![តម្លៃដំឡូងមីបច្ចុប្បន្នមានស្ថាភាពយ៉ាងណាហើយ?](https://cdn.cambonomist.com/media/images/mkknbrtskmpch_nknngkchchbrchhrplpr.2e16d0ba.fill-960x540.jpg)
លោក ប្រ៉ក ប្រ៉ម កសិករដាំដំឡូងមីម្នាក់នៅខេត្តឧត្តរមានជ័យបានប្រាប់សារព័ត៌មាន ខេមបូណូមីសថា នៅប៉ុន្មានមុនតម្លៃក្រៀមបានឡើងដល់៥៨០រៀលក្នុង១គីឡូក្រាម តែបច្ចុប្បន្នបានធ្លាក់ចុះមកនៅត្រឹម៥៤០រៀលក្នុងមួយគីឡូក្រាម ខណៈដំឡូងមីស្រស់មានតម្លៃក្រោម២០០រៀលក្នុង១គីឡូក្រាម។ ប៉ុន្តែបើកសិករលក់ឱ្យរោងចក្រដោយផ្ទាល់អាចទទួលបានតម្លៃខ្ពស់ជាងនេះក្នុងរង្វង់២៣០ក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងមីស្រស់។ ទោះបីតម្លៃដំឡូងមីមានការធ្លាក់ចុះក៏ដោយ តែកសិកររូបនេះបានអះអាងថា ខ្លួននឹងនៅតែបន្តដាំដំឡូងមី ដោយសង្ឃឹមថា តម្លៃដំឡូងមីក្រៀមអាចនឹងឡើងដល់ចន្លោះពី៦០០រៀលទៅ៧០០រៀលក្នុងមួយគីឡូក្រាមនាពេលខាងមុខ។
ជាមួយគ្នានេះលោក ណន សំណាង អ្នកដាំដំឡូងមីម្នាក់នៅខេត្តព្រះវិហារបានគូសបញ្ចាក់ថា ដំឡូងមីស្រស់នៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃចន្លោះពី២០០រៀលទៅ២២០ក្នុង១គីឡូក្រាម ចំណែកដំឡូងស្ងួតអាចលក់បានចន្លោះពី៥២០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាម តែតម្លៃនេះហាក់មិនស្ថិរភាពនោះទេ។ កសិកររូបនេះបានអះអាងថា ប្រសិនបើកតម្លៃដំឡូងមិនមានការកើនឡើងទេនោះ កសិករនៅតំបន់លោកមួយចំនួនអាចនឹងបោះបង់ការដាំដំឡូងមី ហើយងាកទៅដាំដំណាំផ្សេង។
មិនខុសគ្នានពីកសិករទាំងពីររូបខាងលើនោះទេ លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរបានលើកឡើងថា ស្ថានភាពតម្លៃដំឡូងមីបច្ចុប្បន្នមិនទាន់មានភាពល្អប្រសើរនៅឡើយទេ បើធៀបនឹងតម្លៃកាលពីឆ្នាំមុនដែលបញ្ហានេះកំពុងបង្កការលំបាកដល់កសិករ។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ ស្របពេលដំឡូងមីកំពុងជួបវិបិត្តទីផ្សារ និងមានគុណភាពមិនសូវល្អ មានឈ្មួញខិលខូចមួយចំនួនបានយកដីចាក់ពីលើដូឡូងមី ដើម្បីបន្ថែមទម្ងន់ដំឡូង ហើយបញ្ហានេះកំពុងដាក់សម្ពាធបន្ថែមទៀតមកលើទីផ្សារដំឡូងមីកម្ពុជា។
លោក អិល ឈិញ បានអះអាងថា សមាគមដំឡូងមីខ្មែរបានចុះអប់រំ និងផ្សព្វផ្សាយពីការជ្រើសរើសដីក្នុងការដាំដុះដំណាំដំឡូងមី និងការប្រើប្រាស់ជីកសិកម្មដល់កសិករ និងបានជំរុញឱ្យកសិករផ្លាស់ប្ដូរដីដែលធ្លាប់ដាំមិនទទួលបានផលល្អ ងាកទៅដាំលើដីផ្សេង ដែលអាចទទួលបានទិន្នផលខ្ពស់ជាងមុន៕
អត្ថបទដោយ៖ ជា ម៉ារ៉ា