លោក Tedros បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្ទុះឡើងនៃជំងឺអ៊ុតស្វា ដោយសារវាច្បាស់ណាស់ថា ជាការគំរាមកំហែងដល់សុខភាពសកល ខណៈលេខាធិការដ្ឋាន WHO កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតទៅលើការរីករាលដាលនៃជំងឺមួយប្រភេទនេះ។
គួរកត់សម្គាល់ថា ការប្រកាសពី គ្រាអាសន្នជាសកល របស់អង្គការសុខភាពពិភពលោកបច្ចុប្បន្ននេះអនុវត្តតែចំពោះជំងឺរាតត្បាតនៃមេរោគឆ្លងកូវីត ១៩ និង ការខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីលុបបំបាត់ជំងឺស្វិតដៃជើងតែប៉ុណ្ណោះ។ ទោះយ៉ាងណា ទីភ្នាក់ងារអង្គការសហប្រជាជាតិបានដកខ្លួនចេញសេចក្តីប្រកាសពី គ្រាអាសន្នជាសកលពីការផ្ទុះឡើងនៃជំងឺអ៊ុតស្វា បន្ទាប់ពីការណែនាំនៃកិច្ចប្រជុំពីសំណាក់អ្នកជំនាញអន្តរជាតិ។
មកទល់ពេលនេះ មានករណីដែលត្រូវបានបញ្ជាក់ជាង ៣ ពាន់ ២ រយ ករណីនៃជំងឺអ៊ុតស្វា និង ការស្លាប់ម្នាក់ដែលត្រូវបានរាយការណ៍ក្នុងរយៈពេល ៦ សប្តាហ៍ចុងក្រោយនេះ ពីប្រទេសចំនួន ៤៨។ ទោះយ៉ាងណា អង្គការសុខភាពពិភពលោកគូសបញ្ជាក់ថា ជំងឺនេះមិនមានការឆ្លងរាលដាលលឿនរហ័សនោះទេ។
យ៉ាងណាមិញ មានករណីជិត ១ ពាន់ ៥ រយ ករណី និង ការស្លាប់ចំនួន ៧០នាក់ នៃជំងឺអ៊ុតស្វា នៅតំបន់អាហ្វ្រិកកណ្តាល ដែលជាកន្លែងនៃការផ្ទុះឡើងនៃជំងឺនេះ និង ជំងឺរាតត្បាតទូទៅផ្សេងផងដែរ។
គួរជម្រាបថា ការសម្រេចចិត្តរបស់ WHO ក្នុងការមិនទាន់ប្រកាសពីភាពអាសន្នសុខភាពសកល ត្រូវបានគេមើលឃើញថាជាផ្នែកនៃការយល់ស្របពីការរិះគន់មួយចំនួនពីអ្នកជំនាញសុខភាពពិភពលោកដែលបាននិយាយមុនកិច្ចប្រជុំថា ការផ្ទុះឡើងនៃជំងឺថ្មីនីមួយៗគួរតែធ្វើការវិនិច្ឆ័យឱ្យបានពេញេលេញមុននឹងត្រូវប្រកាសដាក់ចូលទៅក្នុងភាពអាសន្នសុខភាពសកល៕