
កំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយរៀងរាល់ឆ្នាំ ក្នុងរយៈពេលជិត១ទសវត្សរ៍ចុងក្រោយនេះ បូករួមនឹងកំណើនប្រជាជននៅទីក្រុងភ្នំពេញនិងចំនួនគ្រួសារដែលមានជីវភាពមធ្យមនិងលើមធ្យម ត្រូវគេមើលឃើញថា ជាកត្តារុញច្រានកំណើនតម្រូវការលំនៅដ្ឋាននៅក្នុងក្រុង។
ទន្ទឹមនឹងនេះ ទម្លាប់នៃការរស់នៅរបស់គ្រួសារអ្នកនៅភ្នំពេញ ក៏ផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់។ ដោយគ្រួសារជាច្រើនងាកទៅជ្រើសរើសរស់នៅក្នុងបុរី។ តាមការសាកសួរប្រជាជនអ្នករស់នៅក្នុងបុរី ពួកគាត់ភាគច្រើននិយាយថា ចូលចិត្តភាពស្ងប់ស្ងាត់ និងបរិស្ថានស្អាត។ ចំណែកពលរដ្ឋខ្លះទៀត ឲ្យដឹងថា ពួកគាត់ចូលចិត្តរស់នៅក្នុងបុរី ព្រោះវាមានសន្តិសុខនិងសុវត្ថិភាព ដែលធ្វើឲ្យគាត់គ្មានក្ដីបារម្ភនានា។
រាជធានីភ្នំពេញ សព្វថ្ងៃ ចំនួនប្រជាជនរស់នៅកើនឡើងយ៉ាងលឿន គឺដល់ប្រមាណ ៣លាននាក់ទៅហើយ។ ហើយកំណើននៃប្រជាជនដែលមានជីវភាពមធ្យមនិងខ្ពស់ ជំរុញកំណើនតម្រូវការលំនៅដ្ឋានបែបបុរី ខុនដូ អាផាតមិន និងផ្វះល្វែង។
ស្ថិតិថ្មីបំផុតពីក្រសួងជំនាញ បង្ហាញថា គម្រោងសំណង់លំនៅដ្ឋានបែបបុរី គិតសរុបមកទល់នឹងបច្ចុប្បន្ន មានចំនួន ១៥៣ទីតាំង នៅទូទាំងរាជធានីនិងជាយរាជធានី ដែលគិតជាផ្ទះមានរាប់ម៉ឺន រាប់សែនខ្នង។

ជុំវិញនិន្នាការរស់នៅក្នុងផ្ទះបុរីនេះដែរ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអែល មានប្រសាសន៍ថា ទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋតាមបុរីលំនៅដ្ឋានហាក់បីដូចជាមានការផ្លាស់ប្តូរ និងបត់បែនលឿនមែនទែន នៅអំឡុងពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ។
លោកឧកញ៉ាបញ្ជាក់យ៉ាងដូច្នេះថា ពីមួយឆ្នាំទៅមួយឆ្នាំ យើងឃើញមានប្រជាជនដែលមានចំណូលមធ្យមនិងខ្ពស់ បានងាកមកចាប់អារម្មរណ៍ទិញផ្ទះដើម្បីរស់នៅក្នុងបុរីលំនៅដ្ឋានជាច្រើន ដោយសារតែបុរី គឺជាសហគមន៍មួយ ដែលមានការគ្រប់គ្រងហ្មត់ចត់ពីសំណាក់ម្ចាស់គម្រោង មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ មានទីធ្លារ សួនច្បារ កន្លែងហាត់ប្រាណ ។ល។ និង ។ល៕
