តាមការរាយការណ៍ពីសារព័ត៌មានជប៉ុន Kyodoលើកឡើងថា មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានបង្ហើបឲ្យដឹងថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោកចូ បៃឌិន ប្រធានាធិបតីអាមេរិកនឹងចេញមុខថ្លែងសុន្ទរកថា ដើម្បីបញ្ជាក់ពីគោលជំហជាក់លាក់ដាច់ណាត់មួយរបស់អាមេរិកទាក់ទងនឹងរឿងជម្លោះជាមួយចិននេះ។ មន្ត្រីជាន់ខ្ពស់អាមេរិកដដែលនេះ បានបង្ហើបឲ្យដឹងទៀតថា គោលជំហដែល លោកចូ បៃឌិន នឹងឡើងអះអាងនោះ គឺថា សហរដ្ឋអាមេរិកនឹងបើកផ្លូវទៅរកកាទូត បែបលក្ខណៈពឹងផ្អែកខ្លាំងទៅលើសម្ព័ន្ធមិត្ត និង ដៃគូ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាប្រទេសចិនជាដើម។ ប៉ុន្ដែ នេះមិនមែន សបញ្ជាក់ថា អាមេរិកចង់ឃើញពីការកើតឡើងវិញនៃសង្គ្រាមត្រជាក់ថ្មីមួយនោះទេ។
ក្នុងនាមជាប្រមុខដឹកនាំសហរដ្ឋអាមេរិក ក្រោយពីចូលកាន់តំណែងកាលពីដើមឆ្នាំនេះ វាគឺជាលើកដំបូងហើយ ដែលលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក នឹងចូលរួមនៅក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារសប្ដាហ៍នេះតែម្តង។ វត្តមានលើកដំបូងរបស់លោកចូ បៃឌិន នៅចំពោះមុខមហាសន្និបាត ត្រូវបានគេសង្ឃឹមថា លោកនឹងគូសបញ្ជាក់ពីការផ្លាស់ប្តូរគោលនយោបាយ «អាមេរិកកាំងជាអាទិភាពមុនគេ» ឬត្រូវបានគេស្គាល់ថា «American First» ជាគោលនយោបាយរបស់អតីតប្រធានាធិបតីលោកដូណាល់ ត្រាំ ដែលបានធ្វើឲ្យអន្តរាយដល់សម្ព័ន្ធភាពពហុភាគីនិយមអស់ជាច្រើន។
យ៉ាងណាមិញ សុន្ទរកថា ជាមួយនឹងវត្តមានរបស់លោកចូ បៃឌិន ត្រូវបានមន្ត្រីជាន់ខ្ពស់អាមេរិកអះអាងថា នឹងផ្តោតសំខាន់លើការបិទបញ្ចប់ការធ្វើសង្រ្គាមនៅក្រៅប្រទេស ជាក់ស្តែង ដូចជាសង្គ្រាមនៅអាហ្វហ្កានីស្ថាន និង ងាកមករកការទូតបែបពឹងផ្អែកលើសម្ព័ន្ធមិត្តទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ ក្នុងពេលបច្ចុប្បន្ន។
បញ្ហាប្រឈមដែលគេសំដៅទៅដល់ទាំងនោះ រួមមាន បញ្ហាកូវីដ១៩ បម្រែបម្រួលអាកាសធាតុ ការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយប្រទេសមហាអំណាច។ យ៉ាងណាមិញ ភាគីអាមេរិកបានបញ្ជាក់ហើយថា ការប្រកួតប្រជែងរវាងប្រទេសមហានានា និងមិនឈានទៅរកសង្រ្គាមត្រជាក់ថ្មីអ្វីនោះឡើយ។
សូមជម្រាបថា ស្របពេលដែលមេដឹកនាំបណ្តាប្រទេសធំៗនឹងមកជួបប្រជុំគ្នានៅក្រុងញូវយ៉ក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំនេះ សហរដ្ឋអាមេរិក និង ប្រទេសសម្ព័ន្ធមិត្តក៏នឹងឆ្លៀតពិភាក្សាគ្នាជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែង នៅថ្ងៃសុក្រសប្តាហ៍នេះដែរ នឹងមាន កិច្ចប្រជុំជាមួយនឹងសម្ព័ន្ធមិត្តចតុភាគីហៅកាត់ថា ខ្វត (Quad) ដែលមានសមាជិកដូចជា អាមេរិក ជប៉ុន ឥណ្ឌា និង អូស្ត្រាលី។ ខណៈថ្នាក់ដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ក៏ត្រូវស្កាត់មកជួបនិយាយគ្នាជាមួយអាមេរិកជុំវិញភាពតានតឹងនៅឧបទ្វីបកូរ៉េផងដែរ។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ជាសប្តាហ៍នៃមហាសន្និបាតអង្គការសហប្រជាជាតិដែលនឹងចាប់ផ្តើមបើកធ្វើឡើងជាផ្លូវការនៅថ្ងៃអង្គារ ទី២១កញ្ញា នេះ។ ខុសពីមហាសន្និបាតក្នុងឆ្នាំ ២០២០ ដែលបានរៀបចំតាមប្រព័ន្ធអនឡាញដោយសារវិបត្តិកូវីដ១៩ មហាសន្និបាតនៅឆ្នាំ២០២១ នេះ ត្រូវបានរៀបចំផ្ទាល់នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ យុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ១៩ និងការប្រែប្រួលអាកាសធាតុនឹងក្លាយជាប្រធានបទអាទិភាពសម្រាប់មហាសន្និបាតទាំងមូលក្នុងឆ្នាំនេះ៕