បើតាមការអះអាងរបស់ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា អតិថិជនដែលត្រូវបានគេរំពឹងថា នឹងចូលរួមវិនិយោគទិញមូលបត្របំណុលរបស់រដ្ឋាភិបាលនេះ រួមមានវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ, វិស័យធានារ៉ាប់រង និងបេឡារបបសន្តិសុខសង្គមជាដើម ខណៈដែលការលក់ឲ្យបុគ្គលដែលជាពលរដ្ឋម្នាក់ៗវិញ ទំនងជាមិនទាន់អាចធ្វើទៅបាននៅឡើយទេ។ តើមូលបត្របំណុលរបស់រដ្ឋ និងមូលបត្របំណុលឯកជន មានភាពខុសគ្នាដូចម្តេច? ហើយមួយណាមានហានិភ័យខ្ពស់ជាង?
ផ្សារមូលបត្រកម្ពុជានឹងទទួលបានឧបករណ៍ជួញដូរភាគហ៊ុនថ្មីមួយបន្ថែមទៀត ក្រោយរាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋ ដែលមានតម្លៃប្រមាណ៣០០លានដុល្លារអាមេរិកនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២នេះ។ ប៉ុន្តែ មកទល់ពេលនេះ រាជរដ្ឋាភិបាលមិនទាន់បានកំណត់ពីពេលវេលាជាក់លាក់ក្នុងការបោះផ្សាយលក់បណ្ណបំណុលនេះនៅឡើយទេ។ ទោះយ៉ាងណាកាលពីថ្ងៃទី៣១ ឧសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំមកពីវិស័យធានារ៉ាប់រង និងវិស័យហិរញ្ញវត្ថុទាំងរដ្ឋ និងឯកជន ដើម្បីសិក្សា និងស្ទាបស្ទង់ពីសន្ទុះទីផ្សារនៃការចូលរួមវិនិយោគក្នុងមូលបត្របំណុលរបស់រដ្ឋនេះរួចហើយដែរ។ តើមូលបត្របំណុលដែលបោះផ្សាយដោយរដ្ឋ និងមូលបត្របំណុលដែលបោះផ្សាយដោយក្រុមហ៊ុនឯកជនមានលក្ខខណៈខុសគ្នាដូចម្តេច?
ពាក់ព័ន្ធបញ្ហានេះឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា មូលបត្របំណុលរបស់រដ្ឋជាទូទៅមានការបោះផ្សាយនៅក្នុងទំហំទឹកប្រាក់ច្រើន ហើយអ្នកវិនិយោគសក្ដានុពលដែលជាអ្នកទិញមូលបត្របំណុលរដ្ឋ គឺជាក្រុមហ៊ុន និងស្ថាប័នធំៗ មិនសូវមានការបោះផ្សាយលក់សម្រាប់ពលរដ្ឋទូទៅម្នាក់ៗនោះទេ ដោយសារតែវាលំបាកក្នុងការគ្រប់គ្រង។ ដោយឡែក មូលបត្របំណុលរបស់ក្រុមហ៊ុនឯកជនវិញ បោះផ្សាយក្នុងទំហំទឹកប្រាក់តិចជាងមូលមូលបត្របំណុលរដ្ឋ ហើយមូលបត្របំណុលឯកជន អាចលក់ទៅឲ្យក្រុមហ៊ុន ស្ថាប័ននានា និងអាចលក់ទៅឲ្យបុគ្គលម្នាក់ៗផងដែរ។ បើនិយាយពីកម្រិតហានិភ័យវិញ មូលបត្របំណុលឯកជនមានហានិភ័យខ្ពស់ជាងមូលបត្របំណុលរបស់រដ្ឋ ព្រោះក្រុមហ៊ុនឯកជនអាចប្រឈមនឹងការក្ស័យធន ប៉ុន្ដែរដ្ឋមិនងាយនោះទេ ពោលគឺការក្ស័យធនមានកម្រិតតិចតួចបំផុត។ ប៉ុន្ដែ ឯកឧត្តម ហុង សុហួរ អះអាងថា អ្នកវិនិយោគអាចមានជម្រើសវិនិយោគលើមូលបត្របំណុលឯកជន ដ្បិតថា ការប្រាក់ ឬកូប៉ុងនៃមូលបត្របំណុលនោះ គឺមានខ្ពស់ជាងមូលបត្របំណុលរបស់រដ្ឋ។
ឯកឧត្តម ហុង សុហួរ បានវាយតម្លៃថា អតិថិជនគោលដៅដែលនឹងចូលរួមវិនិយោគទិញមូលបត្របំណុលរបស់រដ្ឋភាគច្រើនអាចជាវិស័យធនាគារ និងហិរញ្ញវត្ថុ, វិស័យធានារ៉ាប់រង និងបេឡាជាតិរបបសន្តិសុខសង្គម ព្រោះស្ថាប័នទាំងនេះមានទុនបម្រុងច្រើន។ ជាពិសេស ពួកគេចង់ប្រើប្រាស់ថវិកា ដែលនៅសល់ទាំងនោះឲ្យមានប្រយោជន៍ ជាជាងទុកចោល។
សូមបញ្ជាក់ថា មូលបត្របំណុលរបស់រដ្ឋដែលគ្រោងបោះផ្សាយលក់ក្នុងទំហំ ៣០០លានដុល្លារ នៅក្នុងខែមិថុនានេះ គឺមានតម្លៃក្នុងមួយបណ្ណ ១លានរៀលជាមួយអត្រាគូប៉ុងថេរ ដោយការគិតគូប៉ុង ឬការប្រាក់ធ្វើឡើងរៀងរាល់៦ខែម្តង។ ប៉ុន្ដែ នៅមិនទាន់បានកំណត់ថា តម្លៃកូប៉ុង ឬការប្រាក់នោះ មានអត្រាប៉ុន្មាននៅឡើយទេ។ ចំណែការទូទាត់ប្រាក់ដើមធ្វើឡើងនៅចុងឥណប្រតិទាន ដែលមានរយៈពេល៣ឆ្នាំ។ គោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោះផ្សាយលក់មូលបត្របំណុលនេះ គឺដើម្បីបង្កើតប្រភពហិរញ្ញប្បទានក្នុងការកៀរគរទុនរបស់រដ្ឋ ដែលកំពុងមានតម្រូវការសម្រាប់ប្រើប្រាស់ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩៕