ប្រធានអង្គការសុខភាពពិភពលោក លោក Tedros បានសរសេរលើគណនី Twitter របស់លោកថា៖ «រីករាយដែលបានជួបជាមួយនាយករដ្ឋមន្ត្រី Li Keqiang យើងបានពិភាក្សាអំពីបញ្ហាកូវីដ១៩ និងតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាលើបញ្ហា វិសមភាពនៃវ៉ាក់សាំងសម្រាប់ឆ្នាំនេះ ដើម្បីធ្វើយ៉ាងណាចាក់វ៉ាក់សាំងឲ្យបាន ៧០%នៃចំនួនប្រជាជនទាំងអស់ក្នុងពិភពលោក តាមរយៈយុទ្ធនាការCOVAX របស់WHO»។ លោកបានបន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាអំពីតម្រូវការសម្រាប់កិច្ចសហការគ្នាកាន់តែខ្លាំងលើសំណុំរឿងប្រភពដើមនៃមេរោគកូវីដ១៩។
ជុំវិញសំណុំរឿងប្រភពដើមកូវីដ១៩នេះ គេនៅចាំបានថាអង្គការសុខភាពពិភពលោកកាលពីឆ្នាំមុនបានបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រស្តីពីប្រភពដើមនៃមេរោគឆ្លង ហើយបានអំពាវនាវឱ្យប្រទេសចិនផ្តល់ទិន្នន័យបន្ថែម ដើម្បីជួយដល់ការស៊ើបអង្កេតថ្មីមួយ។ ប៉ុន្តែប្រទេសចិនបានបដិសេធ ដោយលើកឡើងពីការប៉ះពាល់ដល់ឯកជនភាពរបស់អ្នកជំងឺ។
ទន្ទឹមនឹងនេះ ប្រទេសចិនក៏បានច្រានចោលការចោទប្រកាន់ដែលថាមេរោគត្រូវបានលេចធ្លាយចេញពីមន្ទីរពិសោធន៍ក្នុងទីក្រុង Wuhan ជាកន្លែងដែលកូវីដ១៩ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងកាលពីចុងឆ្នាំ២០១៩។
សូមរំឭកថា ការសិក្សារួមគ្នាដោយប្រទេសចិន និងអង្គការសុខភាពពិភពលោក បានចេញផ្សាយលទ្ធផលកាលពីឆ្នាំមុន ដោយច្រានចោលសេណារីយ៉ូដែលថា កូវីដ១៩មានប្រភពចេញពីមន្ទីរពិសោធន៍។ សេណារីយ៉ូ ដែលទំនងជាអាចទៅរួចបំផុតគឺថា វាបានឆ្លងពីសត្វមក តាមរយៈការទិញលក់សត្វព្រៃ៕