បុគ្គលល្បីៗ

ច័ន្ទ សុផល៖ ទោះបីខ្ញុំនៅទីណា ឬកំពុងធ្វើអ្វី ខ្ញុំតែងចាត់ទុកខ្លួនឯងជាអ្នកសិក្សាស្រាវជ្រាវ


លោក ច័ន្ទ សុផល ត្រូវ​បាន​សាធារណជន​ជា​ច្រើន​ស្គាល់​តាមរយៈ​កិច្ចសម្ភាន៍ ក៏ដូចជា​ការ​វិភាគ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​អត្ថបទ​ព័ត៌មាន និង​កញ្ចក់​ទូរទស្សន៍​នានា។ ប៉ុន្ដែ នៅ​ថ្ងៃ​នេះ ខេមបូណូមីស នឹង​លើក​យក​​ជីវប្រវត្តិខ្លះៗ ភាព​ជោគជ័យ​ក្នុង​អាជីព និង​ទស្សនៈ​ដឹកនាំ​ជីវិត​របស់​អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​រូប​នេះ ឲ្យ​លោក​អ្នក​បាន​ជ្រាប ក៏​ដូចជា​ស្វែង​យល់​ពី​គំនិត​ល្អ​ថ្មីៗ​សម្រាប់​អភិវឌ្ឍ​ខ្លួន។
លោក ច័ន្ទ សុផល អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ និង​ជា​កសិពាណិជ្ជករ។
ដោយ

ការ​លំបាក​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត

មុន​នឹង​ក្លាយ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ និង​អ្នក​វិភាគ​សេដ្ឋកិច្ច​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​នា​ពេល​បច្ចុប្បន្ន លោក ច័ន្ទ សុផល ធ្លាប់​មាន​បទ​ពិសោធន៍​ធ្វើ​ការងារ​ជា​ច្រើន និង​ធ្លាប់​ភ្លក្ស​រស​ជាតិ​នូវ​ការ​លំបាក​ជា​ច្រើន​ផង​ដែរ។ 

ប៉ុន្ដែ លោក​ថា ការ​ធ្លាប់​ឆ្លង​កាត់​នូវ​ការ​លំបាក​ជា​ច្រើន​នេះ បាន​ជំរុញ​ឲ្យ​លោក​មាន​ទឹក​ចិត្ត​ជាតិ​និយម​កាន់​តែ​ខ្លាំង ពោល​គឺ​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ​ជានិច្ច។ ដូច្នេះ​ហើយ​ទើប​លោក​តែងតែ​ចាត់​​ទុក​ខ្លួន​ឯង​ថា «ជា​អ្នក​ស្រាវជ្រាវ​ម្នាក់» ទោះ​បី​លោក​កំពុង​ស្ថិត​នៅ​ទីណា ឬ​ធ្វើ​អ្វី​ក៏​ដោយ។

លោក​សង្កត់​ធ្ងន់​ថា លោក​ពិត​ជា​ពេញ​ចិត្ត​នឹង​ការ​ស្រាវជ្រាវ​និង​ការ​វិភាគ​ណាស់ ព្រោះវា​គឺ​ជា​ការ​ផ្ដល់​នូវ​យោបល់ ឬ​អនុសាសន៍ ដើម្បី​ទុក​ជា​ការ​ពិចារណា​សម្រាប់​ធ្វើការ​សម្រេច​ចិត្ត និង​រៀបចំ​នូវ​គោល​នយោបាយ ឬ​​ផែនការ​យុទ្ធ​សាស្ត្រ​ឆ្ពោះ​ទៅ​រក​ការ​ស្ថាបនា​ប្រកប​ដោយ​ភាព​វិជ្ជមាន និង​ចីរភាព។ 

លោក ច័ន្ទ សុផល (រូបកណ្ដាល) ចូលរួម​កិច្ច​ពិភាក្សា​តុមូល​នៃ​កម្មវិធី​ទូរទស្សន៍​មួយ។ ជានិច្ចកាល លោក​ត្រូវបាន​សារព័ត៌មាន​ដក​ស្រង់​សម្ដី​វិភាគ​អំពី​បញ្ហា​សេដ្ឋកិច្ច​និង​កសិកម្ម​នានា។

តើ​លោក​មាន​រូបមន្ដ​បែប​ណា​ដើម្បី​ក្លាយ​ជា​អ្នក​វិភាគ​ដ៏​ល្អ​ម្នាក់?

ជា​អ្នក​សិក្សា​ស្រាវជ្រាវ​និង​វិភាគ​សេដ្ឋកិច្ច​ពូកែ​មួយ​រូប មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ប៉ុន្ដែ យើង​គ្រប់គ្នា​គួរ​តែ​ស្វែង​យល់​ពី​មូលដ្ឋាន​ខ្លះៗ​សម្រាប់​ជា​ចំណេះដឹង​ថ្មីៗ​បន្ថែម។ ក្នុង​នោះ បើ​តាម​ប្រសាសន៍​របស់​លោក ច័ន្ទ សុផល ទាមទារ​ឲ្យ​មាន​កត្តា​រួមផ្សំ​ជាច្រើន ដូចជា ត្រូវ​មាន​ចំណង់​ចំណូល​ចិត្ត​ទៅ​លើ​ផ្នែក​ណា​មួយ​ឲ្យ​បាន​ពិត​ប្រាកដ ហើយ​បន្ត​ខិតខំ​សិក្សា​ស្វែងយល់​ពី​ផ្នែក​នោះ ទាំង​ទ្រឹស្ដី និង​ការ​អនុវត្តជាក់​ស្ដែង​ឲ្យ​បាន​ស៊ី​ជម្រៅ។ 

លើស​ពី​នេះ ត្រូវ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន ឬ​ទិន្ន័យ​បន្ថែម​ឲ្យ​បាន​សុក្រឹត​ល្អ ទោះ​បី​ថា មិន​បាន​១០០%​ក្ដី ក៏​គួរតែ​បាន ៩០%​ដែរ ដើម្បី​ប្រមូល​យក​គំនិត​ទាំង​អស់​នោះ មក​ធ្វើ​ជា​ក្របខ័ណ្ឌ​ក្នុង​ការ​វិភាគ។

យ៉ាង​ណា​មិញ ការ​វិភាគ​ទៀត​សោត​ត្រូវ​ឈរ​លើ​កត្តា​សត្យានុម័ត មិន​លម្អៀង​ទៅ​លើ​អ្វី​មួយ​តាម​អារម្មណ៍ ឬ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ពោល​គឺ​ត្រូវ​ឈរ​លើ​ការ​វិភាគ​តាម​បែប​វិទ្យាសាស្ត្រ។ ឧទាហរណ៍ ពណ៌​ស ត្រូវ​​មើល​ឲ្យ​ច្បាស់​ថា ស កុំ​ថា​ជា​ពណ៌​ប្រផះ។ ទន្ទឹម​នឹង​នោះ ត្រូវ​យល់​ពី​បរិបទ​សង្គម ដើម្បី​អាច​បន្ស៊ី​គ្នា​រវាង​ទស្សនៈ​និង​បរិបទ​សង្គម ពោល​គឺ​ធ្វើ​ឲ្យ​ការ​វិភាគ​កាន់តែ​មាន​ភាព​ប្រាកដ​និយម​និង​មាន​ខ្លឹមសារ​គ្រប់គ្រាន់​ដើម្បី​អាច​យក​ទៅ​អនុវត្ដ​បាន​ក្នុង​ន័យ​ស្ថាបនា។

ការ​ផ្លាស់​ប្តូរ​ធំៗ

ឆ្លង​តាម​បទ​ពិសោធន៍​ការងារ និង​ការ​ស្រាវជ្រាវ​ជិត ២​ទសវត្ស​កន្លង​មក​នេះ លោក ច័ន្ទ សុផល បាន​កត់​សម្គាល់​ឃើញ​ថា កម្ពុជា​កំពុង​មាន​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅរក​ភាព​វិជ្ជមាន តួយ៉ាង នៅ​តាម​ទី​ជនបទ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​ចំណូល​របស់​ប្រជាជន​ក៏​មាន​កំណើន​ជា​បន្ត​បន្ទាប់​ផង​ដែរ។ 

ត្បិត​​ថា ការ​អភិវឌ្ឍ​មាន​ច្រើន​ក៏​ពិត​មែន ប៉ុន្ដែ លោក ច័ន្ទ សុផល បាន​គូស​បញ្ជាក់​ដែរ​ថា វា​ហាក់​មិន​ទាន់​ប្រកប​ដោយ​​បរិយាប័ន្ន ឬ​ជ្រាប​បាន​ដល់​គ្រប់​ទីកន្លែង​នោះ​ទេ។ លោក​មើល​ឃើញ​ថា គម្លាត​នៃ​ជីវភាព​រស់​នៅ​ក្នុង​សង្គម ក៏​មាន​ការ​ប្រែប្រួល​ធំ​ទៅៗ តែ​យ៉ាង​ណា លោក​ថា នេះ​ជា​រឿង​ធម្មតា​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ក្នុង​ដំណាក់​កាល​ដំបូង ដែល​ប្រទេស​ណា​ក៏​តែងតែ​ត្រូវ​ជួប​ប្រទះ​ដែរ ពោល​គឺ មនុស្ស​មួយ​ក្រុម​តែង​មាន​ឱកាស​មុន​អ្នក​ផ្សេង​ទៀត ក្នុង​ការ​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង។ 

យ៉ាង​ណា​ក៏​ដោយ លោក​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​ភាព​វិជ្ជមាន​នៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច រាជ​រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រីក​បន្ថែម​នូវ​​វិសាលភាព និង​បញ្ចុះ​តម្លៃ​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ឧស្សហកម្ម ជាពិសេស​នៅ​តាម​ទីជនបទ ព្រោះ​ថា ថាមពល​អគ្គិសនី​នេះ​ដើរ​តួនាទី​សំខាន់​ណាស់​ដើម្បី​ជំរុញ​ដល់​ការ​ផលិត​និង​កែច្នៃ​នានា។

ក្រៅ​ពី​ជា​អ្នក​វិភាគ​ឯករាជ្យ ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ លោក​ ច័ន្ទ សុផល ក៏​ជា​ម្ចាស់​ចម្ការ​ម្រេច​និង​ចម្ការ​កៅស៊ូ​ផង​ដែរ។

អនុសាសន៍​សម្រាប់​យុវជន

លោក ច័ន្ទ សុផល បាន​ផ្ដល់​យោបល់​សម្រាប់​យុវជន​និង​និស្សិត​ថា គួរតែ​ស្វែងរក​ជំនាញ ឬ​មុខ​វិជ្ជា​ដែល​ខ្លួន​ចូលចិត្ត​ឲ្យ​បាន​ច្បាស់​លាស់​សិន មុន​នឹង​ឈាន​ទៅ​ចាប់​យក​អ្វី​ផ្សេង​ទៀត។

លោក​បាន​លើក​ឡើង​ទៀត​ថា យុវវជន​គួរតែ​ខិតខំ​រៀនសូត្រ​ជា​ជាង​ការ​យក​ខ្លួន​ទៅ​ប្រឡូក​នឹង​នយោបាយ​ច្រើន​ពេក យុវជន​គួរតែ​ជួយ​ខ្លួន​ឯង​ឲ្យ​បាន​សិន ពោល​គឺ​ក្ដោប​ក្ដាប់​ឱកាស​ដើម្បី​ការ​រៀន​សូត្រ​ទាន់​ខ្លួន​នៅ​ក្មេង​និងបន្ត​អភិវឌ្ឍ​ខ្លួន​នៅ​ក្នុង​អាជីព​ដែល​ខ្លួន​ចូល​ចិត្ត។ 

អ្នក​វិភាគ​សេដ្ឋកិច្ច​រូប​នេះ បាន​គូស​បញ្ជាក់​ថា ចំណេះដឹង ជំនាញ ឬ​ឯកទេស គឺ​ជា​តម្រូវការ​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​ទៅ​ថ្ងៃ​មុខ ខណៈ​ដែល​ការ​ប្រកួត​ប្រជែង​ក៏​មាន​កាន់​តែ​ច្រើន និង​ខ្លាំង​ក្លា​ជាង​មុន ពិសេស គឺ​ការ​​ប្រកួត​ក្នុង​តំបន់​តែ​ម្ដង។ ដូច្នេះ យុវជន​កម្ពុជា​គួរតែ​គិតគូរ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​មែន​ទែន កុំ​ភ្លេច​ខ្លួន!

លោក ច័ន្ទ សុផល ជា​នរណា?

មាន​ទី​កំណើត​នៅ​ភ្នំពេញ ធ្លាប់​ឆ្លង​កាត់​រស់​ក្នុង​របប​ប៉ុលពត និង​ត្រូវ​ជម្លៀស​ទៅ​រស់​នៅ​ខេត្ត​ស្វាយរៀង ហើយ​ក្រោយ​ពី​របប​ប៉ុលពត​ត្រូវ​បាន​ដួល​រលំ បាន​ត្រឡប់​មក​រស់​នៅ និង​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​វិញ។

បាន​បញ្ចប់​បរិញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​កសិកម្ម ពី​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេសធ្លាប់​មាន​បទ​ពិសោធន៍​ធ្វើការ​ជា​ច្រើន​ស្ថាប័ន​ទាំង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​បច្ចុប្បន្ន​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​និង​វិភាគ​សេដ្ឋកិច្ច និង​ជា​ម្ចាស់​ចម្ការ​ម្រេច និង​ចម្ការ​កៅស៊ូ​ផងដែរ៕

None



អត្ថបទបន្ទាប់


គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​សម្រុក​ទៅ​រក​តំបន់​សង​ខាង​ផ្លូវ​៦០​ម៉ែត្រ!​ (មាន​វីដេអូ)

បន្ទាប់ពីមានការស្ថាបនានិងដាក់ឲ្យប្រើប្រាស់ផ្លូវ ៦០ម៉ែត្រ ដែល​តភ្ជាប់​កណ្ដាល​រាជ​ធានី​ភ្នំពេញ​ ទៅ​រក​ផ្លូវ​ជាតិ​លេខ២ និង​ផ្លូវ​ជាតិ​លេខ​៣…

សាលា​អន្តរជាតិ​ដែល​ថ្លៃជាង​គេ​នៅ​កម្ពុជា

ការ​អប់រំ​កម្រិត​ស្តង់ដារ​អន្តរជាតិ ជា​ប្រព័ន្ធ​មួយ​ដែល​អាច​ជំរុញ​ឲ្យ​សិស្សានុសិស្ស​រីក​ចម្រើន​ឆាប់​រហ័ស ផ្នែក​គំនិត​ប្រាជ្ញា​ស្មារតី ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ