អចលនទ្រព្យចិន

ហេតុអ្វីចិនយកគំរូតាមសិង្ហបុរីចាក់បញ្ចូលលុយរាប់ពាន់លានដុល្លារសាងសង់លំនៅឋានសង្គម?


ប្រទេសចិនគ្រោងនឹងចាក់បញ្ចូលប្រាក់រាប់ពាន់លានដុល្លារក្នុងការសាងសង់លំនៅឋានសង្គមដោយយកគំរូតាមប្រទេសសិង្ហបុរី ដើម្បីជួយបញ្ចប់វិបត្តិនៃការធ្លាក់ចុះក្នុងវិស័យអចលនទ្រព្យរបស់ខ្លួនដែលបានអូសបន្លាយពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយបានរារាំងទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេស ព្រមទាំងបានចោលទម្ងន់ទៅលើកំណើនសេដ្ឋកិច្ចចិនផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អចលនទ្រព្យចិន
ដោយ

នៅប៉ុន្មានសប្តាហ៍ថ្មីៗមកនេះ ទីក្រុងប៉េកាំងបានបង្កើតគម្រោងធំៗចំនួន២ធ្វើជាមជ្ឈមណ្ឌលនៃគោលនយោបាយលំនៅឋានរបស់ខ្លួន ដោយគម្រោងទាំង២នេះ គឺជាការសាងសង់លំនៅឋានសង្គម និងការជួសជុលនៅតាមសង្កាត់មួយចំនួនដោយទទួលបានការគាំទ្រផ្នែកនយោបាយ ហើយឆាប់ៗនេះ រដ្ឋាភិបាលកណ្ដាលរបស់ចិន អាចនឹងចាក់បញ្ចូលថវិកា១៣៨ពាន់លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រគម្រោងទាំងនេះ។

បច្ចុប្បន្នអាជ្ញាធរកំពុងពិចារណាស្នើសុំផ្តល់ប្រាក់កម្ចីរបស់ធនាគារកណ្តាលក្នុងតំម្លៃថោកដល់ធនាគារគោលនយោបាយរបស់រដ្ឋសំខាន់ៗ ដើម្បីផ្តល់មូលនិធិដល់គម្រោងទាំងនេះ ហើយចំនួនទឹកប្រាក់ដែលគេកំពុងពិភាក្សានេះ គឺស្មើនឹងប្រហែល១០% នៃការលក់ផ្ទះថ្មីប្រចាំឆ្នាំជាមួយនឹងលទ្ធភាពបង្កើនថវិកា និងមូលនិធិផ្សេងទៀត។

បើសិនជាផែនការថ្មីរបស់ចិននេះពិតជាដំណើរការល្អមែន ចិនអាចទាំងបញ្ចប់ការធ្លាក់ចុះជិត៣ឆ្នាំនៃការសាងសង់អចលនទ្រព្យ និងអាចទាំងបំពេញតាមគោលបំណងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីន​ពីង ដើម្បីលើកកម្ពស់វិបុលភាពរួមផងដែរ។

លោក បេតធី វ៉ាង (Betty Wang) សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Australia & New Zealand Banking Group នៅទីក្រុងហុងកុងបាននិយាយថា នេះគឺជាផែនការដែលបានកែសម្រួលកាន់តែច្រើននូវរចនាសម្ព័ន្ធរយៈពេលវែងក្នុងវិស័យអចលនទ្រព្យដូចជាគំរូរបស់ប្រទេសសិង្ហបុរី ដែលមានភាពល្បីល្បាញសម្រាប់ទីផ្សារលំនៅឋានគ្របដណ្តប់ដោយលំនៅឋានសាធារណៈ ហើយថា វាមិនត្រឹមតែជាកិច្ចខិតខំប្រឹងប្រែងរយៈពេលខ្លី ដើម្បីបង្កើនការវិនិយោគអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាគោលដៅវិបុលភាពរួមរបស់ចិន នៅឆ្នាំ២០៣៥ ផងដែរ។

ព័ត៌មានលម្អិតពីការជំរុញការសាងសង់លំនៅឋានសង្គមនេះនៅមិនទាន់ផ្សព្វផ្សាយជាសាធារណៈទាំងស្រុងនៅឡើយទេ ប៉ុន្តែកាសែតអ្នកសង្កេតការណ៍សេដ្ឋកិច្ចបានរាយការណ៍ថា ក្រុមប្រឹក្សារដ្ឋរបស់ចិន បានបង្ហាញការណែនាំកាលពីខែមុននៅក្នុងឯកសារទី១៤ ដ៏សម្ងាត់ដោយបានអំពាវនាវឱ្យមានគំរូថ្មីសម្រាប់វិស័យអចលនទ្រព្យ ហើយទីក្រុងចំនួន៣៥ ត្រូវបានគេរំពឹងថានឹងដាក់នៅក្រោមការសាកល្បងនៃកម្មវិធីនេះ។ ក្រុមអ្នកវិភាគបាននិយាយថា គំនិតនេះគឺដើម្បីបង្កើតទីផ្សារលំនៅឋានសង្គម ដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងជាមួយនឹងដែនកំណត់លើអ្នក ដែលមានសិទ្ធិទិញផ្ទះបាន និងរបៀបដែលពួកគេអាចលក់ទៅឱ្យម្ចាស់ថ្មី។ វិធីមួយ ដើម្បីធានាបានចំពោះបញ្ហានោះ គឺថានឹងតម្រូវឱ្យពួកគេលក់ទៅឱ្យ រដ្ឋាភិបាលវិញ។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Enodo Economics បានសរសេរនៅក្នុងកំណត់ត្រាមួយនៅសប្តាហ៍នេះថា ពួកគេបានអះអាងថា ការផ្លាស់ប្ដូរគម្រោងអចលនទ្រព្យនេះគឺសម្រាប់ការរស់នៅ គឺមិនមែនសម្រាប់ទុកលក់យកចំណេញនោះទេ ហើយឯកសារទី១៤នេះទំនងជាចង់បង្ហាញថា នេះអាចជាករណីសម្រាប់អ្នកមានទ្រព្យ និងអ្នកមានប្រាក់ចំណូលខ្ពស់៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ប្រមុខការពារជាតិអាស៊ានអំពាវនាវឱ្យមាន "បទឈប់បាញ់ជាបន្ទាន់" នៅតំបន់ហ្គាហ្សា

រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅតំបន់អាស៊ីអាគ្នេយ៍ បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយបានល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ