ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ ទី ២៩ តុលា បានផ្អាកការចូលរួមនៅក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិពីកំ

កត្ដាអ្វីជំរុញឲ្យរុស្ស៊ីផ្អាកការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនចេញពីសមុទ្រខ្មៅឡើងវិញ?


ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ ទី ២៩ តុលា បានផ្អាកការចូលរួមនៅក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅ ដែលមានអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាលដើម្បីនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែនវិញហើយ។
កត្ដាអ្វីជំរុញឲ្យរុស្ស៊ីផ្អាកការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនចេញពីសមុទ្រខ្មៅឡើងវិញ?

ការផ្អាកនេះ ធ្វើឡើង​បន្ទាប់ពីទីក្រុងម៉ូស្គូបាននិយាយចោទប្រកាន់ទៅលើ​អ៊ុយក្រែនថា បានវាយប្រហារដោយដ្រូនទៅលើកងនាវាចម្បាំងរបស់ខ្លួនក្នុងតំបន់គ្រីមៀ ដែលការណ៍នេះបានធ្វើឱ្យគោលបំណងរបស់អង្គការសហប្រជាជាតិក្នុងការបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោកប្រែក្លាយអាសារបង់ទៅវិញ និងកំពុងបង្កជាក្ដីបារម្ភខ្លាំងជាថ្មីទៀតផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ក្រោយពីរុស្ស៊ីប្រកាសផ្អាកនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនពីតំបន់សមុទ្រខ្មៅ ប្រធានាធិបតីអាមេរិកលោក លោក Joe Biden បាននិយាយខ្លាំងៗថា៖ «វានឹងបង្កើនភាពអត់ឃ្លានកាន់តែខ្លាំង ដោយថារុស្ស៊ីពិតជាគ្មានមេត្តាធម៌សោះឡើយ ចំពោះអ្វីដែលខ្លួនកំពុងតែធ្វើនោះ ហើយវាគួរតែជាទីបញ្ចប់នៃកិច្ចព្រមព្រៀមរបស់អង្គការសហប្រជាជាតិផងដែរ»។ មែនទែនទៅ កិច្ចព្រមព្រៀងលើការនាំចេញគ្រាប់ធញ្ញជាតិ ដែលអង្គការសហប្រជាជាតិបានដើរតួសម្របសម្រួលនោះ បានអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនក្នុងចំនួនជាច្រើន ទៅកាន់ទីផ្សារពិភពលោក ព្រោះអ៊ុយក្រែនជាអ្នកនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតមួយសម្រាប់ពិភពលោក។

ប៉ុន្ដែ នៅថ្ងៃទី ២៩ តុលា ក្រោយក្រសួងការពារជាតិរុស្ស៊ីបានគូសបញ្ជាក់ថា អ៊ុយក្រែនបានវាយប្រហារកងនាវាចម្បាំងនៅសមុទ្រខ្មៅក្បែរទីក្រុង Sevastopol នៅតំបន់គ្រីមៀ ដោយបានប្រើយន្តហោះដ្រូនចំនួន ១៦ គ្រឿង ហើយទីក្រុងម៉ូស្គូបានចោទថាមាន «ក្រុមជំនាញយោធាអង់គ្លេស» ជាអ្នកជួយនៅពីក្រោយការវាយប្រហារនោះផងដែរ។

ដោយឡែក ប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍ ទី ២៩ តុលាបានចេញមុខអះអាងថា ការចោទរបស់រុស្ស៊ីដែលថាកងទ័ពជើងទឹករបស់ខ្លួនបានបំផ្ទុះបំពង់បង្ហូរ Nord Stream និងជាអ្នកនៅពីក្រោយការវាយប្រហារនៅគ្រីមៀនោះ មិនពិតសោះឡើយ ដោយថាទីក្រុងម៉ូស្គូកំពុងបង្វែរការចាប់អារម្មណ៍ពីការទទួលបរាជ័យយោធាខ្លួនក្នុងប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ។

មួយវិញទៀត រុស្ស៊ីបានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅក្នុងលិខិតមួយដែលត្រូវបានផ្សាយដោយទីភ្នាក់ងាររ៉យទ័រថា «ខ្លួនកំពុងផ្អាកកិច្ចព្រមព្រៀងដែលមិនកំណត់រយៈពេល» ព្រោះខ្លួនមិនអាច «ធានាសុវត្ថិភាពនៃកប៉ាលស៊ីវិល» ដែលធ្វើដំណើរឆ្លងកាត់សមុទ្រខ្មៅបានទេនាពេលនេះ។

យោងតាមអ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៃមជ្ឈមណ្ឌលសម្របសម្រួលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបង្កើតឡើងដោយមន្ត្រីអង្គការសហប្រជាជាតិ រុស្ស៊ី អ៊ុយក្រែន និងតួកគីបាននិយាយថា មានកប៉ាលដឹកគ្រាប់ធញ្ញជាតិចេញនិងចូលចំនួន ៤ គ្រឿងបានឆ្លងកាត់ច្រករបៀងសមុទ្រដោយសុវត្ថិភាព។ តាមលោក Amir Abdulla បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មាននាវាជាង ១០ ទាំងចេញ និងចូលកំពុងរង់ចាំចូលច្រករបៀងនោះ» ផងដែរ។

ចំណែកឯ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយដែរថា ទង្វើរុស្ស៊ីនាពេលនេះ គឺមិនសមហេតុផលសោះឡើយ ដោយលោកទាមទារឱ្យមានការឆ្លើយតបជាអន្តរជាតិឱ្យបានខ្លាំងក្លា ពីសំណាក់អង្គការសហប្រជាជាតិ និងក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង ២០។

លោកបានបន្ថែមថា «នេះគឺជាប៉ុនប៉ងយ៉ាងច្បាស់របស់រុស្ស៊ី ដើម្បីធ្វើឱ្យមានគ្រោះអត់ឃ្លានទ្រង់ទ្រាយធំសាជាថ្មីសម្រាប់ទ្វីបអាហ្រ្វិក សម្រាប់អាស៊ី ដោយលោកថា ប្រទេសរុស្ស៊ីគួរតែត្រូវបានបណ្តេញចេញពីក្រុមប្រទេស G២០ តែម្តង»។

គួរលឹកថា ចាប់តាំងពីប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសទួរគីកាលពីថ្ងៃទី ២២ ខែកក្កដាកន្លងទៅ ទិន្នផលពោត ស្រូវសាលី ផលិតផលផ្កាឈូករ័ត្ន ស្រូវបាឡេ និងសណ្តែកជាង ៩ លានតោនត្រូវបាននាំចេញពីប្រទេសអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមលោក Turan Oguz អ្នកវិភាគផ្នែកការពារជាតិតួកគីបាននិយាយថា «ទោះបីជាតម្លៃស្បៀងនៅក្នុងទីផ្សារលោកខាងលិចត្រូវបានកាត់បន្ថយក៏ដោយ ប៉ុន្តែរុស្ស៊ីមិនទទួលបានអ្វីពីកិច្ចព្រមព្រៀងនេះទេ ហើយលោកគិតថា ហេតុផលចម្បងនៃការដកខ្លួនរបស់រុស្ស៊ីនេះគឺជាការព្រងើយកន្តើយរបស់លោកខាងលិចចំពោះរុស្ស៊ីនោះឯង»៕




អត្ថបទបន្ទាប់


ហ្វាំងឡង់ និងស៊ុយអែតសន្យាពួតដៃគ្នាយកឈ្នះតួកគី ដើម្បីចូលជាសមាជិកពេញសិទ្ធិណាតូឱ្យបាន

នាយករដ្ឋមន្រ្តីហ្វាំងឡង់នាពេលថ្មីៗនេះបានសន្យាថា ប្រទេសខ្លួននិងប្រទេសស៊ុយអែតនឹងចូលជាសមាជិកពេញសិទ្ធិ ពេញមុខពេញមាត់ របស់អង្គការសម្ព័ន្ធយោធាណ…

ប្រាក់ចំណូលរបស់ Apple កើនឡើងដល់ជាង ៣៩០ពាន់លានដុល្លារ ទោះមានវិបត្តិសេដ្ឋកិច្ចសាកល

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានទទួលប្រាក់ចំណូលកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្ហាញពីភាពខ្លាំងរឹងមាំ និងការឆ្លើយតបបានតាមតម្រូវការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ