លោក Robert Habeck បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រជាពលរដ្ឋថា ការបញ្ចប់ការផលិតនៃរោងចក្រថាមពលនុយក្លេអ៊ែរនេះ មិនត្រឹមតែសន្សំថាមពលឧស្ម័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគាំទ្រដល់ច្បាប់ក្នុងការចាកចេញពីថាមពលនុយក្លេអ៊ែរនៅក្នុងឆ្នាំនេះផងដែរ។
គួររំលឹកថា អតីតអធិការបតីអាឡឺម៉ងលោកស្រី Angela Merkel ធ្លាប់បានផ្តួចផ្តើមច្បាប់ដើម្បីបញ្ឈប់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅចុងឆ្នាំនេះ បន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima ឆ្នាំ ២០១១ ខណៈច្បាប់នេះមានអ្នកបោះឆ្នោតភាគច្រើនបានគាំទ្រ។ ប៉ុន្តែឥរិយាបទនៃការកាត់បន្ថយការផលិតថាមពលនុយក្លេអ៊ែរ កំពុងចាប់ផ្តើមផ្លាស់ប្តូរនៅចំពេលមានការព្រួយបារម្ភអំពីវិបត្តិថាមពលក្នុងរដូវរងារនេះ បន្ទាប់ពីការធ្លាក់ចុះនៃការចែកចាយឧស្ម័នរបស់រុស្ស៊ី។
យ៉ាងណាមិញ នៅក្នុងការជជែកដេញដោលលើវិធានការសន្សំសំចៃឧស្ម័ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី Christian Lindner នៃគណបក្សប្រជាធិបតេយ្យសេរី បានអះអាងថា វាជាការប្រសើរក្នុងការពន្យារប្រតិបត្តិការរបស់រោងចក្រនុយក្លេអ៊ែរក្នុងរយៈពេលកំណត់ណាមួយ ជាជាងការនាំយករោងចក្រធ្យូងថ្មត្រឡប់មកវិញ។
ដោយឡែក លោក Habeck សមាជិកនៃគណបក្ស Greens បាននិយាយថា វាគឺជាការសម្រេចចិត្តខុសក្នុងការបញ្ជប់រោងចក្រថាមពលនុយក្លេអ៊ែរ ព្រោះវាអាចជួយរក្សាឧស្ម័នបានតិចតួចប៉ុណ្ណោះ។
លោក Habeck បាននិយាយថា រដ្ឋភាគខាងត្បូងនៃប្រទេសអាឡឺម៉ង និង មជ្ឈមណ្ឌលផលិតកម្ម ដែលពឹងផ្អែកលើ ថាមពលឧស្ម័ន និង ថាមពលធ្យូងថ្ម គឺកំពុងតែជាបញ្ហាប្រឈមនៃបរាជ័យក្នុងការសាងសង់ការផលិតថាមពលខ្យល់។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយដែរថា ភាពតានតឹងនៃការផ្គត់ផ្គង់ថាមពលអាចនឹងកើតឡើងនៅដើមខែក្រោយ ឬនៅដើមឆ្នាំក្រោយ។
សូមបញ្ជាក់ថា ប្រទេសនៅតំបន់អឺរ៉ុបកំពុងរត់ខ្វែងដៃខ្វែងជើងមែនទែននៅមួយរយៈចុងក្រោយនេះ ដើម្បីស្វែងរកការផ្គត់ផ្គង់ថាមពលជំនួសឲ្យការនាំចូលពីរុស្ស៊ី ឲ្យបានគ្រប់គ្រាន់នៅមុនពេលរដូវរងារចូលមកដល់ ដ្បិតពួកគេជឿថា រុស្ស៊ីអាចនឹងបន្ដកាត់ផ្ដាច់ការបញ្ជូនឧស្ម័នមកកាន់តំបន់អឺរ៉ុបបន្ថែមទៀតនៅរដូរងារខាងមុខនេះ៕