គេនៅចាំបានថា នាពេលថ្មីៗនេះ សម្ព័ន្ធមិត្តប្រទេសសេដ្ឋកិច្ចយក្សៗចំនួន៤ គឺ គឺអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា បានប្រកាសពីផែនការចំណាយទុនវិនិយោគរាប់ពាក់លានដុល្លារ ដើម្បីជួយឲ្យឥណ្ឌាផលិតវ៉ាក់សាំងសម្រាប់ផ្គត់ផ្គង់ប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី ដើម្បីប្រជែងទប់ទល់នឹងឥទ្ធិពលរបស់ចិន ដែលតែងតែចែកចាយវ៉ាក់សាំង រួមទាំងការផ្ដល់ជំនួយ និងលក់ទៅឲ្យបណ្ដាប្រទេសនៅក្នុងតំបន់នេះ។ ក៏ប៉ុន្ដែ នៅក្រោយពីដែលឥណ្ឌា កំពុងលិចលង់ខ្លួនចូលកាន់តតែជ្រៅក្នុងវិបត្តិមេរោគរាតត្បាតកូវីដ-១៩ ផែនការផលិតវ៉ាក់សាំងសម្រាប់តំបន់អាស៊ីនេះ ហាក់កំពុងត្រូវបានរសាត់ឆ្ងាយទៅៗ ហើយពិភពលោកក៏ចាប់ផ្ដើមសម្លឹងឃើញចិនកាន់តែជិតជាងមុន។
យ៉ាងណាមិញ នៅមួយរយៈចុងក្រោយនេះ ដោយហេតុថា តម្រូវការនៃការប្រើប្រាស់វ៉ាក់សាំងមានការកើនឡើង បូករួមប្រទេសឥណ្ឌាបានផ្អាកការនាំចេញវ៉ាក់សាំងរបស់ខ្លួន មានប្រទេសជាច្រើនបានផ្តើម ធ្វើការស្នើសុំនិងបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិនមកប្រើប្រាស់។
ជាក់ស្ដែង ថ្មីៗនេះ សហភាពអឺរ៉ុប ក៏បាននិងកំពុងត្រួតពិនិត្យលើគុណភាព និងប្រសិទ្ធភាពវ៉ាក់សាំងរបស់ចិន ដើម្បីអាចយកមកប្រើប្រាស់នៅក្នុងតំបន់អឺរ៉ុបផងដែរ។
អ្នកជំនាញជឿថា តម្រូវការនឹងរឹតតែកើនឡើងថែមទៀត នៅក្រោយពីវ៉ាក់សាំងមួយប្រភេទ របស់ចិនឈ្មោះថា ស៊ីណូហ្វាម ទើបតែត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ និងបានដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់ក្នុងក្របខណ្ឌបន្ទាន់ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។
វ៉ាក់សាំងចិនស៊ីណូហ្វាម ជាវ៉ាក់សាំងទី៥ហើយ ដែលត្រូវបានអង្គការសុខភាពពិភពលោកអនុម័តឲ្យប្រើប្រាស់ បន្ទាប់ពីបានសិក្សាយ៉ាងលម្អិតរួចមក អំពីសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាពរួចមក ហើយវាក៏ជាវ៉ាក់សាំងចិនទី១ ដំបូងគេ ដែលអង្គការសុខភាពិភពលោកទទួលស្គាល់។
មែនទែនទៅ មិនយូរមិនឆាប់វ៉ាក់សាំងចិនមួយប្រភេទទៀត ឈ្មោះថា ស៊ីណូហ្វាក់ ក៏អាចនឹងត្រូវអង្គការសុខភាពិភពលោកទទួលស្គាល់ដូចគ្នាក្នុងពេលខាងមុខដ៏ខ្លីនេះ ដោយហេតុថាវ៉ាក់សាំងទាំងពីរត្រូវបានអ្នកជំនាញត្រួតពិនិត្យក្នុងពេលជាមួយគ្នា ហើយបានបង្ហាញលទ្ធផលដូចគ្នាថា វ៉ាក់សាំងទាំងពីរមានប្រសិទ្ធភាព អាចបង្ការកូវីដ១៩បាន។
ចាប់តាំងពីមុនទទួលបានភ្លើងបៃតងពីអង្គការសុខភាពពិភពលោក វ៉ាក់សាំងស៊ីណូហ្វាមត្រូវបានប្រទេសនិងតំបន់ចំនួន៤២រួចហើយអនុម័តឲ្យប្រើប្រាស់ ដូចជាប្រទេសចិន អេហ្ស៊ីប អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ាគីស្ថាន ប៉េរូ ហុងគ្រី តួគី អេមីរ៉ាត់អារ៉ាប់រួម និងកម្ពុជាជាដើម។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានទទួល វ៉ាក់សាំង Sinopharm សរុបចំនួន ១,៣លានដូស ជាជំនួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។
មិនយូរមិនឆាប់គេនឹងបានឃើញវ៉ាក់សាំងស៊ីណូហ្វាមរបស់ប្រទេសចិន ត្រូវបានចែកចាយនៅទូទាំងពិភពលោក តាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក ដែលវានឹងរុញច្រានឲ្យតម្រូវការនៃវ៉ាក់សាំងមានការកើនឡើងថែមទៀត។ ហេតុនេះហើយក្រុងហ៊ុនរដ្ឋចិនស៊ីណូហ្វាមទំនងជាត្រូវបង្កើនការផលិតរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការនៅថ្ងៃខាងមុខ។
មែនទែនទៅ ចិនបានត្រៀមខ្លួនជាមុនរួចហើយ ក្នុងជំហរជាប្រទេសនាំមុខក្នុងការផលិតចែកចាយវ៉ាក់សាំង តាំងពីមុនពេលឥណ្ឌាជួបគ្រោះមហន្ដរាយកូវីដ-១៩មកម្ល៉េះ។ ជាក់ស្ដែង សារព័ត៌មាន South China Morning Post ថ្មីៗនេះបានផ្សាយថា ប្រទេសចិន កំពុងសម្រួចមហិច្ឆិតានៅក្នុងឧស្សាហកម្មផលិតឱសថរបស់ខ្លួន ដើម្បីឈានទៅក្លាយខ្លួនជាក្បាលម៉ាស៊ីនដ៏ធំក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងពិភពលោក ខណៈដែលការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបន្ដរីករាលខ្លាំងនៅឡើយ។ ក្នុងនោះ ចិនមានគោលដៅ នឹងផលិតវ៉ាក់សាំងកូវីដ-១៩ ឲ្យបានដល់ ៥ពាន់លានដូស នៅត្រឹមចុងឆ្នាំក្រោយនេះ។ ជាមួយគ្នានេះ ការផ្ដល់ជូនវ៉ាក់សាំងទៅកាន់ប្រទេសក្រីក្រ ក៏ត្រូវបានគេមើលឃើញថា វានឹងអាចជួយពង្រីកឥទ្ធិពលក្រុងប៉េកាំងកាន់តែខ្លាំងឡើង។
កាលពីខែ មីនា មានវ៉ាក់សាំងកូវីដ-១៩ ជាង ១០០លានដូសត្រូវបានចិននាំចេញ ដែលមានប្រហែលគ្នាទៅនឹងវ៉ាក់សាំងនាំចេញរួមគ្នា ដោយឥណ្ឌា និងសហភាពអឺរ៉ុប។
ប្រធានសមាគមវ៉ាក់សាំងចិន បាននិយាយថា ចិនមានគោលដៅ ផលិតវ៉ាក់សាំងកូវីដ-១៩ ឲ្យបានដល់ ៥ពាន់លានដូសនៅត្រឹមចុងឆ្នាំ២០២២ ខណៈដែលបច្ចុប្បន្ន ប្រទេសចិនកំពុងសាងសង់អគារខ្សែចង្វាក់ផលិតកម្មវ៉ាក់សាំងខ្នាតធំចំនួន ១៨អគារ។ កំណើនផលិតកម្មនៅក្នុងប្រទេសចិន មានន័យថាចិននឹងមានឱកាសកាន់តែប្រសើរ នៅក្នុងការបង្កើនឥទ្ធិពលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ ហើយស្របពេលដែលវ៉ាក់សាំងរបស់ខ្លួនទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ពីអង្គការសុខភាពពិភពលោកទៀតនោះ វាបង្ហាញឲ្យឃើញថា មហ្ឆិតាចិនក្នុងការក្លាយជាក្បាលម៉ាស៊ីនផលិត និងផ្គត់ផ្គង់វ៉ាក់សាំង កំពុងឆ្ពោះទៅមុខកាន់តែលឿនជាងមុនហើយ៕