ត្បិតថា អាជីវកម្ម Franchise កំពុងមានការពេញនិយមធ្វើ និងមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់សហគ្រិននៅក្នុងស្រុក ពិសេស គឺសហគ្រិនវ័យក្មេងក្ដី ប៉ុន្ដែ មានសហគ្រិនមិនច្រើននោះទេ ដែលបានយល់ស៊ីជម្រៅពីគំរូអាជីវកម្មមួយនេះ។
យ៉ាងណាក៏ដោយ បើយើងពិនិត្យមើលឲ្យស៊ីជម្រៅទៅក្នុងអាជីវកម្ម Franchise នៅក្នុងទីផ្សារកម្ពុជា គឺប្រៀបបីដូចជាកំបិតមុខពីរយ៉ាងដូច្នោះដែរ ប្រសិនបើអ្នកប្រតិបត្តិអាជីវកម្មនេះ ពិសេសគឺអ្នកទិញសិទ្ធិបន្តមិនបានគិតគូរឲ្យបានម៉ត់ចត់។
វិសាលភាពអាជីវកម្ម Franchise នៅកម្ពុជា
មុននឹងយើងចូលទៅក្នុងខ្លឹមសារលម្អិតថា តើមានហេតុផលអ្វីខ្លះដែល Franchise ជាកំបិតមុខពីរសម្រាប់ទីផ្សារកម្ពុជា យើងគប្បីស្វែងយល់ពីគំរូ និងវិសាលភាពនៃអាជីវកម្មនេះ ដែលកំពុងគ្របដណ្ដប់លើទីផ្សារកម្ពុជាជាមុនសិន។
Franchise ត្រូវបានគេស្គាល់ថា គឺជាគំរូអាជីវកម្មមួយដែលផ្ដល់នូវការទិញលក់សិទ្ធិសម្រាប់ធ្វើអាជីវកម្មបន្ត ក្រោមការផ្ដល់នូវគំរូ ឬរូបមន្តយ៉ាងជាក់លាក់ក្នុងការប្រតិបត្តិការអាជីវកម្មពីម្ចាស់ដើមនៃអាជីវកម្ម ទៅកាន់អ្នកទិញសិទ្ធិបន្ត។ ភាពងាយស្រួលជាមួយការអនុវត្តតាមរូបមន្ដដើមនេះហើយ ទើបជំរុញឲ្យមានការនិយមទិញ Franchise បន្ត បើទោះបីជាអ្នកទិញនោះមិនមានបទពិសោធន៍ក្នុងអាជីវកម្មក៏ដោយ។
យ៉ាងណាក៏ដោយ នៅកម្ពុជាមិនទាន់មានច្បាប់កំណត់ជាក់លាក់ស្ដីពីអាជីវកម្ម Franchise នេះនៅឡើយទេ ប៉ុន្ដែពីមួយឆ្នាំទៅមួយឆ្នាំ អាជីវកម្មនេះបានហូរចូលមកកម្ពុជាកាន់តែច្រើនឡើងៗ តួយ៉ាង ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលមានប្រភពដើមពីបរទេសកំពុងរីកដុះដាលដូចផ្សិតនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត ខណៈដែលយីហោ Franchise ដែលបានបង្កើតឡើងផ្លូវការនិងប្រកាសលក់នៅក្នុងស្រុកមានមិនទាន់ដល់៥យីហោផង។
ទោះបីជាមិនមានរបាយការណ៍ជាក់លាក់ អំពីចំនួនអាជីវកម្ម Franchise នៅកម្ពុជាយ៉ាងណាក្ដី ប៉ុន្ដែ បើរាប់ត្រួសៗទៅ យីហោអាជីវកម្ម Franchise មកពីបរទេសដែលកំពុងដំណើរការនៅកម្ពុជា មានប្រមាណ១០០យីហោផ្សេងគ្នា ដែលក្នុងនោះកំពុងប្រតិបត្តិលើភោជនីយដ្ឋាន ហាងកាហ្វេ និងក្រុមហ៊ុនផ្ដល់សេវាកម្មមួយចំនួនទៀត។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺទម្រាំតែអាចនាំចូលយីហោ Franchise បរទេសទាំងនោះបានមកមួយៗ សហគ្រិនដែលជាអ្នកទិញសិទ្ធិបន្ត ត្រូវចំណាយចាប់ពីខ្ទង់សិបម៉ឺនដុល្លារ រហូតដល់លានដុល្លារក៏មាន ដែលវាអាស្រ័យទៅតាមប្រភេទអាជីវកម្មតូច ឬធំ។
ទោះបីជាអាជីវកម្មនេះ ហាក់បីដូចជាថ្មីសម្រាប់ទីផ្សារកម្ពុជា ប៉ុន្ដែ បើយើងរាប់ថយក្រោយពីវត្តមានដំបូងរបស់យីហោ Franchise ដែលឈានជើងជាន់ទីផ្សារកម្ពុជា គឺមានមិនក្រោម១០ឆ្នាំនោះទេ ដែលក្នុងនោះ ហាង The Pizza Company គឺត្រូវបានគេមើលឃើញថា ជាយីហោមួយចំណាស់ជាងគេនៃអាជីវកម្ម Franchise ដែលហក់ចូលមកក្នុងទីផ្សារកម្ពុជា នៅឆ្នាំ២០០៥។
ហេតុអ្វីបានជា Franchise ជាកាំបិតមុខពីរសម្រាប់ទីផ្សារកម្ពុជា?
កាំបិតមុខពីរ វាមានប្រយោជន៍ក្នុងការប្រើប្រាស់ ពោលគឺវាមានមុខមុតទាំងសងខាង ប៉ុន្ដែ ក៏ទាមទារឲ្យអ្នកប្រើប្រាស់ចេះកាន់ និងប្រុងប្រយ័ត្នខ្ពស់ផងដែរ។
យ៉ាងណាមិញ ការធ្វើអាជីវកម្ម Franchise ក៏ដូចគ្នាដែរ វាទាមទារឲ្យអ្នកប្រតិបត្តិត្រូវសិក្សាមើលទាំងទីផ្សារក្នុងនិងក្រៅ និងរយៈពេលនៃការវិនិយោគ មុននឹងសម្រេចបង្កើតឡើង ឬនាំចូលមកលក់បន្តនៅកម្ពុជា។ ជាទូទៅ អ្នកប្រតិបត្តិក្នុងប្រព័ន្ធអាជីវកម្មនេះ ចែកចេញជា ៣ភាគី៖
១. ម្ចាស់ដើមអាជីវកម្ម (Franchisor)៖ គឺជាក្រុមហ៊ុនមេដែលបង្កើត ប្រតិបត្តិ និងមានសិទ្ធិលក់ចែកចាយ Franchise បន្ត ទៅឲ្យអ្នកផ្សេងទៀត។
២. អ្នកទិញសិទ្ធិបន្ត និងចែកចាយ (Master Franchisee)៖ ជាក្រុមហ៊ុនដែលបានទិញសិទ្ធិបន្តពីម្ចាស់ដើម (Franchisor) ដើម្បីនាំចេញមកកាន់ប្រទេស ឬតំបន់ផ្សេងពីម្ចាស់ដើម ហើយមានសិទ្ធិលក់ Franchise បន្តទៅឲ្យអ្នកផ្សេងទៀត និងមានសិទ្ធិធ្វើទីផ្សារផ្សព្វផ្សាយដោយខ្លួនឯង។
៣. អ្នកទិញសិទ្ធិបន្ត ( Franchisee)៖ អ្នកទិញសិទ្ធិបន្តពី Franchisor ឬ Master Franchisee តែមិនមានសិទ្ធិលក់ Franchise បន្តទៅឲ្យអ្នកផ្សេង និងគ្មានសិទ្ធិធ្វើការផ្សព្វផ្សាយដោយខ្លួនឯងឡើយ ហើយត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយ Franchisor ឬ Master Franchisee។
បើយើងពិនិត្យមើលនៅក្នុងទីផ្សារកម្ពុជាជាក់ស្ដែង ក្នុងចំណោមប្រតិបត្តិករទាំង៣នេះ គឺមានភាគច្រើនជាបុគ្គលទី២ និងទី៣ ពោលគឺគ្រាន់តែជាអ្នកទិញបន្តមកចែកចាយ និងលក់ផលិតផលចុងក្រោយទៅកាន់អ្នកប្រើប្រាស់ តែមិនបានដើរតួជាអ្នកផលិតផ្ទាល់នោះទេ។
ត្រង់នេះហើយ គឺជាអ្វីដែលយើងគ្រប់គ្នា ក៏ដូចជាសហគ្រិនក្នុងស្រុកត្រូវផ្ដោតការយកចិត្តទុកដាក់ ព្រោះថា លំហូរប្រភពទុនដុលត្រូវបានហូរចេញពីមួយឆ្នាំទៅមួយឆ្នាំទៅក្រៅប្រទេស ព្រោះថា ការចំណាយលើការទិញសិទ្ធិនាំចូលមកនេះគឺមានច្រើនគួរឲ្យកត់សម្គាល់។
ឧទាហរណ៍៖ អ្នកចង់បានយីហោហាងកាហ្វេ Franchise កម្រិតមធ្យមមួយមកពីក្រៅប្រទេស អ្វីដែលអ្នកត្រូវចំណាយនោះមានដូចជា៖
មុនពេលបើកហាង
- បង់ថ្លៃសិទ្ធិលើស្លាកយីហោអាជីវកម្ម៖ មិនក្រោម១ម៉ឺនដុល្លារនោះទេ ដែលវាគ្រាន់តែជាការដោះដូរដើម្បីមានសិទ្ធិយកឈ្មោះ ឬយីហោហាងរបស់គេមកប្រើ និងមានការផ្ដល់ជូនសេវាបន្ទាប់បន្សំមួយចំនួនប៉ុណ្ណោះ។
- បង់ថ្លៃលើសេវាបំពាក់បំប៉ន៖ ប្រសិនបើការហ្វឹកហ្វឺនបុគ្គលិកជំនាញរបស់អ្នកកាន់តែប្រើពេលយូរ នោះអ្នកនឹងត្រូវចំណាយកាន់តែច្រើន ដែលវាក៏មានតម្លៃគួរសមដែរ អាស្រ័យលើប្រភេទអាជីវកម្មនីមួយៗ។
- ចំណាយលើការរៀបចំបង្កើតហាង៖ ប្រសិនបើអ្នកបើកហាងនៅលើទីតាំងល្អ ទំហំធំល្មមសមរម្យ នោះតម្លៃជួលក៏មានកាន់តែខ្ពស់ បូករួមទាំងការចំណាយលើការសាងសង់ហាង ដេគ័រ ទិញសម្ភារៈ និងការចំណាយលើការបើកសម្ពោធជាដើម។
គិតត្រឹមក្នុងដំណាក់កាលបើកហាងបានចេញជារូបរាងនេះ អ្នកអាចចំណាយមិនក្រោម១៥ម៉ឺនដុល្លារនោះទេសម្រាប់ហាងមួយ ហើយក្នុងនោះ រាល់ការចំណាយទាំងអស់មិនថាមួយកាក់មួយសេនឡើយ គឺអ្នកត្រូវចំណាយខ្លួនឯងទាំងអស់ រីឯ Franchisor គ្រាន់តែជួយចេញគំនិតយោបល់ប៉ុណ្ណោះ។
នៅមិនទាន់អស់នោះទេ ក្រោយពីបើកហាង និងមានប្រតិបត្តិការលក់ អ្នកក៏នឹងត្រូវមានកាតព្វកិច្ចបង់ចំណាយផ្សេងទៀត ទៅឲ្យ Franchisor ផងដែរ។
ក្រោយពេលបើកហាង និងប្រតិបត្តិការ
- ចំណាយលើសិទ្ធិប្រតិបត្តិការប្រចាំខែ (Royalty Fee)៖ ជារៀងរាល់ខែ អ្នកនឹងត្រូវបង់ចំណាយទៅកាន់ Franchisor មិនក្រោម៥%នៃចំណូលលក់បាននោះទេ (អាចមានលើសពី៥% ឬ ១០% ទៅតាមការកំណត់របស់ Franchisor)។
- ចំណាយលើការផ្សព្វផ្សាយ៖ ជាទូទៅ ក្នុងមួយខែៗ បន្ថែមពីលើការចំណាយលើ Royalty អ្នកក៏ត្រូវបង់បន្ថែមទៅលើថ្លៃសេវាផ្សព្វផ្សាយផងដែរ ដែលវាមានចាប់ពី២% ទៅ៥%។
- ចំណាយបន្ទាប់បន្សំផ្សេងទៀត នៅពេលមានការចុះត្រួតពិនិត្យគុណភាព ដោយ Franchisor។
ក្រៅពីការចំណាយទាំងនេះ អ្នកក៏ត្រូវដឹងដែរថា អាជីវកម្ម Franchise ដែលអ្នកទិញនោះ នឹងមិនមែនជារបស់អ្នកជារៀងរហូតនោះឡើយ ពោលគឺនឹងត្រូវផុតកំណត់ត្រឹមរយៈពេល ៥ឆ្នាំ ឬ ១០ឆ្នាំ ឬ២០ឆ្នាំ ទៅតាមការកំណត់ពី Franchisor។
យ៉ាងណាក៏ដោយ អ្វីដែលកំពុងភ្លូកទឹកភ្លូកដីនៅទីផ្សារកម្ពុជាបច្ចុប្បន្ននេះ គឺការនិយមទិញ Franchise បន្ត ទាំងការទិញជា Master Franchisee និង Franchisee។ ប៉ុន្ដែ ហានិភ័យភាគច្រើន គឺតែងកើតមានទៅលើអ្នកទិញជា Franchisee ច្រើនជាង ព្រោះថា ពួកគាត់គឺជាអ្នកទិញចុងក្រោយ ដែលមិនអាចលក់សិទ្ធិបន្តទៅឲ្យអ្នកផ្សេងទៀតបានឡើយ។
ប្រសិនបើពួកគាត់ទិញមកហើយ លក់ដាច់បានតែមួយឆាវដំបូង នោះគាត់ច្បាស់ជាត្រូវឡុងចុងដោយសារតែចំណូលទប់មិនរួចនឹងចំណាយដូចមានបកស្រាយខាងលើ។
ដោយឡែក Master Franchisee នៅពេលដែលអាជីវកម្មកំពុងពេញនិយមខ្លាំង ពួកគេឆ្លៀតឱកាសនេះ ដើម្បីលក់ចេញទៅឲ្យ Franchisee ឲ្យបានកាន់តែច្រើន។ ក្នុងកាលៈទេសៈនេះ ប្រសិនបើក្រុមហ៊ុនរបស់ Master Franchisee មិនសូវមានសមត្ថភាពគ្រប់គ្រងគ្រប់គ្រាន់ទេ នោះមិនយូរមិនឆាប់ បញ្ហានឹងចាក់ដោតទៅលើអាជីវកម្មទាំងមូល ដែលវាត្រូវបានគេប្រដូចទៅនឹងខ្សែច្រវាក់កង់ ឬម៉ូតូដូច្នោះដែរ ប្រសិនបើមានត្រង់ណាមួយមានបញ្ហាដាច់ហើយ នោះវាអាចនឹងធ្វើឲ្យកន្លែងផ្សេងទៀតនឹងត្រូវប៉ះទង្គិចដូចគ្នាដែរ។
ខេមបូណូមីស សូមធ្វើការបកស្រាយប៉ុណ្ណឹងសិនទៅចុះ ហើយនៅភាគទី២ យើងនឹងបន្តលើកយកពីរបៀបប្រើប្រាស់កំបិតមុខពីរនេះ ឲ្យមានប្រសិទ្ធិភាព។ ដូច្នេះ សូមរង់ចាំតាមដានដោយមេត្រី!