ទស្សនកិច្ច

តើកម្ពុជា និងវៀតណាមត្រូវពង្រឹងអ្វីបន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារឱ្យបានកាន់តែឆាប់?


តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាលោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា នេះ។
ទស្សនកិច្ច
ដោយ

បើតាមការបញ្ជាក់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដំណើរទស្សនកិច្ចនេះជាជំហានយុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្មី ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព និងពង្រីកផ្លែផ្កាសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើផ្លូវការទូត និងសន្តិសុខតំបន់។ តើនាយករដ្ឋមន្ត្រីវៀតណាមនឹងបង្ហាញការប្តេជ្ញាចិត្ត និងយុទ្ធសាស្ត្រគន្លឹះអ្វីខ្លះ ដើម្បីធានាថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាមអាចឈានទៅសម្រេចគោលដៅ២០ពាន់លានដុល្លារតាមការរំពឹងទុក?
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញ ហ៊ឹង មកកាន់ប្រទេសកម្ពុជានាពេលនេះ មិនត្រឹមតែជាការបន្តប្រពៃណីការទូតរវាងប្រទេសជិតខាងល្អប៉ុណ្ណោះទេ ប៉ុន្តែជាការវាស់ស្ទង់ឡើងវិញនូវយុទ្ធសាស្ត្រពាណិជ្ជកម្ម និងនយោបាយរវាងប្រទេសទាំងពីរ ក្រោមបរិបទសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយថ្មី។ បើតាមអ្នកជំនាញរូបនេះរបៀបវារៈសំខាន់ៗមួយចំនួន ដែលថ្នាក់ដឹកនាំកម្ពុជា-វៀតណាមអាចនឹងលើកយកមកពិភាក្សាគ្នាក្នុងឱកាសនេះរួមមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងច្រករបៀងសេដ្ឋកិច្ច, ការពង្រឹងសន្តិសុខស្បៀង និងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម, ពាណិជ្ជកម្មឆ្លងដែន វិស័យថាមពល និងសន្តិសុខជាតិ។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រទេសទាំងពីរនឹងអាចសម្រេចគោលដៅជំរុញទំហំពាណិជ្ជកម្មឱ្យឈានដល់២០ពាន់លានដុល្លារនាពេលអនាគតដ៏ខ្លីខាងមុខ តែទាមទារឱ្យភាគទាំងពីរដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗបន្ថែមដូចជាការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅតាមព្រំដែន និងសម្រួលប្រព័ន្ធទូទាត់ និងច្រកគយជាដើម។
ជាមួយគ្នានេះលោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិបានវាយតម្លៃថា នៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា មេដឹកនាំកម្ពុជា និងវៀតណាមនឹងពិភាក្សាគ្នាលើបញ្ហាសន្តិសុខពលរដ្ឋ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងវប្បធម៌ជាដើម។ បើតាមអ្នកជំនាញរូបនេះ បើមើលតែក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្មកម្ពុជា-វៀតណាមមានទំនាក់ទំនងយ៉ាងទូលំទូលាយក្នុងការបំពេញទីផ្សារឱ្យគ្នាទៅវិញទៅមក ដូច្នេះ លោកបណ្ឌិតជឿជាក់ថា ការជំរុញទំហំពាណិជ្ជកម្មឱ្យឈានដល់២០ពាន់លានដុល្លារនឹងអាចសម្រេចបាននៅក្នុងអាណត្តិនាយករដ្ឋមន្រ្តីថ្មីរបស់វៀតណាមនេះ ដោយសារបច្ចុប្បន្នកម្ពុជាកំពុងកាត់ផ្តាច់ប្រភពទំនិញពីប្រទេសថៃ ដែលអាចជំរុញឱ្យតម្រូវការទំនិញពីវៀតណាមហក់ឡើងខ្ពស់។
សូមជម្រាបថា លោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាមនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៦។ នៅក្នុងអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជា លោក ឡេ មិញ ហ៊ឹង នឹងចូលគាល់ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សតី, ជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ លើសពីនេះ មេដឹកនាំវៀតណាមរូបនេះ នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា។
គួរជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមសម្រេចបានទឹកប្រាក់ជិត៨ពាន់លានដុល្លារកាលពីឆ្នាំ២០២៥ និងសម្រេចបានទឹកប្រាក់ជិត៦ពាន់លានដុល្លារនៅក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Prudential នៅជប៉ុន នឹងត្រូវកាត់ប្រាក់ខែ ៣០% ក្រោយបែកធ្លាយ​ករណី​បុគ្គលិក​បោកប្រាស់លុយ​អតិថិជន

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential Financial នៅប្រទេសជប៉ុន នឹងកាត់​បន្ថយប្រាក់បំណាច់របស់ខ្លួនចំនួន ៣…

តើកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិតជាធ្វើឱ្យពលរដ្ឋផុងខ្លួនជាមួយបំណុលឬយ៉ាងណា?

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអះអាងថា សមាគម និងគ្រឹះស្ថានជាសមាជិកតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់អ្នកខ្ចីប្រាក់ បញ្ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ