រដ្ឋាភិបាលរុស្ស៊ី បានបង្កើតគោលនយោបាយការបរទេសទំនាក់ទំនងឲ្យកាន់តែល្អប្រសើរជាមួយបណ្តា ប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ប៉ុន្តែ ការរឹតចំណងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ទីក្រុងមូស្គូ និង ទីក្រុងភ្នំពេញនៅមានភាពទ្រឹងនៅឡើយ។ ក្រុមអ្នកជំនាញតាមដានសេដ្ឋកិច្ចសង្គម បានធ្វើការវាយតម្លៃត្រង់ខុសៗគ្នា ទៅលើបញ្ហាបំណុលដែលកម្ពុជាមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
រឿងបំណុល គឺជារនាំងបាំងបិទ ក្នុងការទំនាក់ទំនងរវាងប្រទេសកម្ពុជា និង រុស្ស៊ី។ បំណុល ១.៥០០លានដុល្លារ គឺ ៧០% ត្រូវបាន រុស្ស៊ីលុបចោលហើយ។ ឥឡូវនេះកម្ពុជា ត្រូវសងរុស្ស៊ី ត្រឹមតែ ៣០% ដែលមានទឹកប្រាក់ ៤៥០លានដុល្លារតែប៉ុណ្ណោះ។ តើបំណុលជំពាក់រុស្ស៊ី ភាគច្រើនកម្ពុជាយកទៅធ្វើអ្វី? ច្បាស់ណាស់ បំណុលទាំងអស់នោះ កម្ពុជាបានខ្ចីនៅក្នុងទសវត្សរ៍ទី៨០ ដើម្បីទិញគ្រឿងសព្វាវុធ ធ្វើសង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរគ្នាឯង។
យោងតាមសារព័ត៌មាន RBTH របស់ប្រទេសរុស៊្សី ដែលបានដកស្រង់សម្តីប្រភពដែលដឹងពីការបង្កើតគោលនយោបាយអាស៊ាន របស់រដ្ឋាភិបាលរុស៊្សី សុំមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងថា មិនទាន់មានសញ្ញាច្បាស់លាស់ណាមួយនៅឡើយទេ ថាតើហេតុអ្វីបានជារុស្ស៊ីមិនព្រមលុបចោលបំណុល ១៥០០លានដុល្លារដែលកម្ពុជាជំពាក់នោះ។
ប្រភពដដែលបញ្ជាក់ថា បើទោះបីជាមានបញ្ហាបែបនេះក៏ដោយ ក៏ទំនាក់ទំនងទ្វេភាគីរវាងប្រទេសរុស្ស៊ី និងកម្ពុជា បានបង្ហាញពីនិន្នាការវិជ្ជមាន កាលពីក្នុងឆ្នាំ២០១៦ ដែលបានចង្អុលបង្ហាញថា ភាគីទាំងពីរមានបំណងដោះស្រាយរឿងបំណុល ប៉ុន្តែវាមិនបានបង្ហាញពីការលុបចោលបំណុលដោយសាមញ្ញៗនោះទេ។
ក្រុមអ្នកជំនាញប្រវត្តិសាស្រ្តរុស្ស៊ីបានលើកឡើងថា រុស្ស៊ីមិនមែនជាប្រទេសតែមួយនោះទេ ដែលមិនព្រមលុបចោលបំណុលដែលកម្ពុជាជំពាក់នោះ។ សហរដ្ឋអាមេរិក ក៏បានបដិសេធលុបចោលដែលកម្ពុជាជំពាក់បំណុល ៣០០លានដុល្លារដែរ។ អ្នកជំនាញបានឯកភាពថា ការមិនលុបចោលបំណុលនេះ គឺជាឧបករណ៍សម្រាប់ផលប្រយោជន៍ពាណិជ្ជកម្មរុស្ស៊ីនៅពេលអនាគត។
ចាប់តាំងពីការបង្កើតឡើង នូវទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៥០ សហភាពសូវៀត និងកម្ពុជា បានរក្សាទំនាក់ទំនងយ៉ាងរឹងមាំក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង សុខភាព។ ទំនាក់ទំនាក់នេះ កើនឡើងដល់កម្រិតកំពូលក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលសហភាពសូវៀត បានផ្តល់ជំនួយផ្នែកយោធា និង សេដ្ឋកិច្ច ក្នុងទ្រង់ទ្រាយធំដល់ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev បានបង្ហាញពីគំនិតសុទិដ្ឋិនិយមលើការទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរនៅពេលធ្វើទស្សនកិច្ចកម្ពុជាកាលពីឆ្នាំ២០១៥។ ក្នុងដំណើរទស្សនកិច្ចនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារមួយចំនួន រួមមានកិច្ចព្រមព្រៀងចាប់ផ្តើមការហោះហើរត្រង់ រវាងទីក្រុងមូស្គូ និងទីក្រុងភ្នំពេញជាដើម។ ប៉ុន្តែ មួយឆ្នាំកន្លះ បន្ទាប់ពីទស្សកិច្ចនេះ នៅតែមិនទាន់ឃើញសញ្ញាណាមួយ ចាប់ផ្តើមនៅឡើយទេ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ គោលនយោបាយការបរទេសរបស់ប្រទេសរុស្ស៊ីទៅលើតំបន់អាស៊ាន បានលេចចេញជារូបរាង ហើយរដ្ឋាភិបាលទីក្រុងមូស្គូ បានបង្ហាញពីភាពប្រាកដប្រជា ថាខ្លួនចង់បង្កើតទំនាក់ទំនងមិត្តភាពយូរអង្វែង ឲ្យកាន់តែខ្លាំងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ នេះបើយោងតាមប្រភពដែលមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន RBTH របស់ប្រទេសរុស្ស៊ី។
អ្នកជំនាញប្រវត្តិសាស្ត្ររុស្ស៊ីបានពន្យល់ថា កម្ពុជានៅឆ្ងាយពីការគ្រប់គ្រងដ៏សំខាន់របស់ប្រទេសរុស្ស៊ី។ បើក្រឡេកមើលគោលនយោបាយការបរទេសរបស់រុស្ស៊ីដែលទើបតែធ្វើបច្ចុប្បន្នភាពកាលពីចុងឆ្នាំមុន រុស្ស៊ីនឹងបន្តធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយតំបន់អាស៊ាន និងផ្តល់ផលប្រយោជន៍ជូនប្រទេសមួយចំនួនដូចជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង សិង្ហបុរី នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប៉ុន្តែ ប្រទេសកម្ពុជាយើងមិនត្រូវបានលើកឡើង នៅក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ីនោះទេ៕