តើជំនួបប្រមុខការទូតអាមេរិក និងចិននេះ បានជជែកពិភាក្សាអំពីអ្វីខ្លះ ហើយសម្រេចបានការឯកភាពគ្នាអ្វីខ្លះ?
សារព័ត៌មានរ៉យទ័របានចុះផ្សាយដោយយោងប្រភពពីក្រសួងការបរទេសអាមេរិកថា ប្រមុខការទូតអាមេរិកលោក អេនតូនី ប្លីងខិន បានប្រកាសថា ជំនួបរយៈពេលជិត ៥ម៉ោងជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មានលក្ខណៈស្ថាបនា មានអត្ថប្រយោជន៍ និងប្រកបដោយភាពស្មោះត្រង់។ ថ្វីបើប្រទេសទាំងពីរមានទំនាក់ទំនងប្រទាំងប្រទើស និងដ៏ស្មុគស្មាញនឹងគ្នាមែនក៏ពិតមែន ប៉ុន្តែកិច្ចពិភាក្សាបានប្រព្រឹត្តទៅប្រកបដោយភាពជឿជាក់។
ដោយឡែក បើតាមក្រសួងការបរទេសចិន ភាគីទាំងពីរបានព្រមព្រៀងសម្រុះសម្រួលគ្នា ស្តារទំនាក់ទំនងឱ្យបានប្រសើរឡើង ធ្វើយ៉ាងណាស្វែងរកផលចំណេញ និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ប្រភពពីក្រសួងការបរទេសចិនដដែលបន្តថា រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានប្រាប់សមភាគីអាមេរិកថា ទិសដៅនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន គឺស្ថិតក្នុងគ្រោះថ្នាក់ ដោយសារតែបញ្ហា ដែលអាមេរិកបានយល់ខុសមកលើប្រទេសចិន។
លោកវ៉ាង យី ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកគួរតែលុបចោលរនាំងពន្ធ ដែលបាន ដាក់លើប្រទេសចិនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបញ្ឈប់ការដាក់ទណ្ឌកម្ម ដែលចិនហៅថា ជាលក្ខណឯកតោភាគី មកលើក្រុមហ៊ុនចិន។ បន្ថែមពីលើនេះ ភាគីអាមេរិកត្រូវតែប្រយ័ត្នប្រយែងក្នុងការប្រើពាក្យសម្ដី និងទង្វើរបស់ខ្លួនក្នុងសំណុំរឿងកោះតៃវ៉ាន់ ហើយមិនត្រូវបញ្ជូនសញ្ញាខុសឆ្គងណាមួយ ទៅឱ្យក្រុមចង់ប្រកាសឯករាជ្យរបស់តៃវ៉ាន់ឡើយ។
ជាការឆ្លើយតបវិញ លោកប្លីងខេន បានម្តែងក្តីព្រួយបារម្ភរបស់អាមេរិក ជុំវិញការបង្កើនវត្តមានកងទ័ព និងសកម្មភាពដែលអាមេរិកហៅថា ជាសកម្មភាពបង្កហេតុ របស់ប៉េកាំងដាក់កោះតៃវ៉ាន់នោះទេ។ លើសពីនេះ ប្រមុខការទូតអាមេរិក បានស្នើសុំទៅសមភាគីចិនឱ្យដកខ្លួនចេញពីរុស្ស៊ី ហើយជំរុញឱ្យទីក្រុងប៉េកាំង ប្រកាសថ្កោលទោសទង្វើឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន រួចប្រើលទ្ធភាពរបស់ខ្លួនបញ្ចុះបញ្ចូលម៉ូស្គូឱ្យបើកច្រកផ្លូវ ដើម្បីអាចដឹកជញ្ជូនស្បៀងអាហារដែលជាប់គាំងនៅអ៊ុយក្រែនបានឡើងវិញ។
ទោះយ៉ាងណា នៅក្រោយជំនួបជាមួយសមភាគីអាមេរិក លោកវ៉ាងយី បានប្រកាសប្រាប់អ្នកសារព័ត៌មានថា ចិននិងអាមេរិកដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំជាងគេបំផុតទាំងពីរក្នុងលោក ចាំបាច់ត្រូវការធ្វើការជាមួយគ្នា និងរក្សាទំនាក់ទំនងជាធម្មតានឹងគ្នា ហើយត្រូវផ្តោះប្តូរទំនាក់ទំនងគ្នាជាបន្តទៅទើបជាការប្រសើរ៕