ធនាគារកណ្តាលចិន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានតាមប្រព័ន្ធអនឡាញមួយថា ហានិភ័យបំណុលរបស់ Evergrande ត្រូវបានបង្កឡើងជាចម្បងដោយការគ្រប់គ្រងមិនល្អ និងការពង្រីកគម្រោងច្រើនហួសហេតុ។ សេចក្តីប្រកាសដដែលបន្តថា បញ្ហារយៈពេលខ្លីរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ នឹងមិនប៉ះពាល់ដល់ការផ្តល់ហិរញ្ញប្បទានរយៈពេលមធ្យម ឬរយៈពេលវែងនៅក្នុងទីផ្សារក្នុងស្រុកចិន ទាំងមូលនោះទេ។
សេចក្តីថ្លែងការណ៍ក៏បានគូសបញ្ជាក់ផងដែរថា ឆ្លើយតបតាមការទាមទាររបស់ Evergrande រដ្ឋបាលខេត្តក្វាងទុង បានយល់ព្រមបញ្ជូនក្រុមអ្នកជំនាញមួយក្រុម ទៅឲ្យក្រុមហ៊ុនដើម្បីជួយដោះស្រាយហានិភ័យ និងរក្សាស្ថិរភាពប្រតិបត្តិការ។
ធនាគារកណ្តាលចិន ថែមទាំងបានបង្ហាញការគាំទ្រដ៏កម្រមួយដល់ Evergrande ដោយបានអះអាងថា រដ្ឋាភិបាលចិន ក៏ដូចជារដ្ឋបាលនៅតាមតំបន់ដែល Evergrande កំពុងសាងសង់គម្រោង នឹងបន្តធ្វើការយ៉ាងជិតស្និទ ដើម្បីដោះស្រាយហានិភ័យ និងបន្តការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព នៃវិស័យអចលនទ្រព្យក្នុងប្រទេសចិន។
គួរជម្រាបថា បញ្ហាបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដ៏ធំលំដាប់ទី២ Evergrande បានធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុក្នុង និងក្រៅប្រទេស ម្តងជាពីរដងរួចទៅហើយ ស្របពេលដែលវិស័យអចលនទ្រព្យ និងការទិញលក់ផ្ទះសម្បែងក្នុងប្រទេស ក៏បានដាំក្បាលចុះខ្លាំងផងដែរ នៅត្រីមាសទី៣ឆ្នាំនេះ។
យ៉ាងណាមិញ ធនាគារកណ្តាលចិន នៅតែបន្តអះអាងថា ការលក់លំនៅឋាន ការទិញដី និងការផ្តល់ហិរញ្ញប្បទាននៅក្នុងប្រទេសចិន បានវិលមករកភាពប្រក្រតីរួចហើយ។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនមួយចំនួនចាប់ផ្តើមទិញមូលបត្របំណុលក្រៅប្រទេសរបស់ពួកគេមកវិញ ហើយអ្នកវិនិយោគក៏ចាប់ផ្តើមទិញមូលបត្របំណុល ដែលចេញលក់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនឡើងវិញផងដែរ៕