លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា ប្រទេសវៀតណាម នៅតែជាទីផ្សារធំរបស់កម្ពុជា ក្នុងការនាំចេញគ្រាប់ស្វាយចន្ទី ដែលមិនទាន់កែច្នៃ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ប្រធានសមាគមរូបនេះ ក៏បានកត់សម្គាល់ឃើញថា ការនាំចេញគ្រាប់ស្វាយចន្ទី ទៅវៀតណាម បន្តធ្លាក់ចុះ ជាបន្តបន្ទាប់ នារយៈពេលចុងក្រោយនេះ។ បើតាមលោក អួន ស៊ីឡុត នៅរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២នេះ វៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ក្នុងបរិមាណ ៦៧ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ ថយចុះ ៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។ ជុំវិញមូលហេតុនៃការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅវៀតណាម ថយចុះនេះដែរ ត្រូវបានលោក ស៊ីឡុត គូសបញ្ជាក់ដូច្នេះ កម្ពុជា នៅពឹងផ្អែកទាំងស្រុងលើប្រទេសវៀតណាម ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ក៏ប៉ុន្តែ ដោយសារកត្តាអាកាសធាតុ នាឆ្នាំនេះ ការបញ្ជាទិញគ្រាប់ស្វាយចន្ទី ពីវៀតណាម ក៏បានថយចុះដែរ ព្រោះតែទិន្នផលគ្រាប់ស្វាយចន្ទីកម្ពុជាមួយចំនួន បានធ្លាក់ចុះគុណភាព ដោយសារវិបត្តិអាកាសធាតុ។
ជាមួយគ្នានេះ លោក អួន ស៊ីឡុត ក៏បានបង្ហាញពីការព្រួយបារម្ភផងដែរ នៅក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី ព្រោះក្រៅពីទិន្នផល និងការនាំចេញ តម្លៃគ្រាប់ស្វាយចន្ទីរបស់កសិករក៏ធ្លាក់ចុះផងដែរ។ លោក ស៊ីឡុត បញ្ជាក់ថា តម្លៃគ្រាប់ស្វាយចន្ទីស្ងួត អាចលក់បានចន្លោះពី ៥.៥០០រៀល ទៅ៧.២០០រៀល ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ លោក ក៏បារម្ភដែរថា វានឹងកាន់តែថយទិន្នផលសម្រាប់ការផ្គត់ផ្គង់ ព្រោះមានកសិករមួយចំនួនបានបោះបង់ការដាំដុះស្វាយចន្ទី។ ខណៈកសិករមួយចំនួនបានកាប់ដើមស្វាយចន្ទីចោល ដើម្បីដាំដំណាំផ្សេងវិញ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ទិន្នន័យចម្ការស្វាយចន្ទី នៅឆ្នាំ២០២១ មានចំនួន ៨០ម៉ឺនហិកតាទូទាំងប្រទេស តែដោយសារកត្តាប្រែប្រួលអាកាសធាតុ នារយៈពេល២ឆ្នាំកន្លងមកនេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្វាយចន្ទី ទើបធ្វើឲ្យកសិករ សម្រេចកាប់ស្វាយចន្ទីចោល ១០ម៉ឺនហិកតាឯណោះ។ ដូច្នេះ មកដល់ពេលនេះ ទូទាំងប្រទេសកម្ពុជា មានផ្ទៃដីស្វាយចន្ទី ប្រមាណ៧០ម៉ឺនហិកតា ប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារវៀតណាម ហាក់កើនឡើងជាបន្តបន្ទាប់ ក៏ប៉ុន្តែ សម្រាប់តម្លៃគ្រាប់ស្វាយចន្ទីស្ងួត របស់កម្ពុជា ដែលនាំទៅវៀតណាម បែរជាថយចុះទៅវិញ។ គិតក្នុង ឆ្នាំ២០២១ តម្លៃគ្រាប់ស្វាយចន្ទី ដែលកម្ពុជា នាំចេញទៅវៀតណាម ទទួលបានតម្លៃចន្លោះពី ១ពាន់៣រយដុល្លារ ទៅ១ពាន់៦រយដុល្លារប៉ុណ្ណោះក្នុង១តោន។ នេះបើតាមរបាយការណ៍ដែលផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជា៕