មុខជំនួញនៅចិនមិនរំពឹងថាទំនាក់ទំនងប៉េកាំង-វ៉ាស៊ីនតោននឹងល្អឡើងវិញឡើយ!

ហេតុអ្វីក្រុមធុរជននៅចិនមិនរំពឹងថាទំនាក់ទំនងប៉េកាំង-វ៉ាស៊ីនតោននឹងល្អឡើងវិញ?


ក្រុមអ្នករកស៊ីធំៗក្នុងប្រទេសចិនមិនបង្ហាញក្តីសង្ឃឹមខ្ពស់ទេថា ទំនាក់ទំនងរវាងរដ្ឋអំណាចចិនជាមួយសហរដ្ឋអាមេរិកនឹងប្រសើរឡើង បើទោះបីជាមានការប្រែប្រួលសម្លេងនៅក្នុងសភាអាមេរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងពេលឆាប់ៗនាខែវិច្ឆិកានេះក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍មួយពីសារព័ត៌មានរបស់សិង្ហបុរី Channel News Asia។
ហេតុអ្វីក្រុមធុរជននៅចិនមិនរំពឹងថាទំនាក់ទំនងប៉េកាំង-វ៉ាស៊ីនតោននឹងល្អឡើងវិញ?

វោហាសាស្ត្រគំរាមកំហែង ការដាក់សម្ពាធមកលើប្រទេសចិនបានក្លាយទៅជា យុទ្ធនាការរួមមួយរបស់អាមេរិក មិនថាទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនោះទេ ពោលគឺបក្សទាំងពីរនេះខំប្រជែងគ្នា ដើម្បីក្នុងការដាក់សម្ពាធមកលើមហាអំណាចអាស៊ីមួយនេះ។

ទោះបីជាក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ សម្លេងរបស់បក្សប្រជាធិបតេយ្យដែលជាបក្សរបស់លោកចូ បៃឌិន ទទួលបានសម្លេងតិចជាងបក្សសាធារណរដ្ឋក្នុងសភាទាំងពីរផ្នែក គឺសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាក៏ដោយ តែអ្នកសង្កេតការណ៍ជឿថា យុទ្ធសាស្ត្ររបស់ប្រទេសមហាអំណាចពិភពលោកអាមេរិកចំពោះប៉េកាំង គឺមិនមានការប្រែប្រួលទៅរកភាពធូររលុងវិញឡើយ។

លោក ហឺ វ៉ីវិន(He Weiwen) សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមចិនសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និយាយថា៖ មិនថាគណបក្សប្រជាធិបតេយ្យអាចរក្សាសំឡេងភាគច្រើន ឬ បក្សសាធារណរដ្ឋអាចដណ្តើមយកសភា ឬព្រឹទ្ធសភាមកវិញនោះទេ គោលនយោបាយចំពោះប្រទេសចិនរបស់ពួកគេ គឺស្រដៀងគ្នា។ រឿងតែមួយគត់ដែលកើតឡើងនោះ គឺពួកគេកំពុងប្រជែងគ្នា ដើម្បីបង្ហាញថា អ្នកណាអាចអនុវត្តខ្លាំងក្លាជាងចំពោះប្រទេសចិន។ ដូច្នេះនិយាយជារូប ទិដ្ឋភាពនយោបាយទូទៅជុំវិញការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក គឺមិនអំណោយផលសោះឡើយ សម្រាប់ទំនាក់ទំនងចិននិងអាមេរិក។

ជាមួយនឹងភាពតានតឹងរវាងចិន និងអាមេរិក ដែលឈានដល់កម្រិតក្តៅបំផុតចាប់តាំងពីភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាក្នុងឆ្នាំ ១៩៧៩ អ្នកវិភាគនៅតែមានសុទិដ្ឋិនិយមចំពោះអនាគតនៃទំនាក់ទំនងទ្វេភាគីរវាងមហាអំណាចទាំងពីរ មិនថានៅក្នុងឆាកភូមិសាស្ត្រនយោបាយ ឬសន្តិសុខ ឬក្នុងវិស័យពាណិជ្ជកម្មនោះទេ។

ទោះយ៉ាងណា ភាពតានតឹងរវាងអាមេរិក និងចិន គឺជាបញ្ហាប្រឈមសម្រាប់មុខជំនួញកំពូលៗ។ ការស្ទង់មតិរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសចិន ដែលធ្វើឡើងដោយសភាពាណិជ្ជកម្មអាមេរិកក្នុងខែមីនាឆ្នាំនេះបានរកឃើញថា ៥៦%នៃក្រុមហ៊ុនបានលើកឡើងពីការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនដែល ចាត់ទុកជាបញ្ហាប្រឈមក្នុងមុខជំនួញរបស់ពួកគេ បន្ទាប់មកគឺមានការកែប្រែបទប្បញ្ញត្តិ ច្បាប់នានាៗ ធ្វើឱ្យមានភាពមិនស៊ីចង្វាក់គ្នា និងការកើនឡើងតម្លៃពលកម្មជាដើម។

ក្រុមហ៊ុននាំចេញ និងនាំចូលទំនិញមួយបានមើលឃើញថាប្រាក់ចំណេញរបស់ខ្លួនបានរងផលប៉ះពាល់យ៉ាងខ្លាំង បង្កឡើងដោយរនាំងពន្ធ ២៥%ដែលបានដាក់លើការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក។ របាំងពន្ធគយនេះ គឺជាវិធានការណ៍ដែលបន្សល់ទុកតាំងពីរដ្ឋបាល លោក ដូណាល់ត្រាំមកម្ល៉េះ ខណៈដែលប្រធានាធិបតី Joe Biden បានរក្សាការអនុបន្ដទៀត តាំងតែពីលោកចូលកាន់តំណែង។

ក្រៅពីនោះ អ្នកជំនួញដទៃទៀត បារម្ភថាកំណើនភាពតានតឹងសំណុំរឿងកោះតៃវ៉ាន់ ដែលជាបញ្ហាខ្វែងគំនិតគ្នាបំផុតមួយក្នុងទំនាក់ទំនងចិន-អាមេរិកអាចធ្វើអោយបរិយាកាសធុរកិច្ចកាន់តែអាក្រក់សម្រាប់ពាណិជ្ជករឆ្លងកាត់ព្រំដែន។

ទន្ទឹមនឹងនេះ អាជីវកម្មចិនក្នុងវិស័យបន្ទះឈីបកំពុងជួបការលំបាកជាបណ្ដើរៗហើយ។ ប្រទេសចិនពឹងផ្អែកយ៉ាងខ្លាំងលើក្រុមហ៊ុនបរទេសសម្រាប់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ប៉ុន្តែការហាមប្រាមរបស់សហរដ្ឋអាមេរិកលើការនាំចេញផលិតបច្ចេកវិទ្យាសម្រាប់ការផលិតបន្ទះឈីបនៅក្នុងប្រទេសចិន នៅប៉ុន្មានខែនេះ មានគោលបំណងកាត់ផ្តាច់ចិន ចេញពីបច្ចេកវិទ្យាអេឡិចត្រូនិកកម្រិតខ្ពស់។

គួរជម្រាបថា បើយោងតាមការប៉ាន់ប្រមាណរបស់អ្នកវិភាគ ប្រទេសចិនមានបច្ចេកវិទ្យាខ្សោយជាង យ៉ាងតិចក៏៣ទស្សវត្សរ៍ដែរ មុននឹងអាចតាមចាប់យកវិស័យបច្ចេកវិទ្យាកំរិតខ្ពស់នេះបាន ខណៈកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការកាត់ផ្តាច់មិនឱ្យចិនទៅមុខបាន គឺជាបន្ទុចបង្អាក់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍វិស័យមួយនេះរបស់ចិន៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះជំរុញឲ្យអតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូលោតឡើងពីរខ្ទង់ដល់កំរិតខ្ពស់បំផុតក្នុងខែតុលាឆ្នាំនេះ?

ទិន្នផលមូលបត្របំណុលរបស់រដ្ឋាភិបាលតាមប្រទេសនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើងខ្ពស់ បន្ទាប់ពីទិន្នន័យអតិផរណាក្នុងខែតុលាឆ្នាំនេះ បង្ហាញពីក…

ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូលអាស៊ាន

ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន ស្នើដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សុំថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ