បើតាមសារព័ត៌មាន Bloomberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក លោក Mark Zuckerberg ជាមហាសេដ្ឋី១រូប ដែលមានទ្រព្យសម្បត្តិរហូតដល់២០០ពាន់លានដុល្លារ។ ហើយថ្មីៗនេះ លោកបានក្លាយជាសមាជិកថ្មីរបស់ក្លឹបមហាសេដ្ឋីទាំង៣ជាមួយនឹងមេដឹកនាំបច្ចេកវិទ្យា២រូបទៀត គឺលោក ជេហ្វ បេសូស (Jeff Bezos) ស្ថាបនិកក្រុមហ៊ុន Amazon ដែលមានទ្រព្យសម្បត្តិចំនួន១៨៨ពាន់លានដុល្លារ និងលោក អេឡិន ម៉ាស នាយកប្រតិបត្តិក្រុមហ៊ុន Tesla ដែលមានទ្រព្យសម្បត្តិចំនួន២៣៦ពាន់លានដុល្លារ។
មហាសេដ្ឋីពាន់លានដុល្លារទាំង៣រូបនេះ ត្រូវបានគេព្យាករថា កំពុងស្ថិតលើផ្លូវឆ្ពោះទៅរកការគ្រងតំណែងជា មហាសេដ្ឋី មានប្រាក់ខ្ទង់ទ្រីលានដុល្លារនៅក្នុងរយៈពេល៣ឆ្នាំទៀត ពោលគឺនៅត្រឹមឆ្នាំ២០២៧។ ក្នុងនោះលោក អេឡិន ម៉ាស អាចនឹងក្លាយជាមហាសេដ្ឋីមានប្រាក់ខ្ទង់ទ្រីលានដុល្លារមុនគេនៅត្រឹមឆ្នាំ២០២៧ ដោយសារទ្រព្យសម្បត្តិសុទ្ធរបស់លោកបានកើនឡើងជាមធ្យមជិត១១០% ជារៀងរាល់ឆ្នាំ។
ទ្រព្យសម្បត្តិភាគច្រើនរបស់លោក ម៉ាស មានការពាក់ព័ន្ធនឹងភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោក និងក្រុមហ៊ុនរ៉ុក្កែតឯកជន SpaceX ហើយលោកក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុន X Corp ប្រហែល៧៩% ដែលលោកបានទិញនៅឆ្នាំ២០២២ ក្នុងតម្លៃ៤៤ពាន់លានដុល្លារ៕
អត្ថបទ៖ សុខ មង្គល