ការនាំចេញម្រេចកំពតទៅទីផ្សារអឺរ៉ុប

ការនាំចេញម្រេចកំពតទៅទីផ្សារអឺរ៉ុបកំពុងរងផលប៉ះពាល់អ្វីខ្លះ?


ប្រធានសមាគមម្រេចកំពត បានអះអាងថា ស្ថានភាពទីផ្សារនាំចេញម្រេចកំពតនាពេលបច្ចុប្បន្នហាក់មានការប្រែប្រួលការបញ្ជាបន្តិចបន្ដួចដោយសារបញ្ហាអតិផរណាកើនឡើងនៅសហគមអឺរ៉ុប និង ការប្រែប្រួលរូបិយបណ្ណធៀបនឹងប្រាក់ដុល្លាអាមេរិក។ បញ្ហាទាំងនេះ បានធ្វើឲ្យការបញ្ជាទិញម្រេចកំពតពីក្រុមហ៊ុនដែលបានចុះកុងត្រាបញ្ជាទិញរួចហើយនោះ ត្រូវធ្វើការពន្យាពេល ដែលធ្វើឲ្យការនាំចេញមានការថយចុះជាងមុន។
ការនាំចេញម្រេចកំពតទៅទីផ្សារអឺរ៉ុបកំពុងរងផលប៉ះពាល់អ្វីខ្លះ?
ដោយ

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានអះអាងថា ទីផ្សារនាំចេញម្រេចកំពតធំជាងគេគឺ ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនដូចជា កូរ៉េខាងត្បូង ជប៉ុន និងកោះតៃវ៉ាន់ជាដើម។ ទោះជាយ៉ាងណា លោក ងួន ឡាយ បានបញ្ជាក់ថា បញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យអតិផរណានៅអឺរ៉ុបកើនខ្ពស់ និងបញ្ហាការប្រែប្រួលរូបិយបណ្ណធៀបនឹងប្រាក់ដុល្លាអាមេរិកផងនោះ បានធ្វើឲ្យការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអឺរ៉ុប ក៏ដូចជាទីផ្សារដទៃទៀតនាពេលបបច្ចុប្បន្ន ហាក់មានការកកស្ទះ ពោលគឺដោយសារបណ្តាក្រុមហ៊ុនដែលបានធ្វើការចុះកុងត្រាទិញម្រេចកំពតពីសមាគមរួចហើយមួយចំនួន នៅមិនទាន់បានដំណើរការទិញពីសមាគមនៅឡើយនោះទេ បើទោះបីជាមានចុះកុងត្រាបញ្ជាទិញរួចហើយក្តី ដែលជាហេតុធ្វើឲ្យការនាំចេញត្រូវការពន្យាពេល និងមានចំនួននាំចេញតិចជាងមុន។

ជាក់ស្តែងនៅរយៈពេល១០ខែ ឆ្នាំ ២០២២ នេះ ការនាំចេញម្រេចកំពតសម្រេចបានបរិមាណប្រមាណ ៦៥ តោនប៉ុណ្ណោះ។ បើតាម លោក ងួន ឡាយ លោកមិនទាន់អាចប៉ាន់ប្រមាណបាននោះទេថា នៅឆ្នាំ២០២៣ខាងមុខ ការនាំចេញម្រេចកំពតរបស់កម្ពុជា អាចមានភាពល្អប្រសើរឡើងវិញ ឬយ៉ាងណានោះទេ ដោយសារតែស្ថានភាពពិភពលោកបច្ចុប្បន្ននៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។

បើតាមប្រធានសមាគមម្រេចកំពតរូបនេះ បានគូសបញ្ជាក់ថា តម្លៃម្រេចកំពត គឺមិនមានការប្រែប្រួលនោះទេ គឺម្រេចខ្មៅនៅតែមានតម្លៃ ១៥ ដុល្លារ ក្នុង១គីឡូក្រាម រីឯម្រេចក្រហមមានតម្លៃ ២៥ ដុល្លារ ក្នុង១គីឡូក្រាម និងម្រេចសវិញ មានតម្លៃ ២៨ ដុល្លារ ក្នុង១គីឡូក្រាម។ លោកបានបន្ថែមថា ជាទូទៅម្រេចកំពត ដែលជាម៉ាកសម្គាល់ភូមសាស្ត្រនេះ អាចនាំចេញបានក្នុងរង្វង់ប្រមាណ ៧០តោនក្នុងមួយឆ្នាំៗ លើកលែងតែកាលពីឆ្នាំ២០២១ ម្រេចកំពតសម្រេចបានការនាំចេញសរុបចំនួនជាង ១០០តោន ទោះទោះយ៉ាងណា សម្រាប់ឆ្នាំ២០២២នេះ លោក ងួន ឡាយ រំពឹងថា នឹងអាចនាំចេញបានក្នុងរង្វង់ប្រមាណជាង៧០តោនប៉ុណ្ណោះ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរយៈពេល១០ខែឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញម្រេចទូទៅ សរុបជារួម មានជាង ៧ពាន់៧រយតោន ទៅកាន់ទីផ្សារអន្តរជាតិ ថយចុះជាង ៧០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក្នុងនោះ វៀតណាម គឺជាប្រទេស បញ្ជាទិញម្រេចពីកម្ពុជាច្រើនជាងគេបំផុត៕




អត្ថបទបន្ទាប់


ខណៈស្ថានការកំពុងក្ដៅ ថៃស្នើឱ្យក្រុមមេដឹកនាំចូលរួមកិច្ចប្រជុំ APEC ទុកការខ្វែងគំនិតគ្នានៅមួយឡែកសិន

ការជជែកគ្នាពីបញ្ហាក្ដៅៗនៅក្នុងតំបន់ និងពិភពលោក បានបន្ដធ្វើឡើងជាបន្ដបន្ទាប់នៅក្នុងកិច្ចប្រជុំកំពូលចំនួនពីរនៅប៉ុន្មានថ្ងៃមកនេះ រួមមានកិច្ចប្រ…

របាយការណ៍នាំចេញផលិតផលកសិកម្មសរុបបន្តកើនឡើង ខណៈវិស័យនេះកំពុងជួបបញ្ហាប្រឈមច្រើន

នៅរយៈពេល ១០ខែ នៅឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលកសិកម្មសរុប ជាង៤លានតោន មានការកើនឡើងជាង១០% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ