បើតាមប្រភពព័ត៌មានដដែលនេះ លោក Hiromitsu Tokumaru ប្រធានក្រុមហ៊ុន Prudential Life Insurance នៅជប៉ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់ពីររូបទៀត នឹងទទួលរងការកាត់បន្ថយប្រាក់បំណាច់ ៣០% រយៈពេល ៣ខែ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ បានរកឃើញថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយនេះ បានប្រព្រឹត្តកំហុសឆ្គងនៅក្នុងក្របខណ្ឌអភិបាលកិច្ច និងគំរូអាជីវកម្មរបស់ខ្លួន។
តាមរបាយការណ៍ស៊ើបអង្កេត ករណីនេះពាក់ព័ន្ធនឹងបុគ្គលិកផ្នែកលក់បច្ចុប្បន្ន និងអតីតបុគ្គលិកជាង ១០០នាក់ របស់ក្រុមហ៊ុន Prudential Life បានរកឃើញនូវការប្រព្រឹត្តកំហុសជាច្រើនមានចាប់ពីការណែនាំអតិថិជនឱ្យវិនិយោគលើគម្រោងក្លែងក្លាយ រហូតដល់ការខ្ចីប្រាក់ពីអតិថិជន។ ករណីទាំងនេះបានធ្វើឱ្យអតិថិជនរងការខាតបង់ប្រាក់សរុបប្រមាណ ២០លានដុល្លារ។
ករណីរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential នេះ គឺជារឿងអាស្រូវចុងក្រោយបង្អស់ក្នុងចំណោមរឿងអាស្រូវជាបន្តបន្ទាប់ ដែលបានវាយប្រហារឧស្សាហកម្មធានារ៉ាប់រងរបស់ប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត នៅពេលដែលគ្រួសារនានាកំពុងស្វែងរកការវិនិយោគប្រាក់សន្សំរបស់ពួកគេបន្ថែមទៀត។
យោងតាមប្រភពព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ដែរថា និយតករហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន កំពុងពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life ដោយរួមទាំងបទបញ្ជាផ្អាកអាជីវកម្មជាបណ្តោះអាសន្នផងដែរ។
គណៈកម្មការស៊ើបអង្កេតបានរកឃើញថា បញ្ហានេះមិនមែនកើតឡើងត្រឹមតែពីសកម្មភាពរបស់បុគ្គលិកមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែមានឫសគល់ពី ភាពខ្សោយនៃប្រព័ន្ធអភិបាលកិច្ច និងគំរូអាជីវកម្មរបស់ក្រុមហ៊ុន ផងដែរ។ ប្រព័ន្ធវាយតម្លៃ និងផ្តល់ប្រាក់បំណាច់របស់ក្រុមហ៊ុន ត្រូវបានរកឃើញថាបានជំរុញឱ្យបុគ្គលិកផ្តោតខ្លាំងលើលទ្ធផលរយៈពេលខ្លី។
ជាការឆ្លើយតប Prudential Life សន្យានឹងកែសម្រួលប្រព័ន្ធប្រាក់បំណាច់ និងការវាយតម្លៃបុគ្គលិក ដើម្បីលើកទឹកចិត្តឱ្យមានការផ្តោតលើ ទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជន ការអនុវត្តតាមបទប្បញ្ញត្តិ និងការលក់ប្រកបដោយភាពត្រឹមត្រូវ៕