សេដ្ឋកិច្ចពិភពលោក

ធនាគារកណ្តាលអាម៉េរិកត្រូវបានព្យាករថា នឹងបញ្ចុះអត្រាការប្រាក់ ០,៧៥%មកវិញ នៅឆ្នាំ២០២៤


កិច្ចប្រជុំទីបីនៃក្រុមប្រឹក្សាធនាគារកណ្តាលអាម៉េរិក នៅថ្ងៃទី១៣ ខែធ្នូ បានសម្រេចជាឯកច្ឆ័ន្ទនៅក្នុងការរក្សាអត្រាការប្រាក់ដដែលដោយមិនផ្លាស់ប្តូនៅចុងឆ្នាំនេះ ប៉ុន្តែបានបង្ហាញពីទំនោរនៅក្នុងការឈានទៅរកការបញ្ចុះអត្រាការប្រាក់ ០,៧៥%វិញ នៅឆ្នាំ២០២៤។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងសម្លេងគាំទ្រចំនួន ១៧នាក់ នៅក្នុងចំណោមអ្នករៀបចំគោលនយោបាយហិរញ្ញវត្ថុ ដែលបានប្រជុំចំនួន ១៩នាក់ ។
សេដ្ឋកិច្ចពិភពលោក
ដោយ

សារព័ត៌មានធំៗបានរាយការណ៍ អ្នកធ្វើការសម្រេចចិត្តនៅធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានសម្រេចជាឯកច្ឆ័ន្ទថា នឹងបន្តអត្រាការប្រាក់ដដែលនៅក្នុងខែធ្នូនេះ ប៉ុន្តែបានបង្ហាញសញ្ញាកាន់តែសុទិដ្ឋិនិយមថា នឹងទម្លាក់អត្រាការប្រាក់មកវិញនៅក្នុងឆ្នាំ២០២៤ខាងមុខ ។

នៅក្នុងចំណោមសមាជិក ដែលត្រូវធ្វើការសម្រេចចិត្តលើបញ្ហានេះ គឺភាគច្រើននៅតែបន្តរក្សាអត្រាការប្រាក់ឲ្យនៅស្ថិតនៅក្នុងចន្លោះពី ៥,២៥ ទៅ ៥,៥ ភាគរយ ដដែល ទោះជាអត្រានេះ គឺជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០១ មកក៏ដោយចុះ ប៉ុន្តែ អ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចទាំងនោះ បានគូសបញ្ជាក់ដោយភាពជឿជាក់ថា អាម៉េរិកនឹងមិនធ្វើការដំឡើងអត្រាការប្រាក់បន្ថែមទៀតឡើយ។

សេចក្តីរាយការណ៍ដដែលបាន ព្យាករថា តាមការរំពឹងទុកនៅចុងឆ្នាំ២០២៤ខាងមុខអត្រាការប្រាក់អាចនឹងទម្លាក់នៅសល់ត្រឹមប្រមាណជា ៤,៦ភាគរយប៉ុណ្ណោះ ។

លោក ជេរ៉ូម ផូវែល (Jerome Powell) ប្រធានធនាគារកណ្តាលអាម៉េរិក បានថ្លែងថា ការរឹតបន្តឹងជាប្រវត្តិសាស្ត្រនៃគោលនយោបាយរូបិយវត្ថុទំនងជានឹងបញ្ចប់ដោយសារតែអតិផរណាធ្លាក់ចុះលឿនជាងការរំពឹងទុក។

លោកបានមានប្រសាសន៍ថា នេះគឺជាលទ្ធផលដែលបានចេញមកពីការដាក់ចេញគោលនយោបាយមួយ ដែលមានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីកាន់បន្ថយអតិផរណា។ លោកបានបន្តថា ស្ថានភាពនៃហានិភ័យសេដ្ឋកិច្ចបានកំពុងតែថយចុះដល់កម្រិតសមតុល្យនៃការគ្រប់គ្រងបាន ហើយធនាគារកណ្ដាលអាម៉េរិក ក៏កំពុងតែខិតខំរុញច្រានអត្រាអតិផរណាឲ្យថយចុះមកនៅត្រឹមប្រមាណ ២ភាគរយ។

លោកបានអះអាងថា នៅពេលនេះយើងកំពុងតែឃើញស្ថានភាពវិជ្ជមានសឹងតែគ្រប់យ៉ាង ពោលគឺតាំងពីទីផ្សារការងារ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ។

លោក ឌៀន ស្វុន (Diane Swonk) អ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុន KPMG US បានអះអាងថា ប្រសិនបើទិន្នន័យសេដ្ឋកិច្ចនៅតែបន្តវិវឌ្ឍដូចដែលវាកំពុងតែមាន ហើយស្ថានភាពនៃអតិផរណាថយចុះ វាពិតជាស្ថានភាពដ៏ប្រសើរ ដែលបញ្ជាក់ពីសុខភាពនៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


រថយន្ត Tesla មានបញ្ហាប្រព័ន្ធការពារសុវត្ថិត្រូវបានក្រុមហ៊ុននៅអាម៉េរិកប្រមូលមកវិញ

ក្រុមហ៊ុនរថយន្ត Tesla របស់មហាសេដ្ឋីអាម៉េរិក អេឡុន ម៉ាស កំពុងប្រមូលយកមកវិញនូវរថយន្តចំនួនជាង២លានគ្រឿងនៅក្នុងសហរដ្ឋអាម៉េរិក ដើម្បីដំឡើងប្…

សភាតំណាងរាស្ត្រអាម៉េរិកឱ្យស៊ើបអង្កេតបទចោទប្រកាន់លោកចូ បៃដិន ទោះមិនមានភស្តុតាងគ្រប់គ្រាន់

សភាតំណាងរាស្រ្តរបស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ បានបោះឆ្នោតអនុញ្ញាតជាផ្លូវការឱ្យមានការស៊ើបអង្កេតលើបទចោទប្រកាន់ទៅលើលោក ចូ បៃដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ