នាយករដ្ឋមន្ត្រីថ្មីនឹងជួបជាមួយកម្មករកម្មការិនី?

សម្តេចតេជោ ហ៊ុន សែន ថា នាយករដ្ឋមន្ត្រីថ្មីអាចនឹងជួបកម្មករកម្មការិនីជំនួសនាយករដ្ឋមន្ត្រីចាស់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាំផ្ទះបានសម្រេចលើកពេលជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ដែលសម្តេចបានសន្យាថានឹងជួបនៅក្រោយថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលទើបបញ្ចប់ដោយរលូនកាលពីពេលថ្មីៗ ក្រោមហេតុផលកត្តាពេលវេលា និងជាប់រវល់បង្កើតរាជរដ្ឋាភិបាលថ្មី។ សម្តេចចង់ឲ្យការជួបសំណេះសំណាល់ជាមួយកម្មករកម្មការិនីធ្វើឡើងក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ហើយការជួបនៅលើកក្រោយនេះទំនងជាអាចជួបជាមួយនាយករដ្ឋមន្ត្រីថ្មីក៏អាចថាបាន។
សម្តេចតេជោ ហ៊ុន សែន ថា នាយករដ្ឋមន្ត្រីថ្មីអាចនឹងជួបកម្មករកម្មការិនីជំនួសនាយករដ្ឋមន្ត្រីចាស់

តែយ៉ាងណាសម្តេចតេជោមិនបានបង្ហើបប្រាប់ទេថា នាយករដ្ឋមន្ត្រីថ្មីនោះជានរណានោះទេ។ ជាមួយគ្នានេះនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះក៏បានសុំការអធ្យាស្រ័យពីកម្មករកម្មការិនីចំពោះការខនខានជួបសំណេះសំណាលដូចអ្វីដែលបានសន្យាផងដែរ។

តាមរយៈសារជាសំឡេងជិត៤នាទីនៅព្រឹកថ្ងៃទី២៦ កក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាំផ្ទះបានគូសបញ្ជាក់ថា នាយករដ្ឋមន្ត្រីថ្មីអាចនឹងជំនួសនាយករដ្ឋមន្ត្រីចាស់ ជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រក្រោយរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវបានបង្កើតឡើង។ យ៉ាងណានៅក្នុងសារជាសំឡេងនោះ សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះនាយករដ្ឋមន្ត្រីថ្មី ដែលត្រូវជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជំនួសសម្តេចថាជានរណានោះទេ។ ប៉ុន្តែនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ phoenix មួយកាលពីពេលថ្មីៗ សម្តេចតេជោ បានអះអាងថា បេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧មានតែសម្តេច និងឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រុសច្បងរបស់សម្តេចតែពីរនាក់ប៉ុណ្ណោះ។ នៅក្នុងបទសម្ភាសនោះដែរសម្តេចបានបង្ហើបថា នៅក្រោយការបោះឆ្នោត៣ទៅ៤សប្តាហ៍ឯកឧត្តម ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្ត្រីក៏អាចថាបាន។

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖«យើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មីទៅសួរសុខទុក្ខកម្មករកម្មការិនីរបស់យើង ជំនួសនាយករដ្ឋមន្ត្រីចាស់ ដែលនេះជាលទ្ធភាពនៃការកើតឡើងនៃរាជរដ្ឋាភិបាលថ្មី ដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី ហើយខ្ញុំក៏មិនទៅណានោះដែរ ខ្ញុំនឹងបកស្រាយរឿងនេះនៅថ្ងៃទី៣ ខែសីហា ក្នុងថ្ងៃសម្ពោធផ្លូវក្រវាត់ក្រុងទី៣»។

នៅក្នុងសារជាសំឡេងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការអធ្យាស្រ័យពីកម្មករកម្មការិនីចំពោះការខកខានក្នុងការជួបសំណេះសំណាលជាមួយកម្មករកម្មាការិនីរោងចក្រទាំង១០គោលដៅទាំងនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត ដូចអ្វីដែលសម្តេចបានសន្យាកាលពីពេលកន្លងទៅ។ សម្តេចអះអាងថា ការលើកពេលជួបសំណេះសំណាលនេះ គឺធ្វើឡើងក្រោមហេតុផលកត្តាពេលវេលា ស្របពេលកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលបង្កើតរាជរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧ ដែលទើបបញ្ចប់ការបោះឆ្នោតយ៉ាងរលូនកាលពីពេលថ្មីៗ។ ម្យ៉ាងទៀតសម្តេចតេជោ ចង់ឲ្យការជួបសំណេះសំណាលជាមួយកម្មករនិយោជិតនេះធ្វើឡើងក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីៗ។

តាមរយៈលទ្ធផលបឋមដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ជាមួយការទទួលបានសំឡេងគាំទ្រជាង៦លាន៣៩ម៉ឺននាក់ ឬស្នើនឹងជាង៨២%នៃសន្លឹកឆ្នោតបានការទាំងអស់។ ដោយឡែកគណបក្សហ៊្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រជិត៧២ម៉ឺននាក់ ឬស្មើនឹង១០%នៃសំឡេងឆ្នោតបានការសរុប។ តាមលទ្ធផលបណ្តោះអាសន្នអ្នកទៅចូលរួមបោះឆ្នោតនៅអាណត្តិទី៧មានចំនួនជាង៨លាន២សែននាក់ ស្មើនឹងជាង៨៤% នៃចំនួនអ្នកដែលគ្រប់អាយុបោះឆ្នោតនៅឆ្នាំនេះ៕




អត្ថបទបន្ទាប់


ថែមជូនសាំង ៥០ លីត្រភ្លាមៗជាមួយសេវាបង់រំលស់រថយន្តជាមួយ អេ អឹម ខេ

ការផ្ដល់ជូនពិសេសជាមួយសេវារំលស់រថយន្តរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អតិថិជននឹងទទួលបានការថែមជូនសាំង ៥០លីត្រភ្លាមៗ!! លើសពីនេ…

អគ្គនាយក នៃ បុរី មេគង្គ លែន បរិច្ចាគថវិកា ជូនដល់អង្គការហូប កម្ពុជា ក្នុងការពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ ជូនដល់មជ្ឈមណ្ឌលកុមារកំព្រាក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា

បុរី មេគង្គ លែន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានចូលរួមឧបត្ថម្ភថវិកាតាមរយៈអង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ