យន្តការដំឡើងថ្លៃអង្ករពិភពលោករបស់ថៃ និងវៀតណាម

តើអ្នកជំនាញយល់ឃើញបែបណាចំពោះយន្តការដំឡើងថ្លៃអង្ករពិភពលោករបស់ថៃ និងវៀតណាម?


អ្នកជំនាញក្នុងវិស័យស្រូវអង្ករនៅកម្ពុជា គាំទ្រចំពោះយន្តការរបស់ថៃ និងវៀតណាម ដែលសហការគ្នាដំឡើងថ្លៃអង្ករពេលនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ ព្រោះវាជាផ្នែកមួយជួយបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនផលិតកម្មស្រូវ។
តើអ្នកជំនាញយល់ឃើញបែបណាចំពោះយន្តការដំឡើងថ្លៃអង្ករពិភពលោករបស់ថៃ និងវៀតណាម?
ដោយ

អ្នកជំនាញជឿជាក់ថា តម្លៃអង្ករកម្ពុជានឹងអាចហក់ឡើងមួយកម្រិត ប្រសិនបើអង្កររបស់ថៃ និងវៀតណាមពិតជាបានដំឡើងថ្លៃមែននោះ។ ក៏ប៉ុន្តែ ការដំឡើងថ្លៃអង្កររបស់ប្រទេសទាំងពីរទំនងជាមិនមានឥទ្ធិពលខ្លាំង​ដល់ទីផ្សារតម្លៃអង្ករសកលនោះទេ ព្រោះប្រទេសទាំងពីរបានរួមចំណែកប្រមាណតែជាង២០% ប៉ុណ្ណោះ នៃទីផ្សារនាំចេញអង្ករសរុបលើពិភពលោក។ បច្ចុប្បន្នកម្ពុជាកម្ពុងកំពុងរង់ចាំមើលប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដែលជាអ្នកនាំចេញអង្ករធំជាងគេលើពិភពលោក នឹងមានយន្តការដំឡើងថ្លៃអង្ករដូចប្រទេសថៃ និងវៀតណាមដែរឬទេ។

ថៃនិងវៀតណាមដែលជាប្រទេសនាំចេញអង្ករធំជាងគេមួយនៅតំបន់អាស៊ានកាលពីពេលថ្មីៗបានឯកភាពគ្នាលើការអនុវត្តយន្តការដំឡើងថ្លៃអង្ករលើទីផ្សារអន្តរជាតិ ដើម្បីជួយបង្កើនប្រាក់ចំណូលដល់កសិករស្របពេលពួកគេកំពុងប្រឈមបញ្ហាការកើនឡើងចំណាយលើថ្លៃថ្នាំ និងជីកសិកម្ម។ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជាគាំទ្រចំពោះយន្តការនេះ ព្រោះវាអាចជួយជំរុញឲ្យតម្លៃអង្ករកម្ពុជាឡើងថ្លៃមួយកម្រិតទៀត ដែលវានឹងក្លាយជាផ្នែកមួយក្នុងការជួយបង្កើនប្រាក់ចំណូលដល់កសិករ។ សម្រាប់អ្នកជំនាញរូបនេះកសិករអាចប្រឈមនឹងការលំបាក ខណៈការដាំដុះស្រូវនៅកម្ពុជាអាចនឹងមានការថយចុះ ប្រសិនបើតម្លៃស្រូវ និងអង្ករនៅតែមានតម្លៃទាប ស្របពេលតម្លៃជី ថ្នាំចេះតែបន្តការកើនឡើង។

សម្រាប់លោកឧកញ៉ា ហ៊ុន ឡាក់ ចំពោះយន្តការដំឡើងថ្លៃអង្កររបស់ថៃ និងវៀតណាមដែលបាននិងកំពុងស្ថិតនៅក្នុងដំណើរការពិភាក្សាទំនងជាមិនទាន់អាចគ្រប់គ្រាន់ក្នុងការជួយជំរុញឲ្យតម្លៃអង្ករកម្ពុជាអាចកើនឡើងបាននោះទេ ទាល់តែប្រទេសឥណ្ឌា និងប៉ាគីស្ថានដំឡើងថ្លៃអង្កររបស់ខ្លួនដែរ ទើបតម្លៃអង្ករពិភពលោកមានការប្រែប្រួលខ្លាំង ព្រោះតំបន់អាស៊ីប្រទេសទាំងពីរនេះមានផ្ទៃដីធ្វើកសិកម្មធំជាងគេ និងជាអ្នកនាំចេញអង្ករទៅលក់លើទីផ្សារអន្តរជាតិច្រើនជាងគេ ហើយអង្កររបស់ប្រទេសទាំងពីរក៏មានតម្លៃទាបជាងគេផងដែរ។ ដូច្នេះកម្ពុជារួមជាមួយប្រទេសនាំចេញអង្ករផ្សេងៗទៀត កំពុងរង់ចាំមើលប្រទេសទាំងពីរ ថាតើនឹងមានយន្តការដំឡើងថ្លៃអង្ករនាំចេញ ឬក៏អត់។

ពាក់ព័ន្ធបញ្ហានេះដែរលោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាយល់ឃើញថា ការដំឡើងថ្លៃអង្កររបស់ប្រទេសថៃ និងវៀតណាមទំនងជាមិនអាចទៅរួចនោះទេ ព្រោះការដំឡើងថ្លៃអង្ករអាចធ្វើទៅបាន គឺវាអាស្រ័យលើកត្តាផ្គត់ផ្គង់អង្ករលើទីផ្សារអន្តរជាតិមានចំនួនតិច ឬច្រើន ខណៈបច្ចុប្បន្នការផ្គត់ផ្គង់អង្ករពីប្រទេសមួយចំនួនមានចំនួនច្រើន និងអាចឆ្លើយតបនឹងតម្រូវការ។ ម្យ៉ាងវិញទៀត ថៃ និងវៀតណាមមិនមែនប្រទេសអ្នកផ្គត់ផ្គង់ជាងគេនោះទេ ពោលគឺប្រទេសនេះបានរួមចំណែកជាង២០% ប៉ុណ្ណោះ នៃទីផ្សារនាំចេញអង្ករសរុបលើពិភពលោក។

បើតាមការគូសបញ្ជាក់របស់លោក លន់ យ៉េង ចិននៅតែជាទីផ្សារធំជាងគេសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ខណៈការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប បានវិលមករកភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីកម្ពុជាទទួលបានការអនុគ្រោះពន្ធក្នុងការនាំចេញអង្ករគ្រប់ប្រទេសទៅកាន់ទីផ្សារនេះឡើងវិញកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ គួរបញ្ជាក់ថា នៅក្នុងរយៈពេល៧ខែឆ្នាំ២០២២ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង៣៥ម៉ឺនតោន គិតជាប្រាក់ជាង២១៨លានដុល្លារ មានការកើនឡើងជាង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


អតិថិជនរបស់ក្រុមហ៊ុន Smart Axiata អាចទទួលបានភីហ្សាញ៉ាំដោយឥតគិតថ្លៃពី Pizza Hut

ឥឡូវនេះ ក្រុមហ៊ុន Smart Axiata និង Pizza Hut កំពុងផ្តល់ជូនប្រម៉ូសិនពិសេសដល់អតិថិជនរបស់ Smart ដែលមាន SmartVIP ដោយពួកគេអាចញ៉ាំភីហ្…

ថៃកំណត់គោលដៅចំណូល១១ពាន់លានដុល្លារពីវិស័យទេសចរណ៍នៅឆមាសទី២ឆ្នាំនេះ

រដ្ឋាភិបាលថៃរំពឹងថានឹងទទួលបានប្រាក់ចំណូលប្រហែល ៤០០ ពាន់លានបាត ឬស្មើនឹងប្រហែល១១ពាន់លានដុល្លារ ពីភ្ញៀវទេសចរបរទេសដែលទៅកម្សាន្ដនៅប្រទេសក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ