកខាងលិចជាច្រើនដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានចេញនិយាយវាយប្រហារចិនខ្លាំងៗផងដែរ។ ក៏ប៉ុន្ដែ ចិននៅតែបញ្ជាក់ជំហរបស់ខ្លួនថា គោលយោបាយពាណិជ្ជកម្មរបស់ខ្លួន គឺមិនមានអ្វីផ្ទុយនឹងច្បាប់អង្គការពាណិជ្ជកម្មពិភពលោកនោះឡើយ។
អង្គការពាណិជ្ជកម្មពិភពលោក

ជុំវិញ​បញ្ហា​នេះ ត្រូវ​បាន​អ្នក​តាមដាន​សេដ្ឋកិច្ច និង​នយោបាយ​តំបន់ មើលឃើញ​ថា កំពុង​ធ្វើ​ឱ្យ​មានការ​បែកបាក់​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ភាព​មិន​ច្បាស់លាស់​នៅ​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​របស់​ពិភពលោក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post​។

ក្នុង​កិច្ចប្រជុំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ថ្ងៃ​ទី ២០ តុលា អំពី​ការ​ត្រួតពិនិត្យ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី​៨​របស់​ចិន គេ​សង្កេត​ឃើញ​ថា មាន​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អាកប្បកិរិយា​ពាណិជ្ជកម្ម​របស់​ចិន​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ចុង​ក្រោយ​របស់​ចិន​កាលពី​បី​ឆ្នាំ​មុន​។ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន អង់គ្លេស អូស្ត្រាលី និង​កា​ណា​ដា​ក៏​បាន​ចូលរួម​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ការ​ត្រួតពិនិត្យ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ចិន​លើក​ដំបូង​តាំងពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ​។

ក្នុង​កិច្ចប្រជុំ​នោះ តំណាង​ចូលរួម​ពី​ប្រទេស​ចិន គឺ​មាន​លោក វ៉ាង វិ​ន​តៅ (Wang Wentao) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចំនួន​២០​រូប​បាន​ចូលរួម​ប្រជុំ​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ ដោយ​ក្នុង​នោះ លោក វ៉ាង វិ​ន​តៅ ក៏​បាន​លើក​ឡើង​ពី​ការ​សម្រេច​បាន​របស់​ក្រុង​ប៉េ​កាំ​ង រួម​មានការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ចិន​ពី​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ជាដើម​។ តាម​សារព័ត៌មាន រ៉​យ​ទ័​រ ដែល​បាន​ស្រង់​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន​រូប​នេះ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ថា មូលដ្ឋាន​គោលនយោបាយ​របស់​ចិន គឺ​មាន​ភាព​បើកចំហ​សេដ្ឋកិច្ច​រស់​ខ្លួន និង​មានការ​ធ្វើ​កំណែ​ទម្រ​ង​ស៊ីជម្រៅ​ដោយ​គោរព​ទៅ​តាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ក៏​ប៉ុន្ដែ សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផ្សេង​ទៀត បាន​ទទូច​ឲ្យ​ចិន​ធ្វើ​កំណែទម្រង់​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ខ្លួន ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​ប្រកួតប្រជែង​ទីផ្សារ​ដែល​ស្មើភាព និង​មាន​តម្លាភាព​។

គួរ​រំឭក​ថា ជុំវិញ​នឹង​ការ​ត្រួតពិនិត្យ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន ឃើញ​ថា​ប្រទេស​ចិន​ទទួល​បាន​សំណួរ​ជាង​១​ពាន់​៦​រយ​សំណួរ​ឯណោះ ដែល​បាន​សរសេរ​ផ្ញើ​មក​ពី​ប្រទេស​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចំនួន​៤០ ភាគច្រើន​នៃ​សំនួរ​ទាំងនោះ ក៏​ត្រូវ​បាន​ឆ្លើយ​ត្រឡប់​ទៅ​វិញ​រួច​ហើយ​ដែរ​តាម​រយៈ​សំ​ណេ​រ ហើយ​ចិន​នឹង​មានឱកាស​ការពារ​ខ្លួន​ពី​ការ​ចោទសួរ​នេះ​បន្ដ​ទៀត​នៅ​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​នេះ អំឡុង​ពេល​ដែល​មានការ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ជា​លើក​ទី​២​។

យ៉ាងណា​ក៏​ដោយ​ចុះ ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ មាន​បណ្តា​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន បាន​ថ្កោលទោស​ចំពោះ​ការ​សម្លុត​គំរាមកំហែង​របស់​ចិន ព្រមទាំង​ប្រឆាំង​នឹង​ការ​អនុវត្ត​ពា​ណិ​កម្ម​អយុត្តិធម៌ មិន​ស្មើភាព​គ្នា​របស់​ប្រទេស​ចិន​ផង​ដែរ​។

ក្នុង​នោះ​ប្រទេស អូស្ត្រាលី​ដែល​ជា​ប្រទេស​កំពុង​មាន​ជម្លោះ​ពាណិជ្ជកម្ម និង​ការទូត​ជាមួយ​ប្រទេស​ចិន​ចាប់តាំងពី​ដើមឆ្នាំ​មុន​បាន​ចោទប្រកាន់​ទីក្រុង​ប៉េ​កាំ​ង​ពី​បទ​“ ការ​សាកល្បង​ជាមួយ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​តាម​រយៈ​ការ​អនុវត្ត​ដែល​ផ្ទុយ​ពី​ប្រព័ន្ធ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

ទន្ទឹម​នេះ ប្រទេស​ជប៉ុន​បាន​ចោទ​ចិន​ថា ខ្វះ​តម្លាភាព និង​បាន​បង្ខូច​ទ្រង់ទ្រាយ​ទីផ្សារ​ដែកថែប​ពិភពលោក​។ ខណៈ​អង់គ្លេស​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន​ផ្តល់​សច្ចាប័ន និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​អនុសញ្ញា​ការងារ​ដោយ​បង្ខំ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​។

ដោយឡែក អ្នកតំណាង​ប្រទេស​កា​ណា​ដា​វិញ ក៏​បាន​លើក​ឡើង​ថា សកម្មភាព​របស់​ចិន​ក្នុង​ការ​ដាក់​កំហិត ពាណិជ្ជកម្ម​សេដ្ឋកិច្ច​តែងតែ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ខ្វែងគំនិត​គ្នា​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ ។

យ៉ាងណា​ក៏​ដោយ សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​រំពឹង​ថា ល័​ក្ខ​ខណ្ឌ​ដែល​បាន​ដាក់​ចេញ នឹង​ធ្វើ​ឱ្យ​ចិន​រុះរើ​គោលនយោបាយ និង​ការ​អនុវត្ត​បច្ចុប្បន្ន​របស់​ខ្លួន ខណៈ​ដែល​ក្រុម​សមាជិក​ប្រឆាំង​នឹង​ចិន​ទាំងនោះ​ថា ទ​ង្វើ​របស់​ចិន​បច្ចុប្បន្ន គឺ​មិន​ត្រូវ​គ្នា​នឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​ដោយ​ផ្អែក​លើ​គោលនយោបាយ​បើកចំហ​ទីផ្សារ​នោះ​ឡើយ  បើ​ទោះបីជា​គេ​ដឹង​ថា ប្រទេស​ចិន​ទំនងជា​គ្មាន​ទំនោរ​ចង់​ផ្លាស់​ប្តូរ​ក៏​ដោយ​៕

អត្ថបទ ស៊ើង និមល់

None



អត្ថបទបន្ទាប់


តួលេខពីគយវៀតណាមថា កម្ពុជានាំចេញទៅវៀតណាមមានជាង៣,៧ពាន់លានដុល្លារ កើន ជិត៤ដង នៅ៩ខែឆ្នាំនេះ

កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារវៀតណាម សម្រេចបានជាង៣ពាន់៧រយលានដុល្លារអាមេរិក នៅ៩ខែក្នុងឆ្នាំ២០២១ កើនឡើងជិត៤ដងបើធៀបនឹងរយៈពេលដូចគ្នាកា…

សហរដ្ឋអាមេរិកត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារអាយុពី ៥ ដល់ ១១ឆ្នាំ

រដ្ឋបាល លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ បានគូសបញ្ជាក់ពីផែនការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនកុមារអាមេរិកដែលមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ