បច្ចុប្បន្ន លោកឧកញ៉ា ហ៊ុន ឡាក់ ក្លាយជាអគ្គនាយកក្រុមហ៊ុនរហូតដល់ទៅ ៦ក្រុមហ៊ុនឯណោះ។ មុខជំនួញមួយដែលលេចធ្លោជាងគេក្នុងចំណោមមុខជំនួញរបស់លោកទាំង ៦ គឺក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយដែលមានឈ្មោះថា Mekong Oryza Trading។
ស្ថិតក្នុងចំណោមឧកញ៉ាល្បីៗជាច្រើនរូប ដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំងលើវិស័យស្រូវអង្ករ លោកឧកញ៉ា ហ៊ុន ឡាក់ បច្ចុប្បន្នក៏មានតួនាទីជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ជាតួនាទីមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវដើម្បីស្វែងរកទីផ្សារអង្ករដល់កម្ពុជាផងដែរ។
សារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស សូមលើកពីប្រវត្តិតស៊ូជាសង្ខេបរបស់លោកឧកញ៉ា ហ៊ុន ឡាក់ ដើម្បីចែកជូនមិត្តអ្នកអានដូចខាងក្រោមនេះបន្តិច។
ចាប់ផ្ដើមជីវិតលើវិថីជំនួញពីបាតដៃទទេសុទ្ធសាធ ដោយមិនមែនជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនោះឡើយ ពោលគឺរស់នៅក្នុងត្រកូលសាញ្ញជន។ ថ្វីត្បិតក្រទ្រព្យ ប៉ុន្តែ ហ៊ុន ឡាក់ មិនក្រគំនិតឡើយ ហើយពិសេសជាងនេះទៅទៀត ទឹកចិត្តលោកមិនទទេនោះទេ ពោលគឺគ្រប់ជំហាននៃការរកស៊ីរបស់លោក ហ៊ុន ឡាក់ ពោរពេញទៅដោយភាពអំណត់និងតស៊ូយ៉ាងស្វិតស្វាញ ហើយលោកបានបញ្ជាក់ថា នៅពេលដែលយើងម្នាក់ៗ មានចំណុចពីរយ៉ាងនេះនៅក្នុងខ្លួនហើយ នោះអ្វីៗក៏អាចនឹងសម្រេចបានដែរ។
មិនមែនកើតនៅជនបទ ស្រែចម្ការទេ ហ៊ុន ឡាក់ មានសាច់ឈាមជាអ្នកមានស្រុកកំណើតនៅក្នុងរាជធានីភ្នំពេញ ឧកញ៉ា ហ៊ុនឡាក់ មានប្រវត្តិជូរចត់មិនខុសពីប្រជាពលរដ្ឋខ្មែរទូទៅទេក្នុងរបបខ្មែរក្រហម ពោលគឺ លោកបានឆ្លងកាត់នូវរបបខ្មៅងងឹតប៉ុលពត ហើយនៅពេលនោះ លោកត្រូវបានជម្លៀសឲ្យទៅរស់នៅតំបន់ដាច់ស្រយាលមួយក្នុងខេត្តបាត់ដំបង។
ជាភ័ព្វសំណាង ដូចទទួលបានការប្រោះព្រំមកនូវជីវិតថ្មី នៅឆ្នាំ១៩៧៩ របបខ្មៅងងឹតនេះត្រូវបានដួលរលំ លោក ក៏ដូចជាប្រជាពលរដ្ឋទូទៅ ត្រូវបានរំដោះឲ្យរស់រានមានជីវិតនិងសេរីភាពឡើងវិញ និង បានផ្លាស់មករស់នៅភ្នំពេញដែលជាទឹកដីកំណើតវិញ។
ឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា ក្រោយពីរំដោះខ្លួនចេញពីរបរខ្មែរក្រហមមក អ្វីៗគឺត្រូវចាប់ផ្ដើមថ្មីទាំងអស់ ក្រៅពីជីវិតដែលនៅសេសសល់ លោកគ្មានសល់អ្វីដែលជាទ្រព្យធននោះទេ ខណៈដែលលោកមានបងប្អូនក្នុងគ្រួសាររហូតដល់៨នាក់។
ទោះបីជា ហ៊ុន ឡាក់ មិនមានទ្រព្យធនក្ដី ប៉ុន្ដែ គំនិតនិងទឹកចិត្តតស៊ូរបស់លោក មិនទទេនោះទេ លោកបានចាប់ផ្ដើមមុខរបរដំបូង ធ្វើជាអ្នកទូលនំលក់ ពោលគឺទទួលនំពីគេយកមកលក់បន្តប៉ុណ្ណោះ។ លោកបញ្ជាក់កន្លែងនេះថា «បើខ្ញុំលក់បាន១០នំ នោះខ្ញុំនឹងទទួលបានចំណេញ ២នំ ពីម្ចាស់នំ»។
ឧកញ៉ា ហ៊ុន ឡាក់ ថា នេះគឺជាអាជីវកម្មដំបូងបំផុតរបស់លោក ហើយវាក៏ជាស្ពានចម្លងលោកឲ្យបានរៀនសូត្របន្តនៅសាលា និងបណ្ដុះនូវគំនិតសហគ្រិនភាពផងដែរ។
លោកឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគ្មានទ្រព្យ ឬទុនអ្វី ដែលបន្សល់ទុកពីឪពុកម្ដាយនោះទេ។ ត្បិតថាខ្ញុំមានតែខ្លួនទទេ តែខ្ញុំជឿថា ឲ្យតែមានការតស៊ូអំណត់ព្យាយាម រឿងអ្វីក៏អាចធ្វើទៅបានដែរ។ ហើយចាប់ផ្ដើមពីបាតដៃទទេនេះហើយ ទើបយើងដឹងថា ការតស៊ូមានអត្ថន័យសំខាន់យ៉ាងណាចំពោះជីវិត។ ដោយឡែក អ្នកខ្លះដែលកើតមកមានទ្រព្យសម្បត្តិស្រាប់នោះ នឹងមិនបានដឹងពីការតស៊ូពិតថា វាមានរសជាតិយ៉ាងម៉េចនោះទេ»។
គន្លឹះជោគជ័យនៅក្នុងអាជីវកម្មទាំង៦ របស់លោកឧកញ៉ា ហ៊ុន ឡាក់ មានអ្វីខ្លះ?
នៅពេលដែលអ្នកសារព័ត៌មាន ខេមបូណូមីស សួរថា តើអ្វីខ្លះទៅ ដែលជាគន្លឹះដើម្បីប្រតិបត្តិជោគជ័យនៅលើវិថីអាជីវកម្ម? លោកឧកញ៉ា ហ៊ុន ឡាក់ ដែលកំពុងក្តោបក្តាប់មុខជំនួញនៅក្នុងក្រុមហ៊ុនធំៗ មិនតិចជាង ៦នោះ បានលើកឡើងថា ជាសហគ្រិន ឬអ្នកជំនួញពូកែ ចាំបាច់បំផុត អ្នកត្រូវមានទឹកចិត្តមុះមុត ស្រួចស្រាល់ និងមានចក្ខុវិស័យវែងឆ្ងាយ។ ក្នុងនោះដែរ ឧកញ៉ា ហ៊ុន ឡាក់ ផ្តល់ជាគន្លឹះអាជីវកម្មមួយចំនួនដែលលោកតែងតែគោរពប្រតិបត្តិតាមអស់រយៈពេលជាច្រើនឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ។
គន្លឹះជោគជ័យនៅក្នុងអាជីវកម្មទាំង៦ របស់លោកឧកញ៉ា ហ៊ុន ឡាក់ មានដូចជា៖
- មានភាពអត់ធ្មត់ខ្ពស់
- មានការតស៊ូឲ្យដល់ទីបំផុត
- ភាពស្មោះត្រង់ជាមូលដ្ឋានដ៏សំខាន់
- ស្វែងរកដៃគូឲ្យបានស័ក្ដិសម ឬហៅថា បង្កើតធនធានប្រមូលផ្ដុំ
- មានទស្សនវិស័យវែងឆ្ងាយចំពោះទីផ្សារ
- មានផែនការជាក់លាក់សម្រាប់យកទៅអនុវត្ត និងមានការគ្រប់គ្រងហានិភ័យ
ក្រៅការងារជំនួញដ៏មមាញឹកប្រចាំថ្ងៃ លោកឧកញ៉ា ហ៊ុន ឡាក់ បានចូលរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម តាមរយៈការកែប្រែហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អំពូលភ្លើងនៅក្នុងរាជធានីភ្នំពេញ គឺធ្វើឡើងក្នុងគោលបំណងមួយផ្នែកធំ គឺជួយសន្សំសំចៃថាមពលអគ្គីសនី និងជួយលើកសម្រស់រាជធានីភ្នំពេញ ក៏ដូចជាជួយអភិវឌ្ឍសង្គមផងដែរ។ ចាប់ពីខែកក្កដា ឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ បានសម្រេចលទ្ធផលប្តូរអំពូលភ្លើងបានជាង ១ម៉ឺន៤ពាន់គ្រាប់ហើយ។
សូមជម្រាបផងដែរថា ក្រៅពីមានមុខងារជាអ្នកជំនួញផ្ទាល់ខ្លួន លោកឧកញ៉ា ហ៊ុន ឡាក់ ក៏បានបម្រើតួនាទីជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
លោកឧកញ៉ា ហ៊ុន ឡាក់ មានទេពកោសល្យនៅក្នុងការអភិវឌ្ឍវិស័យសហគ្រាសខ្នាតតូចនិងមធ្យម។ ហើយលោកជាអ្នកផ្ដួចផ្ដើមបង្កើតឲ្យមានសមាគមសគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME) រហូតមកដល់បច្ចុប្បន្ននេះ ផងដែរ៕
សូមរង់ចាំតាមដានអានអំពីសកម្មភាពជំនួញរបស់លោកឧកញ៉ា ហ៊ុន ឡាក់ ជាបន្តបន្ទាប់ទៀត តាមរយៈ សារព័ត៌មាន ខេមបូណូមីស។ សូមអរគុណ!