លោកស្រី ជីតា ហ្គោភីណាត ប្រធានសេដ្ឋកិច្ចវិទូ នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសក្នុងសន្និសីទកាសែតមួយនៅក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស បានឲ្យដឹងថា អង្គការ IMF បានធ្វើការវាយតម្លៃកំណើនសេដ្ឋកិច្ចសកលលោក ទាបជាងមុន ដោយសារតែកំណើនក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿន គឺបន្តធ្លាក់ចុះប្រមាណ ២ភាគរយ ក្នុងឆ្នាំ២០១៩ និង ១,៧ភាគរយ ក្នុងឆ្នាំ២០២០។
លើសពីនេះទៅទៀត កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក៏បន្តធ្លាក់ចុះដែរ នៅក្នុងឆ្នាំ២០១៩នេះ មុននឹងអាចងើបឡើងវិញ ក្នុងឆ្នាំ២០២០ខាងមុខ។
ក្រឡេកទៅមើលកំណើនសេដ្ឋកិច្ចប្រទេសមហាយក្សពីររបស់ពិភពលោកវិញម្តង អាមេរិក និង ចិន គឺថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅរក្សាកំណើនដដែលរង្វង់ ២,៥ភាគរយ ខណៈដែល សេដ្ឋកិច្ចប្រទេសចិន នឹងមានកំណើន ៦,២ភាគរយ ក្នុងឆ្នាំ២០១៩នេះ។
ជាការឆ្លើយតបទៅនឹងការធ្លាក់ចុះនេះ អង្គការ IMF ក៏លើកឡើងពីដំណោះស្រាយអាទិភាពជាច្រើន ដូចជា ការលើកកម្ពស់កំណើនសេដ្ឋកិច្ចរយៈពេលមធ្យម តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី ការបង្កើនផលិតភាព និងប្រសិទ្ធភាពនៃគោលនយោបាយក្នុងស្រុក ការធ្វើពិពិធកម្មហេដ្ឋារចនាសម្ព័ន្ធនៃវិស័យឧស្សាហកម្ម និងទាក់ទាញឲ្យកម្លាំងពលកម្ម ចូលរួមបន្ថែម៕