តើភូមិកីឡាដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង ២០០លានដុល្លារ ដើរតួនាទីសំខាន់អ្វីខ្លះសម្រាប់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅខែក្រោយ?
នៅក្នុងបទសម្ភាសន៍ពិសេសមួយ ជាមួយខេមបូណូមីស កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានគូសបញ្ជាក់ឱ្យដឹងថា ភូមិកីឡាដ្ឋាន វើលដ៍ប្រ៊ីដ ត្រូវបានសាងសង់សម្រេចជាស្ថាពរ និងបានប្រគល់ជូនគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) រួចហើយផងដែរ សម្រាប់ត្រៀមទទួលប្រតិភូកីឡាមកពីបណ្តាប្រទេសផ្សេងៗ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ដល់១៦ ខែឧសភាខាងមុខនេះ។ អ្នកឧកញ៉ា សៀ ឫទ្ធី អះអាងថា ភូមិកីឡាដ្ឋានបានដើរតួនាទីយ៉ាងសំខាន់ ពោលគឺមានទីតាំងជាប់ទៅនឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបង្កភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការការប្រមូលផ្តុំកីឡាករពីពីបណ្តាប្រទេសផ្សេងៗ មកនៅក្បែរកន្លែងប្រកួតតែម្តង ដោយផ្តល់ភាពងាយស្រួលទាំងការផ្គត់ផ្គង់កន្លែងស្នាក់នៅ ការផ្គត់ផ្គង់អាហារ រក្សាបានសន្តិសុខ សុវត្ថិភាព ពិសេសងាយស្រួលក្នុងការចេញទៅប្រកួតឱ្យទាន់ពេលវេលាផងដែរ។
បើតាម អ្នកឧកញ៉ា សៀ ឫទ្ធី ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេមនៅពេលខាងមុខនេះ ប្រៀបបានទៅនឹងការផ្សាយអំពីសក្ដានុពលរបស់កម្ពុជាទៅកាន់ពីភពលោក ដោយបានផ្សាភ្ជាប់ទៅនឹងសេដ្ឋកិច្ច។ ពោលគឺក្រៅតែពីក្រុមកីឡាករដែលមកប្រកួតក្នុងព្រឹត្តិការណ៍នេះហើយនោះ ក៏មានការចូលរួមពីសំណាក់គណៈប្រតិភូ និងអ្នកគាំទ្រកីឡាផ្សេងៗដែរ ដូចនេះវាក៏ជាផ្នែកមួយនៃការមើលឃើញអំពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលអាចឈានទៅដល់ការបង្កើតការវិនិយោគផ្សេងៗដែរ។ អ្នកឧកញ៉ា សៀ ឫទ្ធី បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពិតជាបានផ្តល់ផលចំណេញ ជាច្រើនដល់កម្ពុជា មិនត្រឹមតែបានលើកមុខមាត់របស់ប្រទេសម្ពុជានៅលើឆាកអន្តរជាតិនោះទេ ថែមទាំងទាក់ទាញនូវភ្ញៀវទេសចរ និងអ្នកវិនិយោគចូលមកកម្ពុជាបន្ថែមទៀតផងដែរ។
សូមជម្រាបថា ភូមិកីឡដ្ឋានវើលប្រ៊ីដ លាតសន្ធឹងលើផ្ទៃដី ៦ហិកតា មានទីតាំងស្ថិតនៅក្បែរនឹងពហុកីឡាដ្ឋានមរតកតេជោ ដោយគម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មថ្មីស្រឡាងមួយទៀត នៃទីក្រុងនាគសម្តេចតេជោសែន ដោយតំបន់ពាណិជ្ជកម្មនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ ដោយក្នុងនោះ មានខុនដូរសម្រាប់ការស្នាក់នៅ១២អគារ ស្មើនឹងជាង១៣០០បន្ទប់ មានខុនដូរប្រភេទស្ទូឌីយ៉ូ១អគារ ស្មើនឹង១៦៣បន្ទប់ កម្ពស់១៣ជាន់និងក្រៅពីនេះ ក៏មានជាប្រភេទផ្ទះល្វែងស ផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្សារទំនើប សារមន្ទីរកីឡាជាដើម៕