តើសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមភាពមិនច្បាស់លាស់អ្វីខ្លះ?

តើសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមភាពមិនច្បាស់លាស់អ្វីខ្លះ? ហើយអាចរក្សាបានគោលដៅកំណើន៥% ឆ្នាំនេះដែរឬទេ?


ថ្នាក់ដឹកនាំធនាគារជាតិ នៃកម្ពុជាបានគូសបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាអាចប្រឈមនឹងភាពមិនប្រាកដប្រជាមួយចំនួន ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចសហភាពអឺរ៉ុប និងការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលអាចធ្វើឲ្យប៉ះពាល់ការនាំចេញ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ និងអចលនទ្រព្យ។ ទោះបីយ៉ាងនេះក្តី ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជានៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដោយរំពឹងថា នឹងបន្ដងើបឡើងជាង ៥%នៅឆ្នាំនេះ។
តើសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមភាពមិនច្បាស់លាស់អ្វីខ្លះ?

ធនាគារជាតិនៃកម្ពុជា ក៏រំពឹងផងដែរថា អត្រាអតិផរណាដែលកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ដោយសារការអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែននិងវិបត្តិជំងឺកូវីដ-១៩ នឹងមានការថយចុះនៅឆមាសទី២ឆ្នាំ២០២២។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថា ភាពមិនច្បាស់លាស់នៃការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ផលប៉ះពាល់នៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិតនៅក្នុងប្រទេសអភិវឌ្ឍន៍ និងមេរោគកូវីដ-១៩បំប្លែងថ្មី បាននិងកំពុងធ្វើសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាស្ថិតក្នុងភាពមិនច្បាស់នៃការងើបឡើងវិញ ព្រោះបញ្ហាទាំងនេះបាន និងកំពុងបង្កការប៉ះទង្គិចដល់ខ្សែច្រវាក់ផលិតកម្មសកល ដាក់សម្ពាធមកលើអត្រាអតិផរណាពិភពលោក និងបង្កើនលំហូរចេញនៃមូលធនពីប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ដែលនឹងដាក់សម្ពាធបន្ថែមលើតម្លៃរូបិយបណ្ណ និងទុនបម្រុងអន្តរជាតិនៅក្នុងប្រទេសទាំងនោះ។ កត្តានេះជំរុញឲ្យ IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំនេះផងដែរ។

ទោះបីយ៉ាងនេះក្តី ថ្នាក់ដឹកនាំធនាគារជាតិ នៃកម្ពុជា នៅតែមានសុទិដ្ឋនិយមខ្ពស់ចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយរំពឹងថា នឹងអាចងើបឡើងប្រមាណ ៥,៣%នៅឆ្នាំ២០២២ ខ្ពស់ជាងឆ្នាំ២០២១ ដែលមានកម្រិត៣%។ ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ ត្រូវបានរំពឹងគាំទ្រជាចម្បងដោយកំណើនការនាំចេញនៃវិស័យកម្មន្តសាល កំណើនវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម ជាមួយនឹងការងើបឡើងសន្សឹមៗនៃវិស័យទេសចរណ៍។

ឯកឧត្តម ជា ចាន់តូ បានគូសបញ្ជាក់ផងដែរថា ឥទ្ធិពលនៃការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទៅលើតម្លៃប្រេងឥន្ធនៈ និងការអនុវត្តវិធានការបិទខ្ទប់តំបន់ផលិតកម្មនៅប្រទេសចិន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យស្ថានភាពអត្រាអតិផរណារបស់កម្ពុជាស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់។ ឯកឧត្តមបានបន្តថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជាក៏បានកើនឡើងជាបន្តបន្ទាប់ដល់៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ។

ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង។ ក្នុងនោះ ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា ធនាគារជាតិនៃកម្ពុជានឹងដាក់ចេញយន្តការក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដើម្បីការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

សម្រាប់ឯកឧត្តម ជា ចាន់តូ ថ្វីបើការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកមិនមានឥទ្ធិពលដោយផ្ទាល់លើអត្រាការប្រាក់នៅកម្ពុជា ប៉ុន្តែអាចធ្វើឱ្យមានសម្ពាធលើអត្រាប្តូរប្រាក់ ដោយសារការឡើងថ្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។ មានសម្ពាធក៏ដោយសារនៅកម្ពុជា បានប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងទូលំទូលាយស្ទើរទូទាំងប្រទេស ដែលទាមទារឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសេវារបស់ខ្លួន ជាពិសេសបង្កើនប្រសិទ្ធភាពប្រតិបត្តិការនិងពិធិធកម្មសេវា ដើម្បីអាចកាត់បន្ថយការចំណាយនិងបង្កើនប្រភពចំណូលដោយចៀសវាងការដំឡើងអត្រាការប្រាក់។

ទន្ទឹមនឹងនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆមាសទី១ និងដាក់ទិសដៅអនុវត្តសម្រាប់ឆមាសទី២ប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ បានដាក់ចេញនូវផែនការការងារចំនួន៩ចំណុចឲ្យមន្ត្រីនិងស្ថាប័នពាក់ព័ន្ធនានាអនុវត្តក្នុងកាលៈទេសៈ ដែលពោរពេញដោយបញ្ហាប្រឈមនេះផងដែរ។ ផែនការទាំងនោះរួមមាន ការបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់, ការរក្សាអត្រាការប្រាក់ក្នុងកម្រិតសមស្រប, ការត្រួតពិនិត្យនិងការរក្សាស្ថិរភាពហិរញ្ញវត្ថុ, ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់, ការគ្រប់គ្រងចរាចរណ៍សាច់ប្រាក់, ការងារសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត, ការងារសមាគមមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា, ការគោរពវិន័យ និងការគ្រប់គ្រងធនធានមនុស្ស៕




អត្ថបទបន្ទាប់


ធនាគារ អេស ប៊ី អាយ លី ហួរ ចាប់ដៃជាមួយក្រុមហ៊ុន ប៊ីអេស លែន &ហូម និងក្រុមហ៊ុន អ៊ីស្ត លែន អេន ហូម ក្នុងការផ្តល់ឥណទានគេហដ្ឋានពិសេស

អ្នកឧកញ៉ា លី ហួរ ជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ អេសប៊ីអាយ លី ហួរ ម.ក និងលោកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន …

ការប្រមូលចំណូលដោយពន្ធដារសម្រេចបានជិត ២ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២២

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ បានប្រមាណជិត ២ពាន់លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០២២ ស្មើនឹងជិត ៧០% នៃផែនការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ